ប្រកួត​ជ្រើសរើស​ជើង​ឯក​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ឆ្នាំ​២០១២

មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ ដើម្បី​ជ្រើសរើស​ជើង​ឯក​ឆ្នាំ​២០១២ មាន​កីឡាករ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជិត ៦០០​នាក់ មក​ពី​២០​សមាគមន៍​ទូទាំង​ប្រទេស។
ដោយ ដែន អយុធ្យា
2012-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រកួត​ជើង​ឯក​ប្រដាល់​ជាតិ​ឆ្នាំ​នេះ មាន ៨​ប្រភេទ​ទម្ងន់ គឺ​ចាប់​ពី​ទម្ងន់ ៤៨ ដល់ ៧៥​គីឡូ ហើយ​ភាគ​ច្រើន​ជា​កីឡាករ​មាន​បទពិសោធន៍​ខ្ពស់។

លោក​បន្ត​ថា សម្រាប់​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា មាន​កីឡាករ​ប្រកួត​ជាង ៦០​គូ ក្នុង​នោះ​មាន​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ ២៨​គូ និង​​​ប្រដាល់​សកល​មាន ៣៣​គូ។

លោក តែម ម៉ឺន ឲ្យ​ដឹង​ថា ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ឆ្នាំ​នេះ មាន​ប្រភេទ​ទម្ងន់​មួយ​ចំនួន បាន​ឈាន​ដល់​វគ្គ​១​ភាគ​៤ ផ្ដាច់ព្រ័ត្រ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ដូច​ជា​ទម្ងន់ ៤៨​គីឡូក្រាម ទម្ងន់ ៥១​គីឡូក្រាម ទម្ងន់ ៥៤​គីឡូក្រាម ទម្ងន់ ៦០​គីឡូក្រាម និង​ទម្ងន់ ៦៣​គីឡូ​កន្លះ។

ចំពោះ​ប្រដាល់​សកល​មាន ៤​ប្រភេទ​ទម្ងន់ បាន​ឈាន​មក​ដល់​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​ដែរ គឺ​ទម្ងន់​៦០​គីឡូក្រាម ៦៤​គីឡូក្រាម ៦៩​គីឡូក្រាម និង​៧៥​គីឡូក្រាម។
លោក តែម ម៉ឺន៖ «ឈាន​មក​បាន​ចំណាត់​ថ្នាក់​លេខ​៣​ខ្លះ​ហើយ។ កីឡាករ​ខ្លះ​ទៀត អាច​នៅ​សល់​១​ប្រកួត អាច​ចូល​ដល់​ថ្នាក់​លេខ​៣ ហើយ​អ្នក​ខ្លះ​បាន​ចំណាត់​ថ្នាក់​លេខ​៣​ខ្លះ​ហើយ។ គ្រោះថ្នាក់​ការ​ប្រកួត​មាន​សន្លប់​ខ្លះ​ដែរ ប៉ុន្តែ​នៅ​ក្នុង​លក្ខណៈ​បច្ចេកទេស​ធម្មតា​ទេ និង​មាន​បាក់​ឆ្អឹង​ដង​កាំបិត​ម្នាក់ ដោយ​សារ​វាយកែង»

ការ​ប្រកួត​ប្រដាល់​ជ្រើសរើស​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។ គ្រូពេទ្យ​ប្រចាំការ​ប្រកួត លោក ជឹម ផល្លា បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​១​សប្ដាហ៍​មក​នេះ មាន​អ្នក​ប្រដាល់​មួយ​រូប​បាក់​ដៃ ១​រូប​ទៀត​បាក់​ឆ្អឹង​ដង​កាំបិត ពេល​ប្រកួត​លើ​សង្វៀន និង​មាន​របួស​សន្លប់​ធំ​មួយ​ចំនួន។

លោក ម៉ិល កាដូ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ​នេះ​អ្នក​ប្រដាល់​ដែល​ចូល​រួម​ប្រកួត​ជើង​ឯក​ជាតិ បាន​កើន​ចំនួន​បើ​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ។

លោក ឡុង សាលវ័ន្ត ជា​គ្រូ​បង្វឹក​កីឡា​ប្រដាល់​ក្បាច់​គុណ​បុរាណ​ខ្មែរ ក្លឹប​សាលវ័ន្ត​កីឡា លោក បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ក្លឹប​របស់​លោក​បាន​បញ្ជូន​កីឡាករ​ចូល​រួម​ប្រកួត​បាន​ចំនួន ២១​នាក់ និង​ឈ្នះ​បាន​មេដាយ​មួយ​ចំនួន​​ហើយ៖ «កូន​សិស្ស​ជាប់​បាន​ចំណាត់​ថ្នាក់​ចំនួន ៦​នាក់​ហើយ និង​នៅ​បន្ត​ឈ្នះ​ទៀត គឺ​អាច​យក​ឈ្នះ​ចំណាត់​ថ្នាក់​លេខ​១ លេខ​២ និង​ចំណាត់​ថ្នាក់​លេខ​៣»

លោក​ថា ការ​ប្រកួត​ជើង​ឯក ទាម​ទារ​ឲ្យ​កីឡាករ​ហ្វឹកហាត់​ឲ្យ​បាន​ដិត​ដល់ និង​ត្រូវ​ត្រួតពិនិត្យ​សុខភាព​កីឡាករ​ជា​ប្រចាំ បើ​មិន​ដូច្នេះ​ទេ នឹង​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅ​លើ​សង្វៀន​ប្រកួត។

ស្រដៀង​គ្នា​ដែរ លោក សួន ប៊ុនសូត្រ គ្រូ​ប្រដាល់​ក្លឹប​ប្រដាល់ បក្សី​ស្លាប​ដែក បាន​ឲ្យ​ដឹង​ថា ក្លឹប​លោក​បាន​បញ្ជូន​កីឡាករ​តែ​៣​រូប​ទេ ចូល​រួម​ប្រកួត​ជើង​ឯក​ឆ្នាំ​នេះ ព្រោះ​ក្លឹប​ពុំ​សូវ​មាន​កីឡាករ​ល្អៗ និង​មាន​គុណភាព។ លោក​ថា អ្នក​រៀបចំ​ការ​ប្រកួត​ប្រដាល់​ជ្រើសរើស​ជើង​ឯក​ឆ្នាំ​នេះ បាន​ជ្រើស​យក​តែ​កីឡាករ​ខ្លាំងៗ និង​បាន​ហ្វឹកហាត់​បាន​ដិតដល់​ទើប​ឲ្យ​ចូល​រួម​ប្រកួត។

ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​ក្បាច់​គុន​បុរាណ​ខ្មែរ ដើម្បី​ជ្រើសរើស​ជើង​ឯក​ជាតិ​ជា​រៀង​រាល់​ឆ្នាំ។ មន្ត្រី​សហព័ន្ធ​ប្រដាល់ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២​ទៅ​៣​ឆ្នាំ ចុង​ក្រោយ​នេះ មាន​កីឡាករ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត បាន​កើន​ចំនួន​ពី ១​ឆ្នាំ​ទៅ​១​ឆ្នាំ ដោយ​សារ​មាន​ក្លឹប​ប្រដាល់​ទើប​បង្កើត​ថ្មី នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស​មាន​ចំនួន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល