អ្នក​កាសែត​ស្ត្រី​បារម្ភ​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សារព័ត៌មាន

ដោយ អ៊ុំ រង្សី
2015.07.29
សិក្ខាសាលា  ៦២០ សិក្ខាសាលា​ស្ដីពី​កិច្ច​គាំពារ​អ្នក​កាសែត សិទ្ធិ​ទទួល​ព័ត៌មាន និង​យេនឌ័រ ដែល​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

ស្ត្រី​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សារព័ត៌មាន​ហាក់​មាន​សន្ទុះ​រីកចម្រើន​ខ្លាំង​យ៉ាង​ណា​ក្តី ក៏​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នេះ​នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ បើ​ធៀប​នឹង​បុរស។ លើស​ពី​នេះ អ្នក​កាសែត​ជា​ស្ត្រី នៅ​តែ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​អាជីព និង​ខ្វះ​ការ​គាំទ្រ​ពី​សង្គម។

អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សារព័ត៌មាន និង​ចង់​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​សារព័ត៌មាន​ជា​ស្ត្រី ព្រមទាំ​ង​ចង់​ឲ្យ​សង្គម​ផ្តល់​ការ​គាំទ្រ​ចំពោះ​ពួកគេ។

ការ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ និង​បញ្ហា​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ច​គាំពារ​អ្នក​កាសែត សិទ្ធិ​ទទួល​ព័ត៌មាន និង​យេនឌ័រ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ សិក្ខាសាលា​នេះ​មាន​បំណង​លើក​ឡើង​បញ្ហា​ប្រឈម​របស់​អ្នក​សារព័ត៌មាន សិទ្ធិ​សេរីភាព​ទទួល​ព័ត៌មាន ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ព័ត៌មាន​កាន់​តែ​រីកចម្រើន និង​បង្កើន​ចំនួន​យេនឌ័រ នៅ​ក្នុង​វិស័យ​នេះ។

ជា​អ្នក​សារព័ត៌មាន​មក​ពី​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា កញ្ញា ច្រឹក ស្រីអូន បាន​លើក​ឡើង​ថា ស្ត្រី​ជា​អ្នក​កាសែត​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដូចជា​សង្គម​មិន​សូវ​ផ្ដល់​តម្លៃ សុវត្ថិភាព ការ​រើសអើង និង​កង្វះ​ការ​គាំទ្រ​ពី​សង្គម ជាង​នេះ​ទៀត ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ឈាន​ដល់​ការ​គំរាមកំហែង​អាយុ​ជីវិត​ក៏​មាន។

កញ្ញា​បន្ត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​គម្លាត​សមភាព​យេនឌ័រ នៅ​ក្នុង​វិស័យ​សារព័ត៌មាន។ កញ្ញា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ការពារ​អ្នក​សារព័ត៌មាន និង​យក​ចិត្ត​ទុក​ដាក់​អ្នក​ប្រកប​អាជីព​នេះ៖ «ចង់​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​កាសែត ព្រោះ​មាន​អ្នក​កាសែត​មួយ​ចំនួន​បាន​ស្លាប់ តែ​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់ ពិសេស​ដើម្បី​ឲ្យ​ស្ត្រី​ចូលរួម​វិស័យ​នេះ​បាន​ច្រើន រដ្ឋាភិបាល​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី»

ជាមួយ​គ្នា​នេះ ជា​អ្នក​សារព័ត៌មាន​ស្ត្រី​ម្នាក់​ទៀត មក​ពី​ស្ថានីយ​ទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) កញ្ញា អ៊ុត លក្ខិណា បាន​និយាយ​ដែរ​ថា ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន មិន​ត្រឹមតែ​ប្រឈម​នឹង​កង្វះ​ការ​គាំទ្រ​ពី​សង្គម​ប៉ុណ្ណោះ​ទេ អ្នក​សារព័ត៌មាន​តែង​តែ​លំបាក​ស្វែង​រក​ប្រភព​ព័ត៌មាន​ផង​ដែរ។

កញ្ញា​បន្ត​ថា បើ​ទោះ​ជា​អ្នក​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់ ជំរុញ​ឲ្យ​សង្គម​រីកចម្រើន​ក្ដី តែ​អ្នក​សារព័ត៌មាន​ហាក់​នៅ​តែ​មិន​ទាន់​ទទួល​បាន​ការពារ​ពី​សង្គម​ពេញលេញ​នៅ​ឡើយ៖ «ចង់​ឲ្យ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត ជំរុញ​ស្ត្រី​ទាំង​សេវា​សុខភាព និង​រឿង​ផ្សេងៗ​ទៀត​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

ចំណែក​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ ចាត់​ទុក​ថា កង្វះ​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន ដោយសារ​ស្ត្រី​កម្ពុជា ភ័យ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នៅ​ពេល​ដែល​ឃើញ​អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​លើ​អ្នក​កាសែត​កម្ពុជា នៅ​តែ​ជា​បញ្ហា​ក្តៅ។

លោក​បន្ត​ថា ដើម្បី​ឲ្យ​មាន​យេនឌ័រ ក្នុង​វិស័យ​ព័ត៌មាន គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ទាំង​ស្ត្រី​ខ្លួន​ឯង គ្រួសារ និង​សង្គម៖ «រដ្ឋាភិបាល​គួរ​មាន​កាតព្វកិច្ច​ការពារ បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន ដូច្នេះ​ស្ត្រី​និង​លែង​ភ័យ​ខ្លាច ហើយ​ហ៊ាន​ប្រឡូក​នៅ​ក្នុង​អាជីព​នេះ​កាន់​តែ​ច្រើន»

​សិក្ខាសាលា​ស្ដីពី​កិច្ច​គាំពារ​អ្នក​កាសែត សិទ្ធិ​ទទួល​ព័ត៌មាន និង​យេនឌ័រ ក្រៅ​ពី​បាន​លើក​ឡើង​ពី​បញ្ហា​របស់​អ្នកសារព័ត៌មាន​ជា​ស្ត្រី។ អ្នកសារព័ត៌មាន​ដែល​ចូល​រួម​ក្នុង​សិក្ខាសាលា​នោះ ក៏​បាន​រក​ឃើញ​ឧបសគ្គ​ចំនួន ៥​សំខាន់​ផ្សេង​ទៀត ដែល​រាំង​ស្ទះ​មិន​អាច​ឲ្យ​វិស័យ​ព័ត៌មាន​រីកចម្រើន​ទៅ​បាន រួម​មាន អ្នក​សារព័ត៌មាន​នៅ​តែ​មិន​ទាន់​មាន​ច្បាប់​ការពារ សេរីភាព​ទទួល​បាន​ព័ត៌មាន​នៅ​មាន​កម្រិត អ្នក​សារព័ត៌មាន​នៅ​តែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា អ្នក​សារព័ត៌មាន​ទទួល​បាន​ប្រាក់ខែ​តិច និង​កង្វះ​ការ​សហការ​ពី​ស្ថាប័ន​ពាក់​ក្នុង​ការ​ប្រមូល​ព័ត៌មាន។

យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​សារព័ត៌មាន ទាំង​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​យល់​ថា ដើម្បី​បញ្ចប់​បញ្ហា​ភ័យ​ខ្លាច​របស់​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន រដ្ឋាភិបាល​ត្រូវ​តែ​ចាត់វិធានការ​ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី ចូល​រួម​ឲ្យ​បាន​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​ព័ត៌មាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។