ជម្លោះ​រវាង​ពលករ​ខ្មែរ​និង​ភូមា​មិន​ទាន់​ដោះ​ស្រាយ​ចប់

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ គឺ​លោក កុយ គួង ថ្លែង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ ថា របាយការណ៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ អំពី​ជម្លោះ​ហិង្សា​រវាង​ពលករ​ខ្មែរ និង​ភូមា​នៅ​ក្នុង​រោងចក្រ ស៊ីយ៉ាម អ៊ីនធឺណេសិនណល ហ្វូត (Siam Int'l food) ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេ។
ដោយ អ៊ុក សាវបូរី
2012-06-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជម្លោះ​នោះ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទាំង​សង​ខាង កាល​ពី​ថ្ងៃ​៣ និង ៤ មិថុនា រហូត​មក​ដល់​ពេល​នេះ កម្មករ​ខ្មែរ​មិន​ទាន់​ចូល​ធ្វើ​ការ​នៅ​ឡើយ។

លោក កុយ គួង៖ «ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​៣ ថ្ងៃ​៤ កន្លង​មក​នេះ ដែល​បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​យើង​ម្នាក់​បាត់បង់​ជីវិត និង​ខាង​ភាគី​ភូមា​នោះ​ក៏​បាត់​បង់​ជីវិត​ម្នាក់​ដែរ ហើយ​មាន​របួស​ជា​ច្រើន។ ពេល​ដែល​រឿង​ហេតុ​កើត​ឡើង​នោះ ខាង​រោងចក្រ​ក៏​គេ​ធ្វើការ​សម្របសម្រួល​ឲ្យ​ពលករ​ទាំង​២​ប្រទេស​នោះ ចូល​ធ្វើ​ការ​វិញ ក៏​ប៉ុន្តែ​ខាង​ខ្មែរ​យើង​គាត់​មិន​ហ៊ាន គាត់​មិន​ហ៊ាន​ចូល​ធ្វើការ​នៅ​កន្លែង​ដើម ដោយសារ​ខ្លាច​មាន​ការ​សងសឹក។ អ៊ីចឹង​ខាង​រោងចក្រ​ក៏​គេ​មាន​ចំណាត់​ការ​ថា ឲ្យ​ពលករ​ទាំង​២​ប្រទេស​ហ្នឹង ចាក​ចេញ​ពី​កន្លែង​ស្នាក់នៅ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់។ ប៉ុន្តែ​ខាង​ពលករ​ភូមា​គេ​សុំ​នៅ​កន្លែង​ដដែល ហើយ​ខាង​កម្ពុជា យើង​គាត់​សុំ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​បន្តិច ដើម្បី​កុំ​ឲ្យ​មាន​ប៉ះ​ទង្គិច​ទៀត»

ជម្លោះ​ហិង្សា​រវាង​ពលករ​ខ្មែរ និង​ពលករ​ភូមា កាប់​សម្លាប់​គ្នា​នៅ​ក្នុង​រោងចក្រ ស៊ីយ៉ាម អ៊ីនធឺណេសិនណល ហ្វូត បាន​កើត​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៣ មិថុនា និង​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ មិថុនា។

ប្រភព​ពី​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នោះ ឲ្យ​ដឹង​ថា ពលករ​ភូមា​មាន ១.៥០០​នាក់។ ឯ​ពលករ​ខ្មែរ​មាន​តែ ៧ ទៅ ៨០០​នាក់​ប៉ុណ្ណោះ។ បន្ទាប់​ពី​មាន​ជម្លោះ​ហិង្សា​នោះ​មក ថៅកែ​រោងចក្រ​បាន​ដឹក​ពលករ​ខ្មែរ​ជម្លៀស​ចេញ​ទៅ​វត្ត​មួយ​មាន​ចម្ងាយ​ប្រមាណ ៥ ទៅ ៦​គីឡូម៉ែត្រ​ពី​រោងចក្រ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ បន្ត​ថា ប្រភព​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ហិង្សា​ក៏​មិន​ទាន់​អាច​ស្រាវជ្រាវ​រក​ជន​បង្ក​ជម្លោះ​មុន​នោះ​បាន​នៅ​ឡើយ។ ​ លោក​ថា ក្រោយ​ពី​ជម្លោះ​ហិង្សា ថៅកែ​រោងចក្រ ស៊ីយ៉ាម អ៊ីនធឺណេសិនណល ហ្វូត បាន​ជួយ​ដឹក​ជម្លៀស​ពលករ​ខ្មែរ​ចេញ​ពី​តំបន់​ជម្លោះ ហើយ​បាន​ជួល​កន្លែង​ឲ្យ​ស្នាក់​នៅ។ ថៅកែ​រោងចក្រ​ក៏​មាន​គម្រោង​ឲ្យ​ពលករ​ទាំង ២​ប្រទេស​ធ្វើការ​បែក​គ្នា ដោយ​ប្តូរ​ពលករ​ខ្មែរ​ឲ្យ​ធ្វើ​ការ​តែ​ក្នុង​រោងចក្រ​មួយ​ផ្សេង ហើយ​ពលករ​ភូមា​ឲ្យ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ផ្សេង។

លោក​បន្ថែម​ថា អ្នកស្រី​ឯក​អគ្គរាជទូត​ខ្មែរ​នឹង​ជួប​ជាមួយ​មន្រ្តី​ទូត​ថ្មី​របស់​ប្រទេស​ភូមា ដែល​នឹង​ប្ដូរ​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ នៅ​កន្លះ​ខែ​ទៀត ដើម្បី​ពិភាក្សា​គ្នា​រក​វិធី​បន្ថយ​កំហឹង​ពលករ​រៀងៗ​ខ្លួន ដើម្បី​បញ្ចប់​ជម្លោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល