សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ជួប​ពិភាក្សា​អំពី​ផែនការ​សម្រាប់​ឆ្នាំ​២០១៥

ដោយ យាង សុជាមេត្តា
2014.12.13
ថាច់ង៉ុកថាច់៣០៥ លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមពិភពលោក
Photo: RFA

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ពិភពលោក កំពុង​ជួប​ប្រជុំ​គ្នា​នៅ​សហរដ្ឋអាមេរិក ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។ ក្នុង​ការ​ជួបជុំគ្នា​ជា​រៀងរាល់​ដំណាច់​ឆ្នាំ​ម្តង​នេះ ពួកគេ​លើក​ឡើង​អំពី​សកម្មភាព​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​ចាស់ និង​ពិភាក្សា​ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥។

«ដំណើរ​ឆ្ពោះ​ទៅ​កាន់​មាតុភូមិ​កម្ពុជា​ក្រោម» នឹង​ក្លាយ​ជា​ផែនការ​អាទិភាព​បំផុត​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុកថាច់។ លោក​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៣ ធ្នូ ថា សមាជិក សមាជិកា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​រយ​នាក់ ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​លើ​សកលលោក កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ដែល​រៀបចំ​ឡើងជា​រៀងរាល់​ដំណាច់​ឆ្នាំ​នេះ គឺ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៤ និង​ផែន​ការ​លើក​ទៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​បន្ទាប់។

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៤ សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​ទិសដៅ ឬ​ផែនការ​ធំៗ​ចំនួន ៣ ក្នុង​នោះ​រួម​មាន ដំណើរ​ឆ្ពោះ​ទៅ​កាន់​មាតុភូមិ​កម្ពុជា​ក្រោម ការ​បង្កើន​ទំនាក់ទំនង​រវាង​ខ្មែរ​ក្រោម​នៅ​គ្រប់​ទិសទី​លើ​ពិភពលោក​ឲ្យ​ចង​បាច់​គ្នា​ជា​ធ្លុង​មួយ និង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​គោលបំណង​ពិតប្រាកដ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ដល់​សហគមន៍​អន្តរជាតិ អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ។

យ៉ាងណាក៏ដោយ លោក ថាច់ ង៉ុកថាច់ ថ្លែង​ថា សម្រាប់​ឆ្នាំ​២០១៥ ខាង​មុខ «ដំណើរ​ឆ្ពោះ​ទៅ​កាន់​មាតុភូមិ​កម្ពុជា​ក្រោម» នឹង​នៅ​តែ​ជា​ផែនការ​អាទិភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ គោលបំណង​នៃ​ផែនការ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ ឬ​សហគមន៍​អន្តរជាតិ ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ពួកគេ​បាន​ស្វែងយល់​អំពី​ស្ថានភាព​របស់​ខ្មែរ​ក្រោម​នៅ​ទីនោះ។

លោក​ថា ផែនការ​នេះ​អាច​អនុវត្ត​ទៅ​បាន​តាមរយៈ​ការ​ធ្វើ​បុណ្យទាន ការ​ចូល​រួម​ជួយ​សង្គ្រោះ ឬ​តាម​រយៈ​ការ​អំពាវ​ឲ្យ​តំណាង​អង្គការសហប្រជាជាតិ និង​តំណាង​រដ្ឋាភិបាល​បរទេស ទៅ​ជួប​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ពេល​ពួកគេ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម។

​ក្រៅ​ពី​នេះ លោក ថាច់ ង៉ុកថាច់ ថ្លែង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​បន្ត​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ជាមួយ​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​សមាជិក​សមាគម​អាស៊ាន និង​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំង​១០។ លោក​ថា គោលបំណង​នៃ​ទំនាក់ទំនង គឺ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ខ្មែរ​ក្រោម​ជា​នរណា លើស​ពី​នេះ ក៏​ចង់​ឲ្យ​ពួកគេ​ចូល​រួម​ជួយ​ខ្មែរ​ក្រោម​នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​ផ្សេងៗ។

លោក ថាច់ ង៉ុកថាច់ លើក​ឡើង​ថា ក្នុង​ការ​អនុវត្ត​ផែនការ​ទាំង​អស់​នេះ វា​ប្រាកដ​ណាស់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អាច​នឹង​ជួប​ប្រទះ​ឧបសគ្គ​ខ្លះៗ។ យ៉ាងណា​ក៏ដោយ លោក​ថា ខ្មែរ​ក្រោម​ក្នុង​ពេល​បច្ចុប្បន្ន ខុស​ពី​ខ្មែរ​ក្រោម​ក្នុង​ពេល​អតីតកាល ដែល​នៅ​ពេល​នោះ​ពុំ​សូវ​មាន​អ្នក​ណា​ស្គាល់​ឡើយ។ ប៉ុន្តែ​លោក​ថា ក្នុង​ពេល​បច្ចុប្បន្ន អង្គការ​សហប្រជាជាតិ​ស្គាល់​ខ្មែរ​ក្រោម ប្រទេស​ភាគ​ច្រើន​ស្គាល់​ខ្មែរ​ក្រោម ហើយ​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​សរសេរ​សៀវភៅ​អំពី​ខ្មែរ​ក្រោម​ទៀត​ផង។ ប្រការ​នេះ លោក​ថា វា​រឹតតែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​ពី​ខ្មែរ​ក្រោម​រឹត​តែ​ខ្លាំង​ថែម​ទៀត។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា ក្រោម​ទាំង​អស់​នៅ​លើ​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​កាណាដា​នៅ​ឆ្នាំ​១៩៩៦ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ខ្មែរ និង​សង្គម​ខ្មែរ​ក្រោម​ទាំង​មូល។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ យូ.អិន.ភី.អូ (UNPO) នៅ​ក្នុង​ឆ្នាំ​២០០៤ ហើយ​ដែល​មាន​គោលដៅ​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។