អ្នកស្រី ទេព វន្នី ទទួល​ពាន​រង្វាន់​មេ​ដឹកនាំ​ពិភពលោក

ពី​ស្ត្រី​មេ​ផ្ទះ​មក​ជា​សកម្មជន​តវ៉ា​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​កម្ពុជា រហូត​ដល់​បាន​ទទួល​ពាន​រង្វាន់​ស្ត្រី​ជា​មេ​ដឹកនាំ​ពិភពលោក នៅ​ចំពោះ​មុខ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​អាមេរិក និង​បណ្ដា​ភ្ញៀវ​កិត្តិយស​សំខាន់ៗ​រាប់​ពាន់​នាក់​ទៀត។
ដោយ តាំង សារ៉ាដា
2013.04.03
ទេព វន្នី ៣០៥ អ្នកស្រី ទេព វន្នី (ពី​ស្ដាំ​ទី​ពីរ) ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​មេ​ដឹកនាំ​ពិភពលោក របស់​អង្គការ​វ៉ាយថល វ៉យស៍ (Vital Voices) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Taing Sarada

សំឡេង​ហ៊ោ​កញ្ជ្រៀវ​ទះ​ដៃ​របស់​អ្នក​ចូលរួម​ជាង ២​ពាន់​នាក់ អបអរ​សាទរ​ដល់​ភាព​អង់អាច​ក្លាហាន​របស់​អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បញ្ចប់​ទៅ​នៅ​មុន​ការ​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​មេ​ដឹកនាំ​ពិភពលោក របស់​អង្គការ​វ៉ាយថល វ៉យស៍ (Vital Voices) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington)។

អ្នកស្រី ទេព វន្នី បាន​សម្ដែង​ក្តី​រំភើប​ចំពោះ​មុខ​មហាជន រួម​ទាំង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បាយឌិន (Joe Biden) និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ថា អ្នកស្រី​នឹង​នៅ​តែ​បន្ត​ភាព​អង់អាច​ក្លាហាន​របស់​ខ្លួន​ត​ទៅ​ទៀត ដោយ​ឥត​រុញរា​ក្នុង​ការ​តស៊ូ​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ដល់​សហគមន៍​របស់​អ្នកស្រី និង​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា តំណាង​អ្នក​ភូមិ​បឹងកក់ ម្នាក់​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ។

អ្នកស្រី ទេព វន្នី ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ខេនណឺឌី សិនធឺ (Kennedy Center) ថា ពាន​រង្វាន់​ដែល​អ្នកស្រី​ទទួល​បាន គឺ​ដើម្បី​ពលរដ្ឋ​សហគមន៍​តំបន់​បឹងកក់ និង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ជាច្រើន​ទៀត៖ «វា​ជា​ពាន​សម្រាប់​ខ្ញុំ ក៏​ដូច​ជា​សម្រាប់​ពលរដ្ឋ​តំបន់​បឹងកក់ ក៏​ដូច​ពលរដ្ឋ​ស្ត្រី​ដទៃ​ទៀត ដែល​កំពុង​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ហ្នឹង គឺ​មាន​សារសំខាន់​សម្រាប់​ពួក​គេ​ណាស់។ សំឡេង​របស់​ពួក​គាត់ មាន​ការ​ទទួល​ស្គាល់ ហើយ​ពិភពលោក​បាន​ឮ និង​បាន​គាំទ្រ ហើយ​គេ​មិន​ឲ្យ​យើង​នៅ​ឯកោ​ទេ។ ពេល​ទៅ​វិញ តស៊ូ​មតិ​ទៀត តវ៉ា​ទៀត ខ្ញុំ​សង្ឃឹម​ថា​ពេល​ខាង​មុខ​នឹង​មាន​លទ្ធផល​ល្អ​សម្រាប់​អ្នកស្រី យ៉ោម បុប្ផា»

នៅ​ក្នុង​ឱកាស​នៃ​ការ​ទទួល​ពាន​រង្វាន់​នេះ អ្នកស្រី ទេព វន្នី បាន​ជួប​សន្ទនា​ជាមួយ​អ្នកស្រី ហ៊ីលឡារី គ្លីនតុន និង​លោក ចូ បាយឌិន អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ព្រម​ទាំង​បាន​ថត​ឈរ​កៀក​ស្និទ្ធស្នាល​ជាមួយ​អ្នក​ទាំង​ពីរ​ផង​ដែរ។

អង្គការ​វ៉ាយថល វ៉យស៍ កាល​ពី​យប់​ថ្ងៃ​អង្គារ បាន​ប្រគល់​ពាន​រង្វាន់​មេដាយ​ភាព​ជា​អ្នក​ដឹកនាំ​ពិភពលោក​ដល់​ស្ត្រី​មក​ពី​ប្រទេស​កម្ពុជា ប៉ាគីស្ថាន (Pakistan) សូម៉ាលី (Somalia) ប៉ាឡេស្ទីន (Palestine) ប្រេស៊ីល និង​ដល់​បងប្អូន​ប្រុសៗ​ចំនួន​បី​នាក់​ពី​ប្រទេស​ឥណ្ឌា ដែល​តស៊ូ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ និង​ការ​ជួញ​ដូរ​មនុស្ស។

អ្នក​ចូលរួម​ទស្សនា និង​អបអរ​ក្នុង​ពិធី​ប្រគល់​ពាន​នេះ លោក ដេវីដ ព្រេត (David Pred) ថ្លែង​ថា ពាន​រង្វាន់​ដែល​អ្នកស្រី ទេព វន្នី ទទួល​បាន​ជា​កិត្តិយស​មួយ​ដ៏​ធំធេង​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​សកម្មជន​ដីធ្លី​នៅ​កម្ពុជា ដើម្បី​សេរីភាព និង​ការ​ទាមទារ​សិទ្ធិ​លំនៅឋាន​របស់​ពួក​គេ៖ «នេះ​ជា​មហា​កិត្តិយស​ណាស់​សម្រាប់​អ្នកស្រី ទេព វន្នី និង​សម្រាប់​សហគមន៍​របស់​អ្នកស្រី​ទាំងមូល ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ខ្ញុំ​គិត​ថា ពាន​នេះ​នឹង​អាច​នាំ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ទាំងអស់​មាន​កម្លាំង​ចិត្ត​ត​ទៅ​ទៀត ដើម្បី​ទាមទារ​សិទ្ធិ​លំនៅឋាន យុត្តិធម៌ និង​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ ពាន​រង្វាន់​នេះ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​មិត្ត​រួម​សហគមន៍​របស់​អ្នកស្រី ទេព វន្នី ដែល​តែង​តស៊ូ​ដឹកនាំ​សហគមន៍​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»

លោក​សង្ឃឹម​ថា ពាន​រង្វាន់​នេះ​នឹង​ជា​សារ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា ការ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ចំណែក​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​នៃ​សិទ្ធិ​លំនៅឋាន ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ បាន​សម្ដែង​មោទនភាព​ចំពោះ​អ្នកស្រី ទេព វន្នី៖ «នេះ​ជា​រង្វាន់​មួយ​ដ៏​អស្ចារ្យ ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏​ដូច​ជា​លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បាយឌិន ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី ហើយ​ជាពិសេស​ចង់​ឃើញ​អំណាច​របស់​ស្ត្រី​ដើម្បី​មាន​ការ​ផ្លាស់​ប្ដូរ កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី»

រីឯ​អ្នក​ចូលរួម​ម្នាក់​ទៀត គឺ​អ្នកស្រី ឌែល ហាឌិន ថ្លែង​ថា អ្នកស្រី​ពេញ​ចិត្ត​ជា​ទី​បំផុត​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អ្នក​ទទួល​ពាន​ទាំងអស់ ដែល​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ភាព​ក្លាហាន​នេះ​ជា​អាវុធ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ផ្លាស់​ប្ដូរ​សង្គម៖ «យើង​មក​ទី​នេះ​ទាំងអស់​គ្នា ដើម្បី​ផ្តល់​កិត្តិយស​ដល់​ម្ចាស់​ពាន​រង្វាន់​ទាំងអស់​នៅ​យប់​នេះ ដែល​មក​ពី​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក។ ពួក​គេ​គ្រប់​រូប​សុទ្ធ​តែ​បាន​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សិទ្ធិ​សេរីភាព តាម​ឆន្ទៈ​ដ៏​មុតមាំ»

ទាំង​លោក​អនុ​ប្រធានាធិបតី ចូ បាយឌិន និង​អ្នកស្រី ហ៊ីលឡារី គ្លីនតុន អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ថា សិទ្ធិ​ស្ត្រី​ជា​សិទ្ធិ​មនុស្ស ហើយ​សហរដ្ឋ​អាមេរិក នឹង​ជំរុញ​ឲ្យ​មាន​ការ​លប់​បំបាត់​រាល់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​មក​លើ​ស្ត្រី​ក្នុង​ពិភពលោក ហើយ​ដើម្បី​ឲ្យ​ប្រាកដ​ថា ជន​ដៃ​ដល់​ក្នុង​ករណី​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។