អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ថា ទូកវៀតណាម ២គ្រឿង មានកម្មករនេសាទ ៨នាក់ និងឧបករណ៍នេសាទមួយចំនួនត្រូវអាជ្ញាធរខេត្តកំពត ចាប់បង្ក្រាបបានកាលពីដើមខែតុលា ឆ្នាំ២០១២។
លោកអះអាងថា ព្រំដែនទឹករវាងប្រទេសវៀតណាម និងកម្ពុជា នៅមិនទាន់កំណត់ច្បាស់លាស់ ទើបទូកនេសាទរបស់វៀតណាម និងទូករបស់កម្ពុជា លូចនេសាទចូលគ្នាទៅវិញទៅមកក្នុងដែនសមុទ្ទខ្មែរ ស្ថិតក្នុងស្រុកទឹកឈូរ ខេត្តកំពត។
លោកថា អាជ្ញាធរខេត្តកំពត កំពុងដោះស្រាយបញ្ហាបានកើតឡើងនោះហើយ គឺអនុវត្តតាមនីតិវិធីច្បាប់ និងមានការយោគយល់គ្នាជាប្រទេសជិតខាង៖ «យូរៗគេចូលម្ដងទេ យើងចូលគេចង់រាល់ថ្ងៃ យើងនេសាទហើយ យកទៅលក់ស្រុកគេ អ៊ីចឹងហើយបានជាធ្វើការដោះស្រាយផ្អែកទៅលើគោលការណ៍ច្បាប់ និងសហប្រតិបត្តិការ»។
ជុំវិញជនជាតិវៀតណាម លួចនេសាទក្នុងដែនសមុទ្ទខ្មែរនៅខេត្តកំពត នោះ នៅឯស្រុកអង្គរបុរី ខេត្តតាកែវ វិញ មានជនជាតិវៀតណាម មកដាក់នេសាទក្នុងឡូត៍លេខ ១៣ ដែលរដ្ឋាភិបាលបានកាត់ពីការគ្រប់គ្រងរបស់រដ្ឋមកឲ្យប្រជាពលរដ្ឋរកនេសាទវិញ។
ជំទប់ទី២ ឃុំគោកធ្លក លោក ផែង សំអាត ថ្លែងថា ម៉ោង ៣ទៀបភ្លឺ ថ្ងៃ៤ ខែតុលា រូបគាត់ជាអាជ្ញាធរទៅនេសាទត្រីក្នុងឡូត៍លេខ ១៣ ប៉ុន្តែទូកគាត់ត្រូវក្រុមនេសាទជនជាតិវៀតណាម ចំនួន ៣ទូក មកព័ទ្ធចាប់គាត់ ២នាក់ប្តីប្រពន្ធ ប៉ុន្តែគាត់រត់រួច។
ព្រលឹមស្រាងៗថ្ងៃដដែលលោកបាននាំប្រជាពលរដ្ឋទៅតាមចាប់ទូកនេសាទជនជាតិវៀតណាម គឺចាប់បានម៉ាស៊ីនទូកចំនួន ៣គ្រឿង មកដាក់សាលាឃុំ។ លោកថា ជនជាតិវៀតណាម បានបង្ហាញគាត់នូវលិខិតអនុញ្ញាតនេសាទ ដោយមានបោះត្រាពីមន្ត្រីជលផលឲ្យនេសាទបាននៅថ្ងៃ៤ និងទី៥ ខែតុលា។
លោកអះអាងថា បញ្ហានេះអាជ្ញាធរឃុំរង់ចាំការដោះស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធ៖ «សម្ភារៈអីហ្នឹង ប្រគល់ឲ្យមេឃុំគ្រប់គ្រងនៅនឹងសាលាឃុំហ្នឹង ហើយកំណត់ហេតុអីទុកនៅគាត់ហើយ គាត់ថា ចាំមើលយួន វាមកជួបមើល៍ តើសភាពការណ៍វាយ៉ាងម៉េចគាត់នឹងធ្វើការដោះស្រាយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីសង្កាត់រដ្ឋបាលជលផលខេត្តតាកែវ លោក អ៊ូ និត ស្ដីពីបញ្ហាដែលជនជាតិវៀតណាម មានលិខិតអនុញ្ញាតចូលនេសាទក្នុងទឹកដីខ្មែរនោះបានទេ នៅថ្ងៃព្រហស្បត្តិ៍ ទី៤ ខែតុលា។ ប៉ុន្តែអភិបាលស្រុកអង្គរបុរី លោក ឈាវ ហ៊ ថ្លែងថា មិនទាន់មានបណ្ដឹងមកដល់សាលាស្រុកនៅឡើយ។
លោកថា បញ្ហាអនុវត្តច្បាប់ជលផលទៅលើជនបរទេសនេសាទក្នុងទឹកដីខ្មែរ ជាសិទ្ធិសំរេចរបស់រដ្ឋបាលជលផល ត្រូវដាក់ទោស ឬសម្រេចដោះលែង និងពិន័យយ៉ាងណាមួយនោះ។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក មានប្រសាសន៍កាលពីថ្ងៃ២៧ ខែកញ្ញា ថា បទល្មើសនេសាទនៅឆ្នាំ២០១២ ថយចុះច្រើនជាងឆ្នាំកន្លងទៅ។ ក្នុងរដូវបិទនេសាទឆ្នាំនេះ រដ្ឋបាលជលផល និងអាជ្ញាធរដែនដី សហការបង្ក្រាបបទល្មើសនេសាទបានជាង ៤.៦០០ករណី។ ឧបករណ៍ខុសច្បាប់ធ្លាប់មានទំហំធំ និងបណ្ដោយច្រើនរយម៉ែត្រ បានរួមតូច អាចនៅបណ្ដោយតែជាង ១០ម៉ែត្រប៉ុណ្ណោះ។ លោកថា ឧបករណ៍រួមតូចនេះ បញ្ជាក់អំពីការថយចុះ ឥទ្ធិពលបំផ្លាញជលផលត្រីទឹកសាប និងទឹកប្រៃ។
ប្រទេសកម្ពុជា ជាតំបន់ដែលសំបូរត្រីធម្មជាតិទាំងទឹកសាប និងទឹកប្រៃ ប៉ុន្តែនៅក្នុងទីផ្សារនានា គេឃើញសំបូរលក់តែត្រីចិញ្ចឹម មានត្រីប្រា ត្រីទីឡាប់យ៉ា ត្រីអណ្ដែង ត្រីផ្ទក់ ត្រីកាប ត្រីក្រាញ់ ជាដើម គេមិនសូវឃើញមានលក់ត្រីដែលនេសាទពីទន្លេនានាដូចមុនដាក់លក់ក្នុងផ្សារឡើយ។
ប្រជាពលរដ្ឋខេត្តតាកែវ អះអាងថា ត្រីកំពុងលក់នៅក្នុងផ្សារឯទីក្រុងភ្នំពេញ ភាគច្រើនជាត្រីចិញ្ចឹមដែលបានដឹកពីប្រទេសវៀតណាម ដាក់ក្នុងកេស ស័ង្កសី ដឹកចូលមកលក់ក្នុងមួយថ្ងៃៗច្រើនរថយន្តដាក់លក់ពាសពេញតាមផ្សារនានាក្នុងក្រុងភ្នំពេញ នៅឆ្នាំ២០១២ ច្រើនជាងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។