នៅក្នុងសវនាការ សាក្សី សួង ស៊ីគឿន ជម្រាបអង្គជំនុំជម្រះថា មហាវិនាសកម្ម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺបណ្ដាលមកពីការគ្រប់គ្រងប្រទេស អាស្រ័យដោយមនុស្សម្នាក់។
សំឡេង៖ «គាត់មិនទទួលទេគំនិត ដែលផ្ទុយពីគាត់។ ហេតុនេះហើយបានជាមានការថ្លោះធ្លោយ មានឧក្រិដ្ឋកម្មដូច្នេះ។ តាមខ្ញុំយល់ គឺដោយសារការកំណត់មាគ៌ារបស់បក្សពេលនោះ ធ្វើបដិវត្តសង្គមនិយមលឿនពេក ហើយជារបៀបគ្រប់គ្រង ដែលអាស្រ័យទៅលើបុគ្គលម្នាក់ ដែលនាំឱ្យមានវិនាសកម្មដូច្នេះ។ អាហ្នឹងជាការយល់ជាបឋមរបស់ខ្ញុំ»។
ការថ្លែងដូច្នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក ទៅនឹងចំណុចមួយ ដែលថា ប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា ជាបុគ្គលតែងតែប្រកាន់យកគំនិតមតិរបស់ខ្លួន ថាត្រឹមត្រូវ ហើយមិនទទួលយកមតិផ្ទុយ។ ប៉ុល ពត ចាត់ទុកថា អ្នកមានមតិផ្ទុយពីខ្លួន គឺជាអ្នកដែលមានជំហរបក្សមិនរឹងមាំ។
សាក្សី សួង ស៊ីគឿន ចូលជាសមាជិកសកម្មរបស់បក្សកុម្មុយនិស្តកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥៧។
សវនាការនៅថ្ងៃចន្ទ ទី ២០ សីហា អង្គជំនុំជម្រះ បានសួរដេញដោល សាក្សី សួង ស៊ីគឿន ឆ្លាស់គ្នា ជាមួយសាក្សី ស សៀក ដែលជាអតីតអ្នកសិល្បៈ នៅវិទ្យុសំឡេងកម្ពុជាប្រជាធិបតេយ្យ។
សាក្សី ស សៀក ត្រូវបានអង្គការដកទៅកន្លែងលត់ដំខ្លួនឡើងវិញ នៅជំរំមួយឈ្មោះ ដីក្រហម ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅឆ្នាំ ១៩៧៨។ សាក្សីថ្លែងថា រហូតមកដល់ពេលនេះ គាត់នៅតែមិនបានដឹងថា គាត់មានកំហុសអ្វីទេ។ សវនាការស្ដាប់សាក្សី ស សៀក ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃអង្គារ ទី២១ សីហា ឆ្នាំ ២០១២៕