លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅឯវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១២ ថា ថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិលើកទី៥៩ គឺជាថ្ងៃដែលបានមកពីព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានខិតខំទាមទារឯករាជ្យពីអាណានិគមបារាំង តាំងពីឆ្នាំ១៩៥៣ មក។
លោក ហ៊ុន សែន៖ «ថ្ងៃស្អែកគឺជាថ្ងៃសម្រាកក្នុងខួបលើកទី៥៩ នៃថ្ងៃឯករាជ្យរបស់យើង ហើយរំលឹកទៅដល់ថ្ងៃខួបឯករាជ្យជាតិនេះ ក៏រំលឹកទៅដល់គោរពវិញ្ញាណក្ខន្ធរបស់សម្ដេចឪ សម្ដេចតា សម្ដេចតាទួតរបស់យើង ដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ចទាមទារនូវឯករាជ្យ ៩ វិច្ឆិកា ១៩៥៣។ ឥឡូវនេះមកដល់៩ វិច្ឆិកា ២០១២ មានរយៈពេល ៥៩ឆ្នាំហើយ»។
រដ្ឋាភិបាលតែងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកា ជារៀងរាល់ឆ្នាំនៅឯវិមានឯករាជ្យ រាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារដើម្បីអបអរសាទរពិធីនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។