ខួប​ទី​៤០​នៃ​កងទ័ព​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ដោយ​គ្មាន​ធម៌​មេត្តា

ដោយ ជី វិតា
2015.04.17
ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន ៦២០ ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។
រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥ គឺ​ជា​ខួប​ទី​៤០ នៃ​ថ្ងៃ​មហា​ជ័យជម្នះ​របស់​កងទ័ព​ខ្មែរ​ក្រហម ដែល​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ បន្ទាប់​ពី​ប្រាំ​ឆ្នាំ​នៃ​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​ជាមួយ​កងទ័ព នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់។

នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក កងទ័ព​ខ្មែរ​ក្រហម​ដើរ​ចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ទិសទី បន្ទាប់​មក​ចាប់​ផ្ដើម​បណ្ដេញ​ប្រជាជន​ចេញ​ពី​ទីក្រុង ទៅ​កាន់​ទី​ជនបទ។ ប៉ុន្តែ​អតីត​បង​ធំ​ទី​២ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អះអាង​ថា ប្រជាជន​ចាក​ចេញ​ពី​ទីក្រុង​ដោយ​ការ​ស្ម័គ្រ​ចិត្ត។

លោក ជី វិតា មាន​សេចក្តី​រាយការណ៍​អំពី​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ដោយ​គ្មាន​ធម៌​មេត្តា​របស់​ខ្មែរ​ក្រហម៖

ស្នូរ​គ្រាប់​កាំភ្លើង​លាន់​ឮ​កង​រំពង​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ទាំង​ព្រឹក​ព្រហាម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ បន្ទាប់​មក​កងទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់ ក្នុង​សម្លៀកបំពាក់​ឈុត​ពណ៌​ខ្មៅ ពណ៌​គគីរ ក្រមា​បង់​ក ស្បែក​ជើង​កង់​ឡាន ទឹក​មុខ​មាំ និង​ប្រដាប់​ដោយ​អាវុធ ដើរ​ចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ទិសទី​តាម​មុខ​ព្រួញ​រៀងៗ​ខ្លួន។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​នឿយ​ណាយ​នឹង​សង្គ្រាម​សម្លាប់​ខ្មែរ​គ្នា​ឯង នៅ​ពេល​ឃើញ​កងទ័ព​ខ្មែរ​ក្រហម​មក​ដល់​មាន​ការ​ធូរស្បើយ​ក្នុង​ចិត្ត ដោយ​គិត​ថា សង្គ្រាម​ចប់​ហើយ។ ប៉ុន្តែ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល ប្រជាជន​ក្រុង​ភ្នំពេញ​ភ្ញាក់​ស្រឡាំងកាំង នៅ​ពេល​ឃើញ​យោធា​ខ្មែរ​ក្រហម​ចាប់​ផ្តើម​បញ្ជា​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ទីក្រុង​ដោយ​ប្រកាស​ថា គឺ​ដើម្បី​អង្គការ​ងាយ​ស្រួល​បោស​សម្អាត​ខ្មាំង​ដែល​លាក់​ខ្លួន និង​ជៀសវាង​គ្រោះថ្នាក់​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​ចក្រពត្តិ​អាមេរិក។

ឈរ​នៅ​លើ​ចិញ្ចើម​ថ្នល់​ផ្លូវ ទេព ផន ក្បែរ​ផ្សារ​ដេប៉ូ ក្រុង​ភ្នំពេញ អ្នកស្រី ឌិន រ៉ាវី រំឭក​អំពី​កងទ័ព​ខ្មែរ​ក្រហម​ដើរ​ចូល​ក្រុង​ភ្នំពេញ​តាម​ផ្លូវ​នេះ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ ពេល​នោះ​អ្នកស្រី​គិត​ថា សង្គ្រាម​ចប់​ហើយ ធ្វើ​ឲ្យ​អ្នកស្រី និង​គ្រួសារ​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​បាន បន្ទាប់​ពី​ភៀស​ខ្លួន​ចេញ​ពី​សង្គ្រាម​នៅ​ខេត្ត​កណ្ដាល អស់​មួយ​រយៈពេល​មក៖ «»។

អតីត​យោធា​ខ្មែរ​ក្រហម ហ៊ីម ហ៊ុយ ក្នុង​កងពល​៧០៣ ដែល​រង​របួស​ខណៈ​វាយ​លុក​ចូល​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩៧៥ នោះ បាន​ឲ្យ​ដឹង​ថា ក្នុង​ទីក្រុង​កើត​មាន​ភាព​វឹកវរ​ខ្លាំង​ណាស់៖ «»។

«ចម្រៀង​មហា​ជ័យជម្នះ ១៧ មេសា ១៩៧៥ របស់​ខ្មែរ​ក្រហម»

បី​ថ្ងៃ​ក្រោយ​មក ទីក្រុង​ភ្នំពេញ​ដែល​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ផ្ទុក​ប្រជាជន​ជាង ២​លាន ៥​សែន​នាក់ ដែល​មួយ​ចំនួន​ធំ គឺ​ជា​អ្នក​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​តាម​បណ្ដា​ខេត្ត ចាប់​ផ្ដើម​មាន​សភាព​ស្ងាត់​ជ្រងំ​ស្ទើរ​ក្លាយ​ជា​ទីក្រុង​ខ្មោច។

ការ​បណ្ដេញ​ប្រជាជន​ចំនួន​នេះ​ចេញ​ពី​ទីក្រុង​ភ្លាមៗ​ឲ្យ​ទៅ​រស់នៅ​តាម​ជនបទ ដោយ​គ្មាន​ផែនការ​ត្រៀម​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​មនុស្ស​ធម៌​ទាល់​តែ​សោះ​នោះ ត្រូវ​ពិភពលោក​មើល​ឃើញ គឺ​ជា​អំពើ​អមនុស្សធម៌​ក្រៃលែង​របស់​ខ្មែរ​ក្រហម​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង។

នៅ​តាម​ដង​ផ្លូវ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដែល​ណែនណាន់តាន់តាប់ និង​ក្រោម​កម្តៅ​ថ្ងៃ​ហែង​នា​ឆ្នាំ​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់​ជាង​ពីរ​ម៉ឺន​នាក់។

គ្រាន់​តែ​អ្នក​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​សរុប​ជាង​មួយ​ម៉ឺន​នាក់ ហើយ​ភាគ​ច្រើន​ជា​ទាហាន​សាធារណរដ្ឋ​ខ្មែរ​ដែល​រង​របួស​ធ្ងន់ ក៏​ត្រូវ​ចាប់​បង្ខំ​ឲ្យ​ចាក​ចេញ​ដែរ។

អ្នកស្រី លុយ ហ៊ី បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​នៅ​សម្ងំ​ក្នុង​មន្ទីរពេទ្យ​ជាច្រើន​ថ្ងៃ បន្ទាប់​ពី​ខ្មែរ​ក្រហម​ចូល​ក្នុង​ក្រុង​ភ្នំពេញ​នោះ និយាយ​ថា អ្នកស្រី​បាន​ឃើញ​ខ្មែរ​ក្រហម​ដឹក​អ្នក​របួស​ចេញ​ពី​មន្ទីរពេទ្យ​ធំ ឬ​មន្ទីរពេទ្យ​ព្រះកេតុមាលា ទាំង​ឡានៗ៖ «»។

ទោះ​ជា​យ៉ាង​ណា នួន ជា បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​អះអាង​ផ្ទុយ​ពី​នេះ។ ជន​ជាប់​ចោទ នួន ជា បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១៣ ថា ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​នៅ​ឆ្នាំ​១៩៧៥ ពិត​ជា​ការ​ចាំបាច់ ហើយ​ក៏​ជា​ការ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ដែរ៖ «»។

ហេតុផល​ទី​ពីរ គឺ​សង្គ្រាម ៥​ឆ្នាំ​នៅ​កម្ពុជា បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្បៀង​អាហារ​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះ​លោក​ថា អ្នក​ទីក្រុង​ត្រូវ​ចូលរួម​បង្កបង្កើត​កសិផល​នៅ​ទី​ជនបទ៖ «»។

នៅ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ និង​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ទៅ​រក​ភាព​អន្ធការ។ ប្រវត្តិសាស្ត្រ​ពិភពលោក​បាន​ចាត់​ទុក​ថា បដិវត្តន៍​ខ្មែរ​ក្រហម គឺ​ជា​បដិវត្តន៍ ម៉ាស៊ីស លេនីន ដ៏​មហន្តរាយ​បំផុត។ មនុស្ស​ដែល​បាន​រស់នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម សុទ្ធតែ​បាន​ទទួល​រងគ្រោះ​ពី​របប​នេះ ទោះ​តិច​ក្តី ឬ​ច្រើន​ក្តី។ ប្រជាពលរដ្ឋ​កម្ពុជា ជិត ២​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ៤​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ដោយសារ​ធ្វើ​ពលកម្ម​បាក់​កម្លាំង ការ​ស្រេក​ឃ្លាន កង្វះ​ថ្នាំ​ព្យាបាល​ជំងឺ និង​ការ​ប្រហារ​ជីវិត។

បច្ចុប្បន្ន នួន ជា ដែល​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋសភា និង ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឋិត​ក្នុង​សំណុំ​រឿង​០០២ កំពុង​ត្រូវ​សាលា​ក្តី​ជំនុំ​ជម្រះ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។ ចំណែក​អតីត​មេ​ដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប​ទៀត គឺ ប៉ុល ពត អៀង សារី និង តា ម៉ុក បាន​ស្លាប់​រួច​ផុត​ពី​ការ​ជំនុំ​ជម្រះ​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។