ប្រដាប់ឆក់ត្រីដែលជាឧបករណ៍នេសាទខុសច្បាប់ចំនួន ១៧គ្រឿង ត្រូវបានប្រជាពលរដ្ឋភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យកមកប្រគល់ជូនអាជ្ញាធរភូមិដោយស្ម័គ្រចិត្ត។
បុរសអ្នកភូមិឈ្មោះ មាន សម្បត្តិ ជាប្រជានេសាទនៅភូមិកំពង់អួរ ឃុំខុនរ៉ង។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ កក្កដា ថា មូលហេតុដែលគាត់ស្ម័គ្រចិត្តប្រគល់ប្រដាប់ឆក់ត្រីដែលគាត់បានចំណាយលុយយ៉ាងច្រើនទិញមកដើម្បីរកត្រីនោះ គឺបន្ទាប់ពីគាត់បានស្ដាប់ការពន្យល់ណែនាំរបស់អាជ្ញាធរជំនាញ និងអាជ្ញាធរដែនដីអំពីការវិនាសអន្តរាយធនធានត្រីដោយសារការប្រើឧបករណ៍នេះ។
គាត់ថា ពីមុនមកគាត់មិនបានដឹងថា ការឆក់ជះឥទ្ធិពលធ្វើឲ្យពូជត្រីរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាធ្វើឲ្យត្រីលែងបន្តពូជបាននោះឡើយ៖ «បានជាខ្ញុំស្ម័គ្រចិត្តប្រគល់ប្រដាប់ឆក់នេះឲ្យអាជ្ញាធរ ព្រោះខ្ញុំបានដឹងថា បើកាលណាខ្ញុំរករបរបែបនេះ មិនខុសពីខ្ញុំបំផ្លាញជាតិនោះទេ ហើយខ្ញុំសម្រេចចិត្តយ៉ាងដាច់ខាតថា ខ្ញុំឈប់រករបរនេះទៀតហើយ ព្រោះវាដូចជាខ្ញុំបំផ្លាញខ្លួនឯង និងកូនចៅខ្ញុំជំនាន់ក្រោយ...»។
ប្រធានសហគមន៍អភិរក្សធនធានធម្មជាតិភូមិកំពង់អួរ លោក ហឿង ហ៊ី មានប្រសាសន៍ថា ដោយបច្ចុប្បន្នផលត្រីមានការកើនឡើងដែលអាចឲ្យប្រជាពលរដ្ឋធ្វើការនេសាទជាលក្ខណៈគ្រួសាររកត្រីបានសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ។ លោកថា គ្មានប្រជាពលរដ្ឋណាម្នាក់ចង់ឲ្យខ្លួនមានទោសដោយសារការនេសាទត្រីខុសច្បាប់នោះឡើយ។
លោក ហឿង ហ៊ី៖ «ប្រជាជនខ្ញុំពីមុនមកដោយសារវាទាល់ទី ព្រោះតែត្រីតិចពេក។ ម្យ៉ាងកាលណោះច្បាប់លេខ ០១ របស់រដ្ឋាភិបាលបានរឹតបន្តឹងធ្វើឲ្យប្រជាជនពិបាករកត្រីពេក ក៏ចេះតែប្រថុយប្រថានប្រព្រឹត្តបទល្មើសនេសាទ។ តែឥឡូវត្រីសម្បូរវិញហើយ ប្រជាជនខ្ញុំក៏ឈប់ប្រើឧបករណ៍នេសាទល្មើសច្បាប់ដែរ...»។
ទាក់ទិននឹងការប្រគល់ប្រដាប់ឆក់ត្រីនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មានប្រសាសន៍ថា នៅមានឧបករណ៍នេសាទខុសច្បាប់ផ្សេងៗទៀត ដែលប្រជាពលរដ្ឋនៅមិនទាន់យកមកប្រគល់ឲ្យអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញបំផ្លាញចោលនៅឡើយ។
លោកសំណូមពរឲ្យសហគមន៍អភិរក្សធនធានធម្មជាតិភូមិកំពង់អួរ ជួយពិនិត្យចំពោះបញ្ហានេះ៖ «បើសិនជាយើងការពារពូជត្រីនឹងកើនឡើងច្រើន។ ចំណុចសំខាន់មួយទៀត គឺសុំឲ្យគាត់ចូលរួមការពារព្រៃលិចទឹកដែលជាអាយុជីវិតនៃវិស័យជលផល ជាពិសេសគឺសុំឲ្យសហគមន៍ជួយផ្ដល់ព័ត៌មានដល់អាជ្ញាធរជលផលនៅពេលមានអ្នកប្រព្រឹត្តបទល្មើស...»។
យ៉ាងនេះក្ដី មេភូមិកំពង់អួរ លោក ហេង ហំ មានប្រសាសន៍ថា មុននឹងលោកផ្ទេរប្រដាប់ឆក់ដែលប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់មកឲ្យអាជ្ញាធរភូមិទៅឲ្យអាជ្ញាធរជំនាញ លោកសំណូមពរឲ្យអាជ្ញាធរជំនាញបំផ្លាញចោលនៅនឹងកន្លែងតែម្ដង ចៀសវាងរបស់ទាំងនេះវិលចូលមកក្នុងទីផ្សារវិញនៅពេលខាងមុខ។
ការប្រើឧបករណ៍ឆក់ដើម្បីចាប់ត្រីត្រូវបានចាត់ទុកថា ជាបទល្មើសជលផលថ្នាក់ទី១។ មាត្រា ៩៨ ចែងថា បទល្មើសជលផលថ្នាក់ទី១ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។