ជនជាតិ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប​ស្នើសុំ​បញ្ចុះ​តម្លៃ​ឯកសារ​ស្នាក់នៅ​និង​ប្ដូរ​ទីតាំង​ថ្មី

ដោយ ជិន ជេដ្ឋា
2015.03.24
វៀតណាម កំពង់ឆ្នាំង ៦២០ ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA

ជនជាតិ​វៀតណាម នៅ​ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ឯកសារ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​អន្តោប្រវេសន៍​វៀតណាម និង​សុំ​ឲ្យ​មាន​ទីតាំង​សង់​លំនៅឋាន​នៅ​លើ​គោក​ក្បែរ​មាត់​ទន្លេ។ សំណើ​សុំ​អន្តរាគមន៍​នេះ ត្រូវ​អ្នក​វិភាគ​បញ្ហា​សង្គម​រិះគន់​ថា ជា​សំណើ​មួយ​មិន​សមស្រប ហើយ​បើ​រដ្ឋសភា ឬ​រដ្ឋាភិបាល​យល់ស្រប នឹង​នាំ​ឲ្យ​មាន​កា​រើសអើង​ជាតិ​សាសន៍​កាន់​តែ​ខ្លាំង​ឡើង។

ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​ក្នុង​តំបន់​ឆ្នុកទ្រូ តំបន់​កំពង់ប្រាសាទ និង​តំបន់​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង នាំ​គ្នា​ផ្ដិត​មេដៃ ៦៥៦​នាក់ ដើម្បី​ភ្ជាប់​នឹង​ពាក្យ​ស្នើសុំ​ទៅ​រដ្ឋសភា​ឲ្យ​ជួយ​ពួក​គេ។ ពួក​គេ​អះអាង​ថា រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥ បាន​ទទួល​យក​សំណើ​នេះ តែ​មិន​ព្រម​បោះ​ត្រា​ចូល ឬ​ចុះ​ហត្ថលេខា​ទេ ដោយ​មន្ត្រី​ធ្វើ​ការ​នៅ​រដ្ឋសភា​ចង់​ឲ្យ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ វិញ។

នៅ​ក្នុង​ពាក្យ​ស្នើសុំ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥ រៀបរាប់​ថា ពួក​យើង​ខ្ញុំ​ជា​ជនជាតិ​វៀតណាម បាន​កើត និង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា តាំង​ពី​មុន​ឆ្នាំ​១៩៧០ ហើយ​អ្នក​ខ្លះ​ត្រូវ​ក្រុម​ខ្មែរ​ក្រហម​សម្លាប់ និង​ខ្លះ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ​នៅ​ឆ្នាំ​១៩៧៥ តែ​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ ពួក​គាត់​នាំ​គ្នា​ចូល​មក​រស់នៅ​លើ​ទឹក​បឹង​ទន្លេសាប​តាម​ទម្លាប់​ក្នុង​ខេត្ត​កំពង់ឆ្នាំង វិញ។

នៅ​ក្នុង​ពាក្យ​ស្នើសុំ​ដដែល​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៨២ មក ការ​ធ្វើ​ជំរឿន​កើត​មាន​ជា​ហូរហែ ហើយ​ពួក​គាត់​បាន​បង់​លុយ​ប្រចាំ​ឆ្នាំ​ក្នុង​តម្លៃ​មួយ​សមរម្យ។ តែ​ក្រោយ​ការ​ចុះ​ធ្វើ​ជំរឿន​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍​ថ្មីៗ​នេះ បាន​តម្រូវ​ឲ្យ​បង់​លុយ​ថ្លៃ​ប្រកាស​ក្នុង​ម្នាក់​ចំនួន ២៥​ម៉ឺន​រៀល រយៈពេល​ពីរ​ឆ្នាំ​ម្ដង។ តំណាង​ពួក​គាត់​ចង់​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ចុះ​តម្លៃ​ត្រឹម ១​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ។

តំណាង​ជនជាតិ​វៀតណាម លោក ច្រឹង យ៉ាំងតាំង មាន​ប្រសាសន៍​ថា អ្នក​រស់នៅ​លើ​ទឹក​សញ្ជាតិ​វៀតណាម ទាំងអស់ មាន​ការ​លំបាក​រក​លុយ​បង់​អាករ​ចំនួន ២៥​ម៉ឺន​រៀល ដើម្បី​បាន​រស់នៅ​បន្ត​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​បញ្ហា​នេះ ពួក​គាត់​ក៏​ប្រឈម​នឹង​ការ​បណ្ដេញ​ពី​ផ្ទៃ​ទឹក​ឡើង​គោក ដោយ​ពួក​គាត់​ភាគ​ច្រើន​គ្មាន​សិទ្ធិ និង​លទ្ធភាព​ទិញ​ដី​សង់​លំនៅឋាន​រស់នៅ​ក្បែរ​មាត់​ទន្លេ​ទេ៖ «ប៉ុន្តែ​បងប្អូន​ខ្ញុំ​ក្រីក្រ​ណាស់! មិន​អាច​មាន​លុយ​ទិញ​ដី​សម្រាប់​ធ្វើ​លំនៅឋាន​ដោយ​ខ្លួន​ឯង​បាន​ទេ។ សូម​រដ្ឋ​មាន​កន្លែង​ដី​សម្បទាន​ណា​ជិត​មាត់​ទន្លេ​រស់នៅ​ផង ព្រោះ​អី​បងប្អូន​ខ្ញុំ​រស់នៅ​នេសាទ​ត្រី។ ដល់​អ៊ីចឹង​ឲ្យ​ឡើង​ទៅ​នៅ​ធ្វើ​ស្រែ​ចម្ការ​អត់​ចេះ​នៅ​ទេ ទម្លាប់​ពី​មុន​មក ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​សូម​ធានា​ថា បងប្អូន​ខ្ញុំ​រស់នៅ​តាម​ដង​ទន្លេ​នេះ​មាន ៩៩​ភាគរយ​ហើយ​ដែល​កើត​នៅ​កម្ពុជា ជាច្រើន​ជំនាន់​មក​ហើយ​អត់​មាន​អ្នក​ចំណូល​មក​ថ្មី​ទេ»

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា ជន​បរទេស​អន្តោប្រវេសន៍​ទាំងអស់​រស់នៅ​កម្ពុជា កំពុង​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ច្បាប់​អន្តោប្រវេសន៍ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​មាន​កាតព្វកិច្ច​បង់​ប្រាក់ និង​លក្ខណៈ​មួយ​ចំនួន​ទៀត​ដែល​ច្បាប់​តម្រូវ។ លោក​ថា ការ​បង់​អាករ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជន​បរទេស​អន្តោប្រវេសន៍​ម្នាក់​ក្នុង​តម្លៃ ២៥​ម៉ឺន​រៀល គឺ​ជា​តម្លៃ​មួយ​សមរម្យ ដែល​ពី​ដើម​ឡើយ​តម្រូវ​ឲ្យ​បង់​រហូត ៥០​ម៉ឺន​រៀល ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​បាន​បន្ធូរបន្ថយ​មក​នៅ​ត្រឹម ២៥​ម៉ឺន​រៀល។

លោក ខៀវ សុភ័គ បញ្ជាក់​ថា រដ្ឋាភិបាល​បាន​គិតគូរ​ដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ គោរព​សិទ្ធិ​មនុស្ស ហើយ​ក៏​ឈរ​លើ​គោលការណ៍​មនុស្សធម៌​ដែរ ដោយ​មិន​ចង់​ប៉ះ​ដៃ​យក​ដៃ ប៉ះ​ជើង​យក​ជើង​នោះ​ទេ។ យ៉ាង​ណា​លោក​ថា ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ជនជាតិ​វៀតណាម រស់នៅ​លើ​គោក​នោះ ក្នុង​កាលៈទេសៈ​នេះ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះ​អ្នក​ទាំង​នោះ​កំពុង​អនុវត្ត​កាតព្វកិច្ច​តាម​ច្បាប់​អន្តោប្រវេសន៍​នៅ​ឡើយ៖ «ប៉ុន្តែ​ឥឡូវ​នេះ​យើង​កំពុង​រៀបចំ​រៀប​ម៉េច​ឲ្យ​ច្បាប់​ការពារ​គាត់​សិន! ក្នុង​ពេល​ច្បាប់​អន្តោប្រវេសន៍​មិន​ការពារ​គាត់ គឺ​គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ​ក្នុង​ន័យ​ហ្នឹង។ ហើយ​អ្នក​ខ្លះ​មាន​ប្រកាស​ហើយ​តេ (ទូរស័ព្ទ) ទៅ​គាត់ ហើយ​ក៏​មិន​ព្រម​មក​យក គាត់​ថា​អត់​មាន​លុយ​បង់។ គាត់​អត់​មាន​ក្រដាស​ស្នាម​អី​បន្តិច ហើយ​ទៅ​រក​ដី​ឲ្យ​គាត់​នៅ​លើ​គោក​ណា​កើត»

ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា ប្រសិន​បើ​ការ​ស្នើសុំ​របស់​ជនជាតិ​វៀតណាម នេះ​មាន​ប្រសិទ្ធភាព វា​នឹង​មាន​បញ្ហា​ច្រើន​ដល់​សង្គម​កម្ពុជា ព្រោះ​អ្នក​ដែល​មក​រស់នៅ​លើ​ទឹក​នេះ​សុទ្ធតែ​ជា​អ្នក​ខុស​ច្បាប់។ ដូច្នេះ រដ្ឋសភា​ត្រូវ​ពិចារណា​លើ​សំណើ​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ មិន​អាច​យក​អធិបតេយ្យភាព​ប្រទេស​មួយ ហើយ​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ធ្វើ​អ្វី​ស្រេច​ចិត្ត​បាន​នោះ​ទេ៖ «ជា​ដំណោះស្រាយ​ទី​១ យើង​ត្រូវ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម និង​អង្គការ​សហប្រជាជាតិ ដើម្បី​រៀបចំ​បញ្ជូន​ជា​បន្ទាន់​នូវ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់។ នៅ​ក្នុង​ច្បាប់​អន្តោប្រវេសន៍ គឺ​មាន​រហូត​ដល់​ចាប់​ដាក់​ពន្ធនាគារ​រយៈពេល​បី​ខែ​ឯណោះ ប៉ុន្តែ​យើង​អាច​ថា​ធ្វើ​ការ​សហការ​គ្នា ដើម្បី​រៀបចំ​បញ្ជូន​ជនជាតិ​ហ្នឹង​ដោយ​សុវត្ថិភាព ហើយ​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស។ ខ្ញុំ​គិត​ថា​អាច​ទៅ​រួច ហើយ​ប្រទេស​យើង​អាច​ជៀស​ផុត​ពី​ការ​រើសអើង​ជាតិ និង​ហានិភ័យ​សំខាន់ៗ​ទៅ​ថ្ងៃ​ខាង​មុខ»

លោក កែម ឡី ថ្លែង​ថា ការ​រស់នៅ​លើ​ទឹក​របស់​អន្តោប្រវេសន៍​វៀតណាម បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទឹក ធនធាន​មច្ឆជាតិ និង​បរិស្ថាន ប៉ុន្តែ​បើ​នាំ​យក​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ទាំង​នោះ​ឡើង​គោក​ដោយ​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ វា​រឹត​តែ​ខុស​ច្បាប់​ទៅ​ទៀត ព្រោះ​តាម​ច្បាប់ ត្រូវ​បញ្ជូន​ទៅ​តុលាការ ហើយ​បើ​រដ្ឋាភិបាល​ស៊ុមគ្រលុំ​ជាមួយ​ជន​ខុស​ច្បាប់​នោះ រដ្ឋាភិបាល​នឹង​ខុស​ច្បាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។