ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រគល់​ឧបករណ៍​ឆក់​ត្រី​ជូន​អាជ្ញាធរ

ប្រជាពលរដ្ឋ​ភូមិ​កំពង់អួរ ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ច្រើន​នាក់ បាន​ប្រគល់​ប្រដាប់​ឆក់​ត្រី​ជា​ច្រើន​គ្រឿង​ឲ្យ​អាជ្ញាធរ​ដែន​ដី តាម​រយៈ​សហគមន៍​អភិរក្ស​ព្រៃ​លិច​ទឹក បន្ទាប់​ពី​ពួក​គាត់​បាន​ស្ដាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ជំនាញ និង​ដោយ​សង្កេត​ឃើញ​ថា ផល​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុនៗ។
ដោយ មណ្ឌល កែវ
2012-07-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រដាប់​ឆក់​ត្រី​ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចំនួន ១៧​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​ភូមិ​កំពង់អួរ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង យក​មក​ប្រគល់​ជូន​អាជ្ញាធរ​ភូមិ​ដោយ​ស្ម័គ្រចិត្ត។

បុរស​អ្នក​ភូមិ​ឈ្មោះ មាន សម្បត្តិ ជា​ប្រជា​នេសាទ​នៅ​ភូមិ​កំពង់អួរ ឃុំ​ខុនរ៉ង។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ថា មូលហេតុ​ដែល​គាត់​ស្ម័គ្រ​ចិត្ត​ប្រគល់​ប្រដាប់​ឆក់​ត្រី​ដែល​គាត់​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ទិញ​មក​ដើម្បី​រក​ត្រី​នោះ គឺ​បន្ទាប់​ពី​គាត់​បាន​ស្ដាប់​ការ​ពន្យល់​ណែនាំ​របស់​អាជ្ញាធរ​ជំនាញ និង​អាជ្ញាធរ​ដែន​ដី​អំពី​ការ​វិនាស​អន្តរាយ​ធនធាន​ត្រី​ដោយសារ​ការ​ប្រើ​ឧបករណ៍​នេះ។
គាត់​ថា ពី​មុន​មក​គាត់​មិន​បាន​ដឹង​ថា ការ​ឆក់​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​ពូជ​ត្រី​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដូច​ជា​ធ្វើ​ឲ្យ​ត្រី​លែង​បន្ត​ពូជ​បាន​នោះ​ឡើយ៖ «បាន​ជា​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ប្រគល់​ប្រដាប់​ឆក់​នេះ​ឲ្យ​អាជ្ញាធរ ព្រោះ​ខ្ញុំ​បាន​ដឹង​ថា បើ​កាល​ណា​ខ្ញុំ​រក​របរ​បែប​នេះ មិន​ខុស​ពី​ខ្ញុំ​បំផ្លាញ​ជាតិ​នោះ​ទេ ហើយ​ខ្ញុំ​សម្រេច​ចិត្ត​យ៉ាង​ដាច់​ខាត​ថា ខ្ញុំ​ឈប់​រក​របរ​នេះ​ទៀត​ហើយ ព្រោះ​វា​ដូច​ជា​ខ្ញុំ​បំផ្លាញ​ខ្លួន​ឯង និង​កូន​ចៅ​ខ្ញុំ​ជំនាន់​ក្រោយ...»

ប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​ភូមិ​កំពង់អួរ លោក ហឿង ហ៊ី មាន​ប្រសាសន៍​ថា ដោយ​បច្ចុប្បន្ន​ផល​ត្រី​មាន​ការ​កើន​ឡើង​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រក​ត្រី​បាន​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ។ លោក​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចង់​ឲ្យ​ខ្លួន​មាន​ទោស​ដោយសារ​ការ​នេសាទ​ត្រី​ខុស​ច្បាប់​នោះ​ឡើយ។

លោក ហឿង ហ៊ី៖ «ប្រជាជន​ខ្ញុំ​ពី​មុន​មក​ដោយសារ​វា​ទាល់ទី ព្រោះ​តែ​ត្រី​តិច​ពេក។ ម្យ៉ាង​កាល​ណោះ​ច្បាប់​លេខ ០១ របស់​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ធ្វើ​ឲ្យ​ប្រជាជន​ពិបាក​រក​ត្រី​ពេក ក៏​ចេះ​តែ​ប្រថុយប្រថាន​ប្រព្រឹត្ត​បទល្មើស​នេសាទ។ តែ​ឥឡូវ​ត្រី​សម្បូរ​វិញ​ហើយ ប្រជាជន​ខ្ញុំ​ក៏​ឈប់​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ដែរ...»

ទាក់ទិន​នឹង​ការ​ប្រគល់​ប្រដាប់​ឆក់​ត្រី​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មាន​ប្រសាសន៍​ថា នៅ​មាន​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ផ្សេងៗ​ទៀត ដែល​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ដែន​ដី និង​អាជ្ញាធរ​ជំនាញ​បំផ្លាញ​ចោល​នៅ​ឡើយ។

លោក​សំណូមពរ​ឲ្យ​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​ភូមិ​កំពង់អួរ ជួយ​ពិនិត្យ​ចំពោះ​បញ្ហា​នេះ៖ «បើ​សិន​ជា​យើង​ការពារ​ពូជ​ត្រី​នឹង​កើន​ឡើង​ច្រើន។ ចំណុច​សំខាន់​មួយ​ទៀត គឺ​សុំ​ឲ្យ​គាត់​ចូល​រួម​ការពារ​ព្រៃ​លិច​ទឹក​ដែល​ជា​អាយុ​ជីវិត​នៃ​វិស័យ​ជលផល ជា​ពិសេស​គឺ​សុំ​ឲ្យ​សហគមន៍​ជួយ​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ជលផល​នៅ​ពេល​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស...»

យ៉ាង​នេះ​ក្ដី មេ​ភូមិ​កំពង់អួរ លោក ហេង ហំ មាន​ប្រសាសន៍​ថា មុន​នឹង​លោក​ផ្ទេរ​ប្រដាប់​ឆក់​ដែល​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ភូមិ​ទៅ​ឲ្យ​អាជ្ញាធរ​ជំនាញ លោក​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ជំនាញ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែម្ដង ចៀសវាង​របស់​ទាំង​នេះ​វិល​ចូល​មក​ក្នុង​ទីផ្សារ​វិញ​នៅ​ពេល​ខាង​មុខ។

ការ​ប្រើ​ឧបករណ៍​ឆក់​ដើម្បី​ចាប់​ត្រី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បទល្មើស​ជលផល​ថ្នាក់​ទី​១។ មាត្រា ៩៨ ចែង​ថា បទល្មើស​ជលផល​ថ្នាក់​ទី​១ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៥​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំង​អស់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល