មន្ត្រី​UNHCR​គ្រោង​ទៅ​ពិនិត្យ​ស្ថានភាព​ម៉ុងតាញ៉ា​១៣​នាក់​​ដែល​កម្ពុជា​បញ្ជូន​ទៅ​វៀតណាម

ដោយ ប្រាជ្ញ ចេវ
2016-12-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
RFA/Yeang Socheametta

ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) នឹង​ទៅ​ពិនិត្យ​ស្ថានភាព​រស់​នៅ​របស់​ជនជាតិដើម​ភាគ​តិច​ម៉ុងតាញ៉ា (Montagnard) វៀតណាម ចំនួន ១៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។ ការ​ថ្លែង​ឲ្យ​ដឹង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទាំង​នោះ ធ្លាក់​ការ​សម្ភាស​ដើម្បី​​បាន​ឋានៈ ឬ​សិទ្ធិ​ជា​ជនភៀសខ្លួន។

អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ថា ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ចំនួន ១៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ នឹង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ។ ការ​ព្រួយ​បារម្ភ​នេះ ខណៈ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន​អះអាង​ថា នឹង​ទៅ​សួរ​សុខ​ទុក្ខ​ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា នៅ​ប្រទេស​វៀតណាម។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិច (Email) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ចំនួន ១៣​នាក់ បាន​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​វៀតណាម វិញ នៅ​ដើម​សប្ដាហ៍​នេះ។ ក្នុង​ចំណោម​ពួកគេ​នោះ គឺ​មាន​ទាំង​អ្នក​បាន​ទទួល​សេចក្ដី​សម្រេច​បដិសេធ​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន និង​អ្នក​ដែល​បាន​ដក​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​វិញ។ អ្នកស្រី​បន្ត​ថា UNHCR មាន​គម្រោង​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ដែល​បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​វៀតណាម។

ចំណែក​ប្រធាន​នាយករដ្ឋាន​ជនភៀសខ្លួន លោក តាន់ សុវិជ្ជា មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​គម្រោង​របស់​មន្ត្រី​ អ.ស.ប ដែល​នឹង​ទៅពិនិត្យ​ស្ថានភាព​ជនជាតិ​ម៉ុងតាញ៉ា នៅ​ប្រទេស​វៀតណាម ព្រោះ​លោក​ថា វា​ផុត​ដែន​សមត្ថកិច្ច​របស់​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា ក្នុង​ការ​សម្ភាស​ជនជាតិ​ម៉ុងតាញ៉ា មិន​មែន​កម្ពុជា ធ្វើ​ឡើង​តែ​ឯកឯង​ទេ គឺ​មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ៖ «សុំ​លោក​យល់​ថា ការ​សម្ភាស​ឋានៈ​ជនភៀសខ្លួន​បន្ទាប់​ពី​សម្ភាស​ចប់​គេ​យក​ករណី​មួយៗ​មក​សិក្សា​ផ្ទៀងផ្ទាត់​វាយ​តម្លៃ​ថា ជាប់ ឬ​មិន​ជាប់ មិន​មែន​សម្ភាស​ភ្លាម​ដឹង​ថា ជាប់​ភ្លាម​ទេ ត្រូវ​ដឹង​ថា ករណី​មួយៗ​មិន​មែន​ធ្វើ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ហើយ​ទេ ករណី​ខ្លះ​រាប់​ខែ​យើង​ប្រមូល​ព័ត៌មាន​មិន​ជុំ​ផង កាល​ណា​យើង​សម្រេច​លឿន​ពេក​វា​ខុស»

លោក តាន់ សុវិជ្ជា បញ្ជាក់​ថា ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា សព្វ​ថ្ងៃ​មាន​ចំនួន ១៥៦​នាក់ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​សម្ភាស​រួចរាល់​អស់​ហើយ។ លោក​ថា ដំណើរ​ការ​នៃ​ការ​កំណត់​ឋានៈ​ជា​ជនភៀសខ្លួន​មិន​ទាន់​ត្រូវ​បាន​វាយតម្លៃ​នៅ​ឡើយ​ដែល​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត។ លោក​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា បាន​បញ្ជូន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ចំនួន ១៣​នាក់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ហើយ​ពេល​នេះ ពួកគេ​បាន​ទៅ​ដល់​វៀតណាម ដោយ​សុវត្ថិភាព​ហើយ។

ជា​ញឹកញាប់​ជនជាតិ​ម៉ុងតាញ៉ា តែង​លួច​ឆ្លង​ចូល​មក​កម្ពុជា ដោយ​លើក​ឡើង​ថា ពួកគេ​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ បំបិទ​សិទ្ធិសេរីភាព សិទ្ធិ​នយោបាយ និង​សាសនា​ជាដើម។ ពួកគេ​ភាគ​ច្រើន​ត្រូវ​កម្ពុជា បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ ខណៈ​មាន​អ្នក​ខ្លះ​បាន​ទទួល​ទៅ​រស់​នៅ​ប្រទេស​ទី​បី។

រី​ឯ​អ្នក​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា សំណួរ​ដែល​ត្រូវ​សម្ភាស​សួរ​ពី​មូលហេតុ​រត់​ចេញ​ពី​ប្រទេស​វៀតណាម មក​ពី​ណា​ទៅ​ណា? មក​ជាមួយ​អ្នក​ណា? អ្នក​ណា​ជូន​មក? ហើយ​លោក​ថា ដោយសារ​ចំ​ឡើយ​របស់​ជនជាតិ​ម៉ុងតាញ៉ា មិន​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​ទុក្ខបុកម្នេញ រឿង​នយោបាយ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន។

លោក​យល់​ថា កម្ពុជា​គួរ​ប្រយ័ត្ន​ចំពោះ​ម៉ុងតាញ៉ា ព្រោះ​ក្រុម​ទាំង​នេះ​ជា​ក្រុម​ទាមទារ​ឯករាជ្យ ហើយ​តំបន់​ដែល​ពួកគេ​មក​លាក់​ខ្លួន​ស្ថិត​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី ហើយ​នៅ​ពេល​ខាង​មុខ​បើ​មាន​ការ​ទាមទារ ឬ​ផ្ទុះ​សង្គ្រាម​បង្ក​ឡើង​ដោយ​ក្រុម​នេះ នឹង​បង្ក​បញ្ហា​ដល់​ទឹក​ដី​របស់​កម្ពុជា៖ «ម៉ុងតាញ៉ា​ជា​ក្រុម​មួយ​ទាមទារ​ឯករាជ្យ ក្រែងលោ​ឯករាជ្យ​នេះ ដោយ​រតនគិរី មណ្ឌលគិរី របស់​យើង​ដែរ គិត​ឲ្យ​វែងឆ្ងាយ គិត​ដល់​កូនចៅ​ជំនាន់​ក្រោយ»។

ដោយ​ឡែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ព្រួយ​បារម្ភ​ពី​សុខ​សុវត្ថិភាព​របស់​ក្រុម​ម៉ុងតាញ៉ា ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​យល់​ថា អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន គួរ​តាម​ដាន​ឃ្លាំមើល​ស្ថានភាព​អ្នក​ទាំង​នោះ​ឲ្យ​បាន​ញឹកញាប់។

ប្រធាន​នាយករដ្ឋាន​ជនភៀសខ្លួន លោក តាន់ សុវិជ្ជា អះអាង​ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម សព្វថ្ងៃ​មាន​ចំនួន ១៥៦​នាក់ ពួកគេ​ភាគ​ច្រើន​នឹង​ត្រូវ​បញ្ជូនទៅ​ប្រទេស​វៀតណាម បន្ត​បន្ថែម​ទៀត ព្រោះ​តាម​រយៈ​ការ​សម្ភាស អ្នក​ទាំង​នោះ​ឆ្លើយ​មិន​ត្រូវ​សំណួរ​ដែល​អាច​ឲ្យ​ពួកគេ​ទទួល​ឋានៈ​ជា​ជនភៀសខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល