ជនជាតិ​ដើម​ភាគ​តិច​អំពាវនាវ​ឲ្យ​ជួយ​គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​សិប្បកម្ម

ក្រុម​សិប្បករ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី បាន​ជួប​ប្រជុំ​គ្នា​រិះរក​វិធី​អភិវឌ្ឍន៍​សិប្បកម្ម​ប្រពៃណី​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ប្រសើរ ដើម្បី​កែប្រែ​ជីវភាព​រស់​នៅ និង​អភិរក្ស​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។
ដោយ រដ្ឋា វីសាល
2012-08-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​ជាតិ​ដើម​ភាគ​តិច ៣០៥
ក្រុម​សហគ្រិន​សិប្បកម្ម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ចូល​រួម​សិក្ខាសាលា​ស្ដីពី​ការ​អភិវឌ្ឍ​សហគ្រាស​នៅ​ស្នាក់ការ​អង្គការ ខេនឌូ នា​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២។
RFA/Ratha Visal

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ចំនួន​ពីរ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា ឆ្នាំ​២០១២ អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល អង្គការ​ជាតិ អន្តជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ បន្ត​ជួយ​គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​សហគ្រាស​សិប្បកម្ម​ជនជាតិ​ដើម​ភាគ​តិច​ជា​បន្ត​ទៀត តាម​រយៈ​ផ្ដល់​មធ្យោបាយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពង្រីក​ទីផ្សារ​លក់​ផលិតផល​ប្រពៃណី​ជនជាតិ​ដើម។

សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ស្ដីពី​ការ​អភិវឌ្ឍ​សហគ្រាស​សិប្បកម្ម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​អង្គារ ទី​២១ ដល់​ថ្ងៃ​ពុធ ទី​២២ ខែ​សីហា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​សិប្បកម្ម ខេនឌូ (Cando) ឬ​អង្គការ​អភិវឌ្ឍន៍​អនុផល​ព្រៃ​ឈើ​កម្ពុជា ប្រចាំ​ខេត្ត​រតនគិរី។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង​មក​ពី​ខេត្ត​មណ្ឌលគិរី អ្នកស្រី ទូច វន មាន​ប្រសាសន៍​បញ្ជាក់​ថា ផលិតផល​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​ផលិត​បាន​កាន់​តែ​ច្រើន និង​មាន​សោភណ្ឌភាព និង​គុណភាព​អាច​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​បាន។

យ៉ាង​នេះ​ក្តី អ្នកស្រី​បន្ត​ថា ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​ការ​កិច្ច​ឧបត្ថម្ភ​បន្ត​ទៀត ដើម្បី​ពង្រីក​ធនធាន​មនុស្ស និង​ទីផ្សារ​លក់​ផលិតផល​សិប្បកម្ម​ប្រពៃណី​នេះ៖ «អត្តសញ្ញាណ​ជនជាតិ​ព្នង​យើង​ហ្នឹង​អាច​បាន​ឡើង​វិញ មុន​ហ្នឹង​ចង់​បាត់​សាប​រលាប​ហើយ។ ខាង​ត្បាញ ខាង​ជនជាតិ​ចង់​ភ្លេច​អស់​ហើយ រាល់​ថ្ងៃ​បាន​ខាង​អង្គការ​ជួយ​ខាង​បច្ចេកទេស ជួយ​គំនិត​ផ្ដើម បើ​តាម​ពួក​ខ្ញុំ​គ្មាន​ទេ អស់​សង្ឃឹម​ហើយ បើ​តាម​ក្មេងៗ​មិន​ដែល​ស្គាល់​ត្បាញ​របៀប​ម៉េច»

ផលិតផល​សិប្បកម្ម​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​ផលិត​បាន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន​រួម​មាន​គ្រឿង​សម្ភារៈ​ប្រើប្រាស់ ឬ​វត្ថុ​អនុស្សាវរីយ៍ មាន​ផលិតផល​តម្បាញ​អំបោះ ឬ​សូត្រ ផលិតផល​ធ្វើ​ពី​ឫស្សី ឬ​ផ្ដៅ និង​ផលិតផល​ចម្លាក់​ពី​ឈើ។

អ្នក​សម្របសម្រួល​អង្គការ ខេនឌូ លោក ហៀង សារឹម មាន​ប្រសាសន៍​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០០៦ រហូត​បច្ចុប្បន្ន អង្គការ ខេនឌូ បាន​ផ្ដល់​ការ​គាំទ្រ​សិប្បករ​អ្នក​មាន​ទេពកោសល្យ​នៅ​សេស​សល់​តិច​តួច​ពី​សម័យ​ខ្មែរ​ក្រហម​ឲ្យ​ផលិត​គ្រឿង​សិប្បកម្ម​ប្រពៃណី​របស់​ខ្លួន និង​ស្វែង​រក​ទីផ្សារ​លក់​ផលិតផល​ទាំង​នោះ​កើន​ប្រាក់​ចំណូល​ដល់​សហគមន៍​បាន​មួយ​កម្រិត ប្រៀប​ធៀប​មុន​នេះ សិប្បកម្ម​ប្រពៃណី​ជនជាតិ​ដើម​ស្ទើរ​តែ​បាត់​បង់​គ្មាន​អ្នក​ផលិត។

លោក​បន្ត​ថា សហគ្រាស​សិប្បកម្ម​សហគមន៍​ជនជាតិ​ដើម នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី បាន​បង្កើត​ឡើង​ចំនួន ៣០​សហគ្រាស និង​មាន​សិប្បករ​មាន​ទេពកោសល្យ​កើន​ពី​ដប់​នាក់ ឡើង​ដល់​ជិត ៤០០​នាក់៖ «យើង​សង្ឃឹម​ហើយ​មើល​ឃើញ​ថា គាត់​នឹង​អាច​មាន​សមត្ថភាព​បាន​ហើយ​ចាត់​ចែង​ការងារ​របស់​គាត់​បាន បើ​សិន​ជា​យើង​នៅ​បន្ត​គាំទ្រ​ពង្រឹង​សមត្ថភាព​គាត់ ៥​ឆ្នាំ​ទៅ​មុខ​ទៀត»

សេចក្ដី​រាយការណ៍​របស់​តំណាង​សហគ្រាស​សិប្បកម្ម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​លក់​ផលិតផល​សិប្បកម្ម​ជនជាតិ​ដើម​ភាគ​តិច​មាន​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប រួម​ទាំង​ទីតាំង​លក់​គ្រឿង​អនុស្សាវរីយ៍​ឯកជន​មួយ​ចំនួន​ទៀត។

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​គ្រឿង​សម្ភារៈ​សិប្បកម្ម​របស់​ជនជាតិ​ដើម​គឺ​ជា​ផ្នែក​មួយ​នៃ​ផលិតផល​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​នៅ​ខេត្ត​ប៉ែក​ឦសាន និង​តំបន់​ទេសចរណ៍​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស ដែល​បាន​ផ្ដល់​ប្រាក់​ចំណូល​សំខាន់​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ។

លោក​បន្ត​ថា កត្តា​នេះ​អាច​សម្រេច​ជោគជ័យ​បន្ត​បាន លុះ​ត្រា​សង្គម​ស៊ីវិល​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​ជំរុញ​ឲ្យ​សហគ្រាស​សិប្បកម្ម​សហគមន៍​ជនជាតិ​ដើម​បង្កើត​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​បរិមាណ​ច្រើន​តាម​តម្រូវ​ការ​ទីផ្សារ​មាន​សោភណ្ឌភាព និង​គុណភាព។

លោក ប៉ាវ ហមផាន៖ «អ្វី​ជា​ជំនាញ​របស់​គាត់​ហ្នឹង គឺ​ដើម្បី​បម្រើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ភាគ​តិច​នេះ​ឯង។ តាម​រយៈ​ស្នាដៃ​របស់​គាត់​ហ្នឹង​ដែរ ដែល​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​របស់​ខេត្ត និង​បើក​ឲ្យ​គាត់​មាន​ទំនាក់ទំនង​បង​ប្អូន​ដែល​មាន​ទុន​ដើម្បី​អភិវឌ្ឍន៍​កិច្ចការ​ហ្នឹង​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត»

តាម​ការ​គ្រោង​ទុក​ក្រុម​សិប្បករ​នៃ​សហគ្រាស​សិប្បកម្ម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​ពីរ​ខេត្ត និង​រួម​គ្នា​បង្កើត​សហគ្រាស​សិប្បកម្ម​ថ្នាក់​ជាតិ​មួយ​នៅ​ឆ្នាំ​២០១៣ ដើម្បី​ទំនាក់​ទំនង​ជា​សាធារណៈ ស្វែង​រក​មូលនិធិ​គាំទ្រ​គំរោង​អភិវឌ្ឍន៍​សហគមន៍​ជន​ជាតិ​ដើម​ទៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល