តំណាងសហគមន៍នេសាទកោះខនឌិន ឲ្យដឹងថា ការកើនឡើងចំនួនបទល្មើសនេសាទ បណ្ដាលមកពីសហគមន៍ខ្វះខាតមធ្យោបាយបង្ក្រាបបទល្មើស និងការមិនចូលរួមបង្ក្រាបបទល្មើសនេសាទពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។
ប្រធានសហគមន៍នេសាទកោះខនឌិន លោក មាស សារ៉េត នៅថ្ងៃទី២៧ សីហា មានប្រសាសន៍ថា នៅតំបន់កោះខនឌិន មានបទល្មើសនេសាទកើនឡើងរៀងរាល់ថ្ងៃ។ លោកបន្តថា កាលពីមុនសហគមន៍ចាត់ចែងក្រុមការងារចុះបង្ក្រាបជាប្រចាំ ដោយប្រើប្រាស់ទូករបស់លោកជាមធ្យោបាយ តែរយៈពេលចុងក្រោយនេះ មានចោរចូលលួចម៉ាស៊ីនទូកបាត់ ធ្វើឲ្យសហគមន៍ខ្វះមធ្យោបាយក្នុងការបង្ក្រាប។
លោក មាស សារ៉េត បញ្ជាក់ថា លោកបានដាក់លិខិតប្ដឹងចូលអាជ្ញាធរពាក់ព័ន្ធជិតមួយខែទៅហើយ ប៉ុន្តែមិនទាន់ឃើញមានវិធានការ៖ «តាំងពីជលផល តាំងពីអីទៅ ការធ្វើការមិនបានជោគជ័យ ពួកគាត់ប្រាប់ខ្ញុំថា មិនទាន់ជុំគ្នា ប្រជាជនឈឺចាប់ណាស់ ប៉ុន្តែធ្វើអីគេមិនកើត បើដេញគេក៏ដេញមិនទាន់»។
លោក មាស សារ៉េត បន្តថា លោកបានដាក់សំណើសុំអន្តរាគមន៍ទៅកាន់អាជ្ញាធរសង្កាត់សាមគ្គី ប៉ូលិសប៉ុស្តិ៍ និងនាយផ្នែករដ្ឋបាលជលផល ដោយមានភ្ជាប់បញ្ជីឈ្មោះអ្នកមានឧបករណ៍ល្មើសច្បាប់ តាំងពីឆ្នាំ២០១១ មកម្ល៉េះ តែមិនធ្លាប់ឃើញអាជ្ញាធរចុះបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋឲ្យដឹងថា ឈ្មួញនេសាទខុសច្បាប់ទាំងនោះ ភាគច្រើនមានបងប្អូនជាមន្ត្រីនគរបាល និងមន្ត្រីធំៗនៅតាមមន្ទីរជុំវិញខេត្តស្ទឹងត្រែង ហើយឈ្មួញតែងប្រើប្រាស់ឧបករណ៍ឆក់ក្តៅ និងត្រជាក់ ដោយអាចទម្លាក់ចូលទឹកជម្រៅជិត៥០ម៉ែត្រក៏មាន ពេលត្រីពុល គេបើកទូកលឿនស្រង់ចូលទូកតែម្តង។
សមាជិកសហគមន៍នេសាទកោះខនឌិន លោក អ៊ឹម ឆុន មានប្រសាសន៍ថា សមាជិកសហគមន៍ធ្លាប់ចាប់បានជនប្រព្រឹត្តិបទល្មើសនេសាទ ប្រគល់ឲ្យសមត្ថកិច្ចជលផល តែបីថ្ងៃក្រោយ ក៏ត្រូវសមត្ថកិច្ចដោះលែងវិញ។ លោកបន្តថា ឈ្មួញចូលឆក់រាល់ថ្ងៃ មុខដដែលៗ ហើយពលរដ្ឋទាំងអស់ស្គាល់អ្នកឆក់ត្រីទាំងនោះច្បាស់ណាស់ តែមិនដឹងជាធ្វើយ៉ាងម៉េច។
លោកបន្តថា គិតសព្វៗទៅ ចង់តែខ្ចីលុយធនាគារទិញប្រដាប់ឆក់ដូចគេដែរហើយមើលទៅ ទើបអាចរកត្រីធ្វើម្ហូបបាន៖ «ចាប់ទុកនៅមន្ទីរជលផល តែគេលែងបាត់ គេបង់ហ្នឹងលុយចេញមកវិញបាត់។ ចាប់ធ្វើអីនាំតែគេស្អប់ ឯងមិនដែលរកសាកចេញមើលគេចាប់ភ្លែតចូលគុក បើគេរករាល់ថ្ងៃមានអី»។
យ៉ាងណាក៏ដោយ នាយផ្នែករដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សំវិចិត្រ មានប្រសាសន៍ថា ចំពោះបទល្មើសនេសាទនៅចំណុចសហគមន៍កោះខនឌិន មន្ត្រីជលផលបានទទួលដំណឹងនេះ ហើយគ្រោងនឹងចាត់វិធានការក្នុងពេលឆាប់ៗ។ លោកបន្តថា ស្ថាប័នជលផលព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងធ្វើការកោះហៅអ្នកដែលរកស៊ីឆក់ត្រីមកអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការប្រព្រឹត្តិបទល្មើសតទៅទៀត។ លោក ស្រី សំវិចិត្រ បញ្ជាក់ថា លោកមិនជាប់ពាក់ព័ន្ធក្នុងការទទួលបានសំណូកពីឈ្មួញប្រព្រឹត្តិបទល្មើសនោះឡើយ។
សហគមន៍នេសាទកោះខនឌិន បង្ហាញថា ឈ្មួញដែលរកស៊ីនេសាទខុសច្បាប់ ហើយសហគមន៍ចងក្រងបញ្ជីឈ្មោះ បញ្ជូនទៅកាន់ផ្នែកពាក់ព័ន្ធមានប្រាំនាក់ ដូចជា ទៀង យន គឹម មិ ភូម៉ា ណាស៊ី ភូម៉ា សុតិ និងតែ ឡូញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកទាំងប្រាំនាក់ សុំការបំភ្លឺបានទេ នៅថ្ងៃទី២៧ សីហា ឆ្នាំ២០១២។
ប្រជាពលរដ្ឋភូមិកោះខនឌិន ឲ្យដឹងថា ពលរដ្ឋដាក់មង បង្កៃ សន្ទូច បង់សំណាញ់ មួយថ្ងៃៗរកត្រីធ្វើម្ហូបមិនគ្រប់មួយពេលនោះទេ តែឈ្មួញរកស៊ីឆក់មានម៉ូយមកទិញត្រីដល់ផ្ទះរាល់ថ្ងៃមានរាប់រយគីឡូក្រាម។ ឈ្មួញទិញត្រីទាំងនោះ ទៅថ្លឹងត្រីជារៀងរាល់ថ្ងៃ នៅវេលាថ្ងៃត្រង់ នៅផ្ទះអ្នករកស៊ីឆក់តែម្តង។
ចំណែកឯលោក មាស សារ៉េត សំដែងក្តីព្រួយបារម្ភថា បើសិនជាបណ្តោយឲ្យឈ្មួញឆក់ត្រីរួចខ្លួនតទៅថ្ងៃមុខទៀតនោះ ប្រជាសហគមន៍រួមគ្នាបំផ្លាញត្រីដែរជាមិនខាន។ លោកបន្តថា កូនត្រី ពងត្រី ជាច្រើនលានក្បាលងាប់ដោយសារឧបករណ៍ឆក់ ហើយត្រីនឹងផុតពូជ។ លោក មាស សារ៉េត សំណូមពរថា សុំឲ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ និងលឿនបំផុត ដើម្បីបង្ក្រាបបទល្មើសនេសាទដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។
តាមរបាយការណ៍របស់សាលាខេត្តស្ទឹងត្រែង បង្ហាញថា ផលនេសាទចាប់បានក្នុងឆ្នាំ២០១១ មានចំនួនជាង១.០០០តោន និងមានបទល្មើស១ករណី ចាប់បានមនុស្ស៦នាក់ បញ្ជូនទៅកាន់តុលាការ។
ទាក់ទងនឹងការបង្ក្រាបបទល្មើសជលផល ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង រិះគន់ថា ខណ្ឌរដ្ឋបាលជលផលមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អឡើយ ដោយនាយខណ្ឌរដ្ឋបាលជលផល លោក ប៉ែន ឈុនឌី រវល់តែធ្វើការងារបោះឆ្នោតនៅខេត្តរតនគិរី ឯណោះ។ រីឯមន្ត្រីនៅក្រោមឱវាទ ពេលឃើញប្រធានមិននៅ ក៏មិនសូវបំពេញតួនាទីបានល្អដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។