អាជ្ញាធរបឹងទន្លេសាបបានចាប់ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្រោមបទនេសាទខុសច្បាប់នៅបឹងទន្លេសាប និងកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀត តាមដីការបស់តុលាការ ហើយអាជ្ញាធរបឹងទន្លេសាបកំពុងតែបន្តបង្ក្រាបបទល្មើសនេសាទ ដើម្បីលុបបំបាត់បទល្មើសនេសាទលួចលាក់នៅតាមព្រៃលិចទឹកជ្រៅៗ នៅបឹងទន្លេសាបនោះ។
លទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទចំនួនមួយសប្ដាហ៍កន្លងមកនេះ គឺអាជ្ញាធរបឹងទន្លេសាបបានរឹបអូសអួនក្រឡាញឹក ចំនួន ៦៦.៦៥០ម៉ែត្រ រឹបអូសលបធំៗចំនួន ៥៦ ដុតបំផ្លាញឧបករណ៍លបចំនួន ៦០កន្លែង រឹបអូសក្បាលបរចំនួន ២២គ្រឿង រឹបអូសលបនរ៉ាវ និងព្រួលឫស្សីចំនួនជាង ២.៨០០ម៉ែត្រ រឹបអូសឧបករណ៍ឆក់ត្រីចំនួន ៣គ្រឿង រឹបអូសច្រវាក់ជើងអួនប្រវែង ១៥០ម៉ែត្រ ចាប់រឹបអូសទូកចំនួន ៤គ្រឿង ដែលដឹកឧបករណ៍នេសាទខុសច្បាប់បម្រុងទៅធ្វើសកម្មភាពនេសាទខុសច្បាប់នៅបឹងទន្លេសាប។
ការបង្ក្រាបនេះគឺបានធ្វើនៅក្នុងខេត្តចំនួន ៦ នៅជុំវិញបឹងទន្លេសាប មានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប កំពង់ធំ និងខេត្តកំពង់ចាម។
អគ្គលេខាធិការអាជ្ញាធរបឹងទន្លេសាប លោក ចាន់ យុត្ថា ដែលកំពុងដឹកនាំយុទ្ធនាការបង្ក្រាបនៅបឹងទន្លេសាប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ បានមានប្រសាសន៍តាមទូរស័ព្ទមកថា ការបង្ក្រាបកំពុងតែបន្តដល់កន្លែងលួចលាក់នៅព្រៃលិចទឹកជ្រៅៗ នៅបឹងទន្លេសាប៖ «បញ្ហាស្មុគស្មាញមួយ ប៉ុន្តែទោះបីជាមានការលំបាក ឬជួបឧបសគ្គយ៉ាងណាក៏ដោយ ក្រុមការងាររបស់យើងនៅតែបន្តបោសសំអាតរហូតដល់ទាំងអស់»។
ប្រធានអាជ្ញាធរបឹងទន្លេសាប លោក លឹម គានហោ ជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ លោកបានមានប្រសាសន៍ថា លោកពេញចិត្តនឹងលទ្ធផលនៃការបង្ក្រាបនេះ៖ «ថ្វីត្បិតតែឡូត៍នេសាទទាំង ៣៥ ត្រូវបានរាជរដ្ឋាភិបាលបិទ ឬផ្អាកសកម្មភាពមិនឲ្យធ្វើ តែឥឡូវនេះ ជារូបភាពរបស់គាត់ហ្នឹង គឺគាត់ (ឈ្មួញឡូត៍នេសាទ) លុកចូលក្នុងព្រៃជ្រៅ ហ៊ុមមងក្រឡាតូច អួនក្រឡាតូចហ្នឹង គឺគ្រោះថ្នាក់បំផុត»។
ទាក់ទងនឹងការបង្ក្រាបរយៈពេល ១សប្ដាហ៍មកនេះ នាយកប្រតិបត្តិនៃសម្ពន្ធភាពដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅកម្ពុជា លោក ឱម សាវ៉ាត បានមានប្រសាសន៍ថា ការបង្ក្រាបនេះគឺចំគោលដៅភាគច្រើន និងមានប្រសិទ្ធភាពជាងមុន។ បណ្ដាញប្រជានេសាទនៅបឹងទន្លេសាបត្រៀមសហការ បើសិនណាអាជ្ញាធរបឹងទន្លេសាបត្រូវការពួកគាត់ជួយចង្អុលគោលដៅ។
លោក ឱម សាវ៉ាត៖ «ហើយនេះជាសេចក្ដីប្រាថ្នារបស់អ្នកនេសាទផងដែរ ដែលគាត់ចង់ឃើញការធ្វើនេសាទ ប្រកបដោយការគោរពច្បាប់ទាំងអស់គ្នា ហើយយើងមិនចង់ឃើញមានបទល្មើសដែលធ្វើឲ្យបំផ្លាញដល់ធនធានជលផលរបស់យើង»។
អាជ្ញាធរបឹងទន្លេសាបកំពុងតែបន្តយុទ្ធនាការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំលើកទី២ នៅខែមករា ឆ្នាំ២០១២ នៅបឹងទន្លេសាប ដើម្បីស្តារបឹងទន្លេសាប និងបង្កើនផលត្រីទឹកសាបឲ្យច្រើនជាងឆ្នាំមុនៗ។
អាជ្ញាធរបឹងទន្លេសាបបានបើកយុទ្ធការបែបនេះលើកដំបូងនៅខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ តាមបទបញ្ជាលេខ០១ របស់លោក ហ៊ុន សែន។
កាលពីឆ្នាំ២០១១ កន្លងទៅនេះប្រធានជលផលចំនួន ៥នាក់ នៅខេត្តចំនួន ៥ នៅជុំវិញបឹងទន្លេសាបនោះ ត្រូវបានលោក ហ៊ុន សែន ប្រកាសដកហូតចេញពីតំណែង។ ឡូត៍នេសាទឯកជនចំនួន ៣៥កន្លែង នៅបឹងទន្លេសាប ត្រូវបានលោក ហ៊ុន សែន បញ្ជាឲ្យដកហូតដាក់ជាសម្បត្តិសាធារណៈវិញ។ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនពាន់ម៉ែត្រត្រូវបានអាជ្ញាធរបឹងទន្លេសាប បានរឹបអូស និងដុតបំផ្លាញចោលនៅនឹងកន្លែង៕
