អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល រាយការណ៍ថា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ត្រូវព្រះរាជអាជ្ញារង លោក ជា សុភ័ក្ត្រ ចេញដីកាកោះឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៨ ខែតុលា ប៉ុន្តែលោកបានសុំចូលមកបំភ្លឺនៅថ្ងៃទី៨ ខែតុលា វិញ។ លោកបានបញ្ជាក់ពីហេតុផល នៃការសុំពន្លឿននេះថា ដោយសារលោកជាប់ភារកិច្ចទៅក្រៅប្រទេសនាអំឡុងពេលដែលតុលាការកោះហៅនោះ៖ «យើងសុំពន្លឿនជាជាងសុំពន្យារ ដោយសារកុំឲ្យគេថា យើងគេចវេស រឿងប្រជុំសន្និសីទនៅប្រទេសប៉េរូ ជារឿងដែលយើងបានទទួលប្រាំ ប្រាំមួយខែរួចមកហើយៗខ្ញុំត្រូវធ្វើជាវាគ្មិនមួយរូបនៅក្នុងសន្និសីទហ្នឹង ខ្ញុំយល់ថា ជាសន្និសីទដ៏សំខាន់ដែលខ្ញុំមិនអាចលប់ចោលបាន»។
ចំណែកមន្ត្រីផ្នែកអង្កេតសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី ត្រូវតុលាការកំណត់ឲ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ប៉ុន្តែលោកបានសុំពន្លឿនពេលចូលមកបំភ្លឺនៅថ្ងៃទី១០ ខែតុលា វិញ ដោយសារមេធាវីលោកជាប់ភារកិច្ចនៅថ្ងៃទី១១ ខែតុលា ផងដែរ។
វិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែតុលា មិនអាចសុំការបញ្ជាក់ពីព្រះរាជអាជ្ញារង លោក ជា សុភ័ក្ត្រ ពីការស្នើសុំរបស់មន្ត្រីសិទ្ធិមនុស្សទាំងពីរនេះបានទេ ក៏ប៉ុន្តែ ប្រភពមន្ត្រីសិទ្ធិមនុស្សទាំងពីរនាក់បានបញ្ជាក់ថា លោក ជា សុភ័ក្ត្រ បានយល់ព្រមតាមសំណើនេះហើយ។
មន្ត្រីស្ថាប័នអយ្យកាតុលាការខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ បានចេញដីកាកោះចំនួនបួនផ្សេងគ្នា អញ្ជើញអ្នកសម្របសម្រួល និងមន្ត្រីផ្នែកអង្កេតសមាគមអាដហុក ខេត្តរតនគិរី គឺលោក ប៉ែន ប៊ុណ្ណារ៍ និងលោក ឆាយ ធី។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល ឲ្យចូលទៅបំភ្លឺនៅស្ថាប័នតុលាការពីដំណើររឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។