មន្ត្រី​អ.ស.ប​ថា​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ដោយ​មាន​ការ​រើសអើង

ដោយ​ សុ ជីវី
2016.10.21
រ៉ូណា ស្មីត កែម ឡី ៨៥៥ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក នៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។
RFA/Cheu Sideth

អ្នក​រាយការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញ​អោយ​កម្ពុជា អនុវត្ត​អោយ​បាន​ពេញលេញ​នូវ​សិទ្ធិ និង​សេរីភាព​នៅ​គ្រប់​កម្រិត ដ្បិត​ដល់​ពេល​វេលា​ត្រូវ​ធ្វើ​អ្វី​ដែល​ថ្មី​ហើយ។ នៅ​មុន​ទិវា​រំលឹក​ខួប​លើក​ទី​២៥ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា អ្នកស្រី​បាន​បង្ហាញ​បញ្ហា​ជាក់លាក់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អោយ​បាន ដើម្បី​ធានា​ការ​គោរព​សិទ្ធិមនុស្ស។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា កម្ពុជា​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​​សហ​ប្រជាជាតិ​បង្ហាញ​ថា ការ​អនុវត្ត​ច្បាប់​ដែល​អនុលោម​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ការ​រើសអើង ឬ​ដោយ​ហេតុផល​នយោបាយ។

អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​នេះ ត្រូវ​លើក​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ពី​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា គឺ​ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​អ្នកស្រី​បាន​ចាកចេញ​ពី​កម្ពុជា នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​លើក​ទី​៣ របស់​អ្នកស្រី។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ស្រង់​សម្ដី​របស់​អ្នកស្រី​មក​សរសេរ​ទៀត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣១ ចែង​យ៉ាង​ច្បាស់​ថា ការ​គោរព​សិទ្ធិមនុស្ស នឹង​ធានា​ថា ច្បាប់​ត្រូវ​អនុវត្ត​ដោយ​គ្មាន​ការ​រើសអើង មិន​ថា​ឈរ​លើ​ហេតុផល​ណា​មួយ​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា៖ «មាន​ឧទាហរណ៍​ជា​ច្រើន​ដែល​ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ភាព​រើសអើង ឬ​ដោយ​ហេតុផល​នយោបាយ។ បញ្ហា​ពិសេស គឺ​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម»

អ្នកស្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា អោយ​ពិនិត្យ​ឡើង​វិញ និង​កែ​សម្រួល​ច្បាប់​មួយ​ចំនួន​ដើម្បី​ពង្រឹង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស។ លើស​ពី​នេះ គឺ​ពង្រឹង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ។

អ្នកស្រី រ៉ូណា ស្មីត បន្ត​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចែង​ពី​ឱកាស​ពេញលេញ និង​យុត្តិធម៌​សម្រាប់​បុគ្គល​គ្រប់​រូប ដើម្បី​រៀបចំ និង​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ពិត​ប្រាកដ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។ អ្នកស្រី​លើក​ឡើង​ថា មាន​ការ​ខាតបង់​ខ្លាំង​នៅ​ពេល​ដែល​គណបក្ស​នយោបាយ​ធំ​ទាំង​២ មិន​ត្រូវរ៉ូវ​គ្នា ដ្បិត​គណបក្ស​ទាំង​២ បាន​សំឡេង​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​បម្រើ​ពលរដ្ឋ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី មាន​ប្រសាសន៍​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ល្អ​ប្រសើរ​បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន។ លោក កែវ រ៉េមី បញ្ជាក់​ថា រដ្ឋាភិបាល​ថ្លឹងថ្លែង​រវាង​សេរីភាព​បុគ្គល និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដើម្បី​បញ្ចៀស​ចលាចល​ក្នុង​សង្គម៖ «បងប្អូន​យើង​ខ្លះ​ដែល​មតិ​ប្រឆាំង ឬ​ក៏ NGOខ្លះ​​​​តែង​មាន​ប្រតិកម្ម​ចំណុច​នេះ ដោយសារ​ការ​ខ្វះខាត​ក្នុង​ការ​ស្រាវជ្រាវ​របស់​គាត់។ ចំពោះ​ការ​វាយ​តម្លៃ​របស់​គាត់​ហ្នុង អ៊ីចឹង​ប្អូន​ស្រាវជ្រាវ​អោយ​ច្រើន​បន្តិច។ យើង​ពិនិត្យ​​មើល​ជុំវិញ​ខ្លួន​យើង ​នៅ​អាស៊ី នៅ​អឺរ៉ុប អី​ហ្នឹង​ពិនិត្យ​មើល​​អោយ​អស់​ទៅ​​មើល​ថា តើ​នៅ​កម្ពុជា ល្អ ឬ​អាក្រក់។ អ៊ីចឹង​យើង​នឹង​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​ល្អ​ប្រសើរ​ណាស់»

ចំពោះ​អ្នកស្រី រ៉ូណា ស្មីត អ្នកស្រី​លើក​ឡើង​ដែរ​ថា រវាង​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០១៦ នេះ អ្នកស្រី​មើល​ឃើញ​ថា មាន​ភាព​ខុស​គ្នា​ឆ្ងាយ មាន​ការ​អភិវឌ្ឍ​គួរ​អោយ​សាទរ​ណាស់ ប៉ុន្តែ​ក៏​អាច​មាន​ទិដ្ឋភាព​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។