ប្រជាពលរដ្ឋរស់នៅក្នុងឃុំមៀន ស្រុកព្រៃឈរ បានលើកឡើងថា បទល្មើសនេសាទប្រើឧបករណ៍សៃរឺស្បៃមុង ព្រួល មានក្រឡាល្អិតក្រោមមួយហ៊ុន និងការឆក់ត្រីខុសច្បាប់ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង នៅចំណុចបឹងព្រលឹត និងបឹងរំពោល ជាប់នឹងបឹងធំ ជាតំបន់ត្រីពងដោយគ្មានមន្ត្រីជលផលទប់ស្កាត់។
អតីតក្រុមប្រឹក្សាឃុំមៀន លោក រ៉េន រ៉ាន់ ឲ្យដឹងថា បទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ដូចជាសៃរឺស្បៃមុង ព្រួលក្រឡាទំហំមួយផឹង ឬមួយហ៊ុន ប្រវែងប្រមាណ ៧០ម៉ែត្រ ដែលដាក់ឡាក់ ឬបិទមាត់ច្រកចេញចូល នៅតំបន់បឹងព្រលឹត និងបឹងរំពោល ជាតំបន់ត្រីពងក្នុងរដូវបិទនេសាទ កំពុងធ្វើឲ្យបាត់បង់ធនធានមច្ឆាជាច្រើន និងធ្វើឲ្យប៉ះពាល់ដល់ប្រជានេសាទជាលក្ខណៈគ្រួសារ។
លោកបន្តថា ក្រៅពីនេះ ប្រជានេសាទខុសច្បាប់ក៏នៅបន្តប្រើឧបករណ៍ឆក់ត្រីនៅក្នុងតំបន់ហាមឃាត់មួយចំនួនទាំងយប់ទាំងថ្ងៃយ៉ាងគឃ្លើន ដោយគ្មានអាជ្ញាធរ និងមន្ត្រីជលផលទប់ស្កាត់៖ «អ្វីដែលយើងដាក់ឧបករណ៍ខុសច្បាប់ឆក់អីហ្នឹង គឺគេយកទាំងត្រីតូច ត្រីធំ គឺបានទាំងអស់មិនអាចលុបបំបាត់បាន»។
ប្រជានេសាទឈ្មោះ យីម ទិត ឲ្យដឹងថា អាជ្ញាធរនិងមន្ត្រីជលផលខេត្តបានឃុបឃិតជាមួយប្រជាពលរដ្ឋនេសាទខុសច្បាប់ ជាថ្នូរនៃប្រាក់សំណូកប្រចាំខែ ដើម្បីមានសិទ្ធិអូសសៃ ពង្រាយព្រួល និងឆក់ត្រីខុសច្បាប់នៅបឹងព្រលឹត និងបឹងរំពោល ដែលផ្ទុយពីគោលការណ៍នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឲ្យអភិរក្សជម្រកត្រីពង និងហាមនេសាទខុសច្បាប់។
ប្រជានេសាទឈ្មោះ យីម ទិត៖ «មុនគេចុះមកចាប់អួនហ្នឹង គេតេ (ទូរស័ព្ទ) ឲ្យអួនឡើងគោករួចអស់ ទើបឡានគេមកដល់ គឺថា អ្នកអូសអួនបង់ពន្ធសូកលុយសូកកាក់តិចតួចទៅ កាលណាគេរករឿងខ្លាំងទៅមន្ត្រីជលផលតេទៅឲ្យប៉ូលិស ប៉ូលិសតេឲ្យពួកអួនដឹកឡើង»។
បឹងធំជាបឹងមួយមានផ្ទៃទឹកប្រមាណ ៤៨ហិកតារ។ បឹងនេះជាប់ចំនួន ៣ស្រុក គឺស្រុកព្រៃឈរ ស្រុកកងមាស និងស្រុកកំពង់សៀម។ បឹងនេះស្ថិតនៅក្នុងឡូត៍នេសាទលេខ២ ដែលរដ្ឋាភិបាលបានកាត់ឲ្យប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារវិញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១។
ប្រជាពលរដ្ឋឲ្យដឹងថា កាលពីដើមខែកក្កដា មន្ត្រីជលផលខេត្តបានចុះចាប់អួនស្បៃមុងជាច្រើន ដែលប្រជាពលរដ្ឋនេសាទខុសច្បាប់ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនស្ដីពីការនេសាទខុសច្បាប់នៅតំបន់នោះ និងការរិះគន់ថា មានការសូកប៉ាន់ប្រាក់ចំនួន ៤ម៉ឺនរៀលដល់អាជ្ញាធរ និងមន្ត្រីជលផលខេត្តជារៀងរាល់ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងឱកាសប្រារព្ធទិវាមច្ឆាជាតិ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០១២ នៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវហ៊ានងើបឡើងតស៊ូមតិប្រឆាំងនឹងប្រធានសហគមន៍នេសាទ ឬមន្ត្រីពាក់ព័ន្ធទាំងអស់ដែលទទួលសំណូកបើកឲ្យមានការនេសាទខុសច្បាប់នៅក្នុងរដូវហាមឃាត់។
នាយរងខណ្ឌរដ្ឋបាលជលផលខែត្រកំពង់ចាម លោក ភួង ទីណា បានបដិសេធថា មិនមានមន្ត្រីជលផលណាឃុបឃិត ឬទទួលសំណូកពីអ្នកនេសាទខុសច្បាប់នោះទេ តែទទួលស្គាល់ថា ការចុះបង្ក្រាបបទល្មើសនេសាទរបស់មន្ត្រីជំនាញពិតជាមានចន្លោះប្រហោងពិតមែន ដែលធ្វើឲ្យជនខិលខូចមួយចំនួនឆ្លៀតនេសាទខុសច្បាប់នៅរដូវហាមឃាត់។
លោក ភួង ទីណា៖ «ការបង្ក្រាបហ្នឹង គឺកម្លាំងជំនាញឡើងមកអ្នកលើសហ្នឹងចេះតែលួចដាក់យប់លួចដាក់ខ្លះអីខ្លះអ៊ីចឹង។ នៅពេលដែលយើងចុះបង្ក្រាបបានទៅពេលយើងឡើងលួចដាក់ទៅបាទ!»។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ចាម លោក នាង សុវ៉ាត ដែលកន្លងមកលោកបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍នេសាទឲ្យដឹងថា ពិតជាមានករណីពុករលួយនៅក្នុងជួរមន្ត្រីជលផលខេត្តកំពង់ចាម ទាក់ទងនឹងបទល្មើសនេសាទពិតមែន។ អ្វីដែលលោកកត់សម្គាល់បន្ថែមទៀតនោះ គឺរាល់ពេលដែលប្រជាពលរដ្ឋរាយការណ៍ពីបទល្មើសនេសាទឲ្យមន្ត្រីជលផល មន្ត្រីជលផលទាំងនោះ មិនបានលាក់ប្រភពនោះទេ ធ្វើឲ្យជនល្មើសគំរាមកំហែងដល់ពួកគេ ធ្វើឲ្យប្រជាពលរដ្ឋភ័យពីសុវត្ថិភាព និងខ្លាចមិនហ៊ានផ្តល់ព័ត៌មានពីបទល្មើសនេសាទនៅតាមសហគមន៍។
លោកថាដើម្បីទប់ស្កាត់បទល្មើសនេសាទបានជោគជ័យ លុះត្រាណាមានការសហការពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងមន្ត្រីជលផល តែកន្លងមកអ្នកភូមិមិនហ៊ានរាយការណ៍ពីបទល្មើសនេសាទនោះទេ ទើបមានបទល្មើសនេសាទច្រើនរហូតមិនអាចទប់ស្កាត់បានដោយជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។