គ្រូពេទ្យ​២០០​នាក់​នៅ​ខេត្ត​កំពង់ចាម​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម

ក្រសួង​សុខាភិបាល​សហការ​ជាមួយ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR= Foundation For International Development/Relief) ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ទូទៅ​ដល់​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព នៅ​ខេត្ត​កំពង់ចាម ពី​ស្ថានភាព និង​រោគ​វិនិច្ឆ័យ​ជំងឺ​វះ​កាត់​កុមារ​ជា​សារវន្ត។
ដោយ ទេព សុរ៉ាវី
2012-06-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​ផ្សព្វផ្សាយ​នេះ​ជា​ទុន​ខ្លះ​សម្រាប់​ឲ្យ​គ្រូពេទ្យ​ទាំង​នោះ​អាច​ជួយ​សង្គ្រោះ​កុមារ ឬ​អាច​បញ្ជូន​កុមារ​មក​ព្យាបាល​នៅ​កន្លែង​ដែល​អាច​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព និង​ទាន់​ពេល​វេលា ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​ពិការភាព​របស់​កុមារ​នៅ​កម្ពុជា។

ក្រុម​គ្រូពេទ្យ​ចំនួន ២០០​នាក់ នៅ​តាម​មណ្ឌល​សុខភាព​ទូទាំង​ខេត្ត​កំពង់ចាម ត្រូវ​បាន​ពង្រឹង​សមត្ថភាព​បន្ថែម ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ជំងឺ​វះ​កាត់​កុមារ​ជា​សារវន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​បន្ទាន់។

ការ​វះ​កាត់​កុមារ​ជា​សារវន្ត ជា​ទូទៅ​គេ​ស្គាល់​ថា ជា​ប្រភេទ​ជំងឺ​មិន​គ្រប់​លក្ខណៈ​ពី​កំណើត មាន​ដូច​ជា​រង្វះ​ចំហ​នៅ​លើ​ផ្ទៃ​មុខ លក្ខណៈ​មិន​ធម្មតា​ពី​កំណើត ជំងឺ​ដែល​បណ្ដាល​មក​ពី​បញ្ហា​ផ្សេងៗ ដូច​ជា​ការ​ប៉ះ​ទង្គិច​ទៅ​លើ​ក្បាល និង​ផ្ទៃ​មុខ មាត់​ឆែប ខ្វេរ​ជើង និង​ទឹក​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្បាល​ចេះ​តែ​រីក​ធំ​ឡើងៗ​ជាដើម។

ថ្លែង​នៅ​ក្នុង​សន្និសីទ​លើក​ទី​៤ នៃ​ជំងឺ​វះកាត់​កុមារ​ជា​សារវន្ត​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ប្រធាន​ការិយាល័យ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ជា​ប្រធាន​សមាគម​សោធន៍​សាស្ត្រ​កុមារ លោក ម៉ម វិទ្យារិទ្ទ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អត្រា​វះ​កាត់​ជំងឺ​កុមារ​ដែល​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ទទួល​បាន​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​ជាតិ​មួយ​ចំនួន​នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ។ លោក​លើក​ឧទាហរណ៍​ចំពោះ​ភាព​លូតលាស់​យឺតយ៉ាវ​នៃ​សន្ទះ​ទ្រូង​កុមារ​ដែល​តាម​ហ្វ្រេកង់ ជំងឺ​នេះ​កើត​មាន​លើ​កុមារ​ចំនួន ៩០​នាក់​ក្នុង​មួយ​ឆ្នាំ តែ​ជាក់​ស្តែង​មន្ទីរពេទ្យ​កុមារ​ជាតិ​ទទួល​បាន​អ្នក​ជំងឺ​ក្រោម ១០​នាក់​ប៉ុណ្ណោះ។

លោក ម៉ម វិទ្យារិទ្ទ បញ្ជាក់​ថា ខាង​មន្ទីរពេទ្យ​ទទួល​បាន​អ្នក​ជំងឺ​តិច មិន​មាន​ន័យ​ថា គ្មាន​អ្នក​ជំងឺ​នោះ​ទេ។ កុមារ​ទាំង​នោះ​អាច​ស្លាប់​នៅ​មណ្ឌល​សុខភាព ឬ​តាម​ផ្លូវ​នៅ​ពេល​ដែល​បញ្ជូន​មក​ពី​មន្ទីរពេទ្យ​ខេត្ត ឬ​មន្ទីរពេទ្យ​កុមារ​ជាតិ៖ «ការ​ផ្សព្វផ្សាយ​នេះ​ក្នុង​គោលបំណង​ឲ្យ​មន្ត្រី​នៅ​មណ្ឌល​សុខភាព​មាន​ការ​យល់​ដឹង​ខ្លះ និង​ស្គាល់​ទី​កន្លែង​ដែល​ត្រូវ​ការ​ព្យាបាល​ទៅ​កន្លែង​ដែល​សម​ស្រប»

លោក​បន្ត​ថា ការ​ផ្សព្វផ្សាយ​ពី​ការ​វះ​កាត់​កុមារ​ជា​សារវន្ត​ដល់​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព​ជា​ការ​ពង្រឹង​សមត្ថភាព និង​ឲ្យ​គ្រូពេទ្យ​ទាំង​នោះ​ដឹង​ពី​លក្ខណៈ​រោគ​វិនិច្ឆ័យ​មួយ​ចំនួន​នៃ​ស្ថានភាព​ជំងឺ​កុមារ ហើយ​អាច​បញ្ជូន​កុមារ​ទាំង​នោះ​មក​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​ពិការភាព​របស់​កុមារ។

លោក រស់ ថុន អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង ដែល​ធ្លាប់​សិក្សា​ផ្នែក​ជំនាញ​វះ​កាត់​កុមារ និង​ចូល​រួម​ក្នុង​សិក្ខាសាលា ឲ្យ​ដឹង​ថា ដោយ​ចំណេះ​ដឹង​នៅ​មាន​កម្រិត ពី​មុន​លោក​ធ្លាប់​គិត​ថា ការ​កើត​មិន​ប្រក្រតី​របស់​កុមារ ដូចជា​ការ​គ្មាន​រន្ធ​គូថ ជា​រឿង​ផលកម្ម​ដែល​ក្មេង​នោះ​បាន​សាង​ពី​ជាតិ​មុន និង​មិន​បាន​ព្យាបាល​កុមារ​នោះ​ទេ។ តែ​ក្រោយ​ពី​បាន​សិក្សា និង​ស្វែង​យល់​ពី​ជំងឺ​វះ​កាត់​កុមារ​រយៈពេល ២​ឆ្នាំ​បន្ថែម​ទៀត លោក​អាច​មាន​លទ្ធភាព​វះ​កាត់ ជួយ​កុមារ​ដែល​មាន​ជំងឺ​ទាំង​នោះ​បាន​ដោយ​ជោគជ័យ។

លោក រស់ ថុន៖ «កុមារ​ដែល​កើត​មក​អត់​មាន​រន្ធ​គូថ យើង​អាច​ជួយ​គាត់​បាន​ភ្លាម អា​អ្នក​កើត​មក​អត់​មាន​រន្ធ​គូថ បើ​មិន​បាន​ជួយ​វា វា​ស្លាប់​ហើយ យើង​មិន​អាច​បណ្ដោយ​តាម​វាសនា​គេ​បាន​ទេ ត្រូវ​ច្នៃ​ឲ្យ​គេ​រស់។ ករណី​ថា កើត​មក​មាត់​ឆែប​អ៊ីចឹង ថ្វីត្បិត​នៅ​កន្លែង​ខ្ញុំ​មិន​ទាន់​ធ្វើ​បាន ក៏​យើង​ដឹង​ថា ត្រូវ​បញ្ជូន​គាត់​ទៅ​ណា​ដែល​អាច​ធ្វើ​ឲ្យ​បាន​ស្អាត​ស្អី​អ៊ីចឹង»

ប្រធាន​មណ្ឌល​សុខភាព​តាប្រុក នៅ​ស្រុក​ចំការលើ លោក បេ គុណថាច ឲ្យ​ដឹង​ថា កន្លង​មក​កុមារ​ដែល​មាន​ស្ថាន​ជំងឺ​ពី​កំណើត​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដោយ​ត្រូវ​ចំណាយ​ថវិកា​ធ្វើ​ដំណើរ​ច្រើន និង​ខ្លះ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​ការ​ផ្សព្វផ្សាយ​ពី​ជំងឺ​វះ​កាត់​កុមារ លោក​អាច​បែង​ចែក​ស្ថានភាព​ជំងឺ​កុមារ​មួយ​ចំនួន​ដែល​អាច​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​ជំងឺ​ធ្ងន់ធ្ងរ​ខ្លះ​ទៀត អាច​បញ្ជូន​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ភ្នំពេញ៖ «ចង់​ឲ្យ​យើង​ដឹង​ពី​ការ​វះ​កាត់​កូន​ក្មេង​មិន​ឲ្យ​ទៅ​ដល់​ថ្នាក់​ជាតិ​ទេ ត្រឹម​ថ្នាក់​ខេត្ត​គេ​មាន​សេវា​ហ្នឹង»

អ្នកស្រី អាគីមី តាកាហាស៊ី ( Akemi Takahashi) នាយក​ប្រតិបត្តិ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ម្ចាស់​ជំនួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​បញ្ជូន​កុមារ​ពី​មណ្ឌល​សុខភាព​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​រៀបចំ​ផ្ទាំង​រូបភាព​ចំនួន ៧​ផ្ទាំង នៅ​តាម​មណ្ឌល​សុខភាព​នីមួយៗ បង្ហាញ​ពី​ស្ថានភាព​ជំងឺ​វះ​កាត់​កុមារ ដើម្បី​ឲ្យ​បុគ្គលិក​មណ្ឌល​សុខភាព​ស្គាល់ និង​អាច​បញ្ជូន​កុមារ​ទៅ​រក​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល។

អង្គការFIDR ក៏​បាន​បណ្ដុះបណ្ដាល​វេជ្ជបណ្ឌិត​ជំនាញ ៤ ទៅ ៥​នាក់​ក្នុង​មួយ​ឆ្នាំ តាំង​ពី​ឆ្នាំ​២០០៦ លើ​ផ្នែក​វះ​កាត់​កុមារ​ជា​សារវន្ត​ផង​ដែរ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១០ ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​ទាំង​នោះ​មាន​សមត្ថភាព​អាច​វះ​កាត់​កុមារ​ជា​សារវន្ត​ក្នុង​តំបន់​ដោយ​មិន​ចាំបាច់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែល​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល