មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១២ ឲ្យដឹងថា សមាគមនេះយល់ព្រមផ្ដល់មេធាវីសំរាប់ការពារក្ដីជនរងគ្រោះជាភរិយា និងម្ដាយរបស់អ្នកសារព័ត៌មានវរជនខ្មែរ ដើម្បីជំរុញរឿងក្ដីឃាតកម្មនេះស្វែងរកជនប្រព្រឹត្តល្មើស។
ប្រធានផ្នែកអង្កេតសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍បញ្ជាក់ថា គ្រួសារជនរងគ្រោះបានដាក់ពាក្យស្នើសុំមកអង្គការលោកជួយផ្ដល់មេធាវីការពារក្តីនេះ តាំងពីថ្ងៃ១៥ ខែកញ្ញា កន្លងទៅ ហើយបច្ចុប្បន្នសមាគមអាដហុក បានផ្ដល់មេធាវីតាមការស្នើសុំនោះហើយ។
លោកបន្តថា ទំនងជាថ្ងៃស្អែកមេធាវីលោកនឹងធ្វើដំណើរទៅដល់ខេត្តរតនគិរី៖ «ខ្ញុំបានឲ្យមេធាវីដែលប្រចាំនៅខាងតំបន់ក្រចេះ ទៅការពារភាគីជនរងគ្រោះហើយ។ តាមព័ត៌មាន ខាងស្នាក់ការអាដហុក ឲ្យមកហ្នឹង គឺខាងអាដហុក បានបំពេញសំណុំបែបបទឯកសារមេធាវីរួចហើយ អ៊ីចឹងប្រហែលមេធាវីយើងបើមិនថ្ងៃនេះទេ ស្អែក ប្រហែលជាគាត់ទៅដល់ដើម្បីដាក់ពាក្យសុំការពារ»។
អ្នកយកព័ត៌មានកាសែតវរជនខ្មែរ លោក ហង្ស សិរីឧត្ដម ត្រូវបានឃាតកសម្លាប់កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ហើយសាកសពលោកត្រូវសមត្ថកិច្ចប៉ូលិសរកឃើញនៅឃ្លុបខាងក្រោយរថយន្តរបស់លោក ដែលឃាតកយកទៅទុកចោលនៅក្នុងចំការស្វាយចន្ទីមួយក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។
ម្ដាយជនរងគ្រោះ អ្នកស្រី កែវ សុវណ្ណ មានប្រសាសន៍បញ្ជាក់ថា អ្នកស្រីនិងកូនប្រសារបស់អ្នកស្រី បានដាក់ពាក្យប្ដឹងទៅចៅក្រមស៊ើបសួរក្នុងរឿងក្ដីនេះហើយ នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា នេះ។
អ្នកស្រីបន្តថា គ្រួសារគាត់ប្ដឹងទាមទារឲ្យតុលាការស្វែងរកយុត្តិធម៌ឲ្យកូនប្រុសគាត់ និងសុំឲ្យផ្ដន្ទាទោស រួមទាំងផ្ដល់សំណងជំងឺចិត្តដល់ភរិយាជនរងគ្រោះ៖ «អាយុជីវិតកូនខ្ញុំ និងប្រពន្ធជិតគ្រប់ខែ គ្មានអ្វីទីពឹង និងម្ដាយឪពុកចាស់ជរាសព្វថ្ងៃ ហើយមានកូនច្រើនទៀត ខ្វះខាតគ្រប់បែបយ៉ាង។ដូច្នេះសូមអំពាវនាវប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន និងលោកជំទាវ និងគ្រប់ស្ថាប័នទាំងអស់ សូមជួយ និងសង្ឃឹមទុកជាមុនមេត្តាជួយខ្ញុំផង»។
ចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី លោក ឡុច ឡៅ នៅថ្ងៃអង្គារ នេះ មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីក្រឡាបញ្ជីរបស់លោកថា តើបានទទួលពាក្យប្ដឹងរបស់គ្រួសារជនរងគ្រោះនោះ ឬយ៉ាងណាទេ ក៏ប៉ុន្តែរឿងក្តីនេះលោកកំពុងធ្វើការស៊ើបអង្កេតបន្តពីស្ថាប័នអយ្យការ។
លោកបន្តថា គ្រួសារជនរងគ្រោះអាចស្នើសុំដាក់មេធាវីផ្ទាល់ខ្លួន ឬតុលាការ និងផ្ដល់មេធាវីជូនជនរងគ្រោះ ប្រសិនជនរងគ្រោះមិនមានលទ្ធភាពរកមេធាវីបាន៖ «ព្រឹកមិញខ្ញុំទៅពន្ធនាគារអត់បានសួរក្រឡាបញ្ជី ប៉ុន្តែយើងបានទទួលសំណុំរឿងពីអយ្យការ។ ចាំមើលគាត់មើល៍ បើគាត់សុំឲ្យយើងចាត់យើងក៏ឲ្យគាត់ដែរ បើសិនគាត់រកមេធាវីខ្លួនឯងក៏រកទៅ»។
កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុននេះ ចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី លោក ឡុច ឡៅ បានសំរេចចេញដីកាឃុំខ្លួនជនសង្ស័យចំនួនពីររូប គឺមន្ត្រីកងរាជអាវុធហត្ថខេត្ត លោក អ៊ាន ប៊ុនហេង ហៅ អេង និងភរិយា គឺអ្នកស្រី ស៊ឹម វី ពីបទជាប់ពាក់ព័ន្ធអំពើឃាតកម្មគ្រោងទុក។ ជនជាប់ចោទទាំងពីរនាក់បានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តរួចហើយ បន្ទាប់ពីប៉ូលិសខេត្តបានបញ្ចប់ការស៊ើបអង្កេតរយៈពេល ៧២ម៉ោង។
ក្នុងនោះដែរ មានមនុស្សចំនួន ៨នាក់ផ្សេងទៀតត្រូវបានប៉ូលិសអញ្ជើញឲ្យមកឆ្លើយបំភ្លឺនៅស្នងការដ្ឋានប៉ូលិស ប៉ុន្តែមិនមានឃាត់ខ្លួននរណាម្នាក់ឡើយ។ មនុស្សទាំង ៨នាក់ រួមមាន ពីរនាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ម្នាក់ជាមន្ត្រីប៉ូលិសខេត្ត និង ៤នាក់ទៀតជាប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។