សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​តាំង​ពិព័រណ៍​“កុមារ​អង្គការ”

ដោយ សន ចាន់រដ្ឋា
2017.08.19
ពិព័រណ៍កុមារ​ទួលស្លែង ២០១៧ រូប​បង្ហាញ​ពី​ពលកម្ម​កុមារ​ក្នុង​របប​ខ្មែរ​ក្រហម សម្រាប់​ដាក់​តាំង​ក្នុង​ពិព័រណ៍​កុមារ​អង្គការ។ Photo Courtesy of Tuol Sleng Genocide Museum
Photo Courtesy of Tuol Sleng Genocide Museum

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង បើក​​​​​ពិព័រណ៍​រូបថត​ថ្មី​មួយ​ឈ្មោះ​​​ថា "កុមា​រអង្គការ" នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា។

ប្រធាន​សារមន្ទីរ​ទួលស្លែង និង​ជា​អ្នក​ផ្ដួចផ្ដើម​ពិព័រណ៍​​​​ថ្មី​នេះ គឺ​លោក ឆាយ វិសុទ្ធ ឲ្យ​អាស៊ីសេរី ដឹង​ថា ពិព័រណ៍​កុមារ​អង្គការ​នេះ​បង្កើត​មក​ដើម្បី​បង្ហាញ​​​ពី​ភាព​​ខុស​​​​គ្នា​រវាង​ស្ថានភាព​​កុមារ​​ដែល​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ពេល​បច្ចុប្បន្ន៖ «យើង​ចង់​ឲ្យ​ភ្ញៀវ​បរទេស​ជាតិ និង​អន្តរជាតិ នឹង​សិក្សា​ស្វែង​យល់​អំពី​រឿង​ជីវិត​កុមារ​ដែល​រស់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម នេះ​ជា​គំនិត​សំខាន់។ មួយ​ទៀត​នោះ គឺ​យើង​ចង់​ធ្វើ​ការ​ប្រៀបធៀប គោល​នយោបាយ​របស់​ខ្មែរ​ក្រហម​ដែល​បាន​ដាក់​ចេញ​ទៅ​នឹង​តាម​រយៈ​រដ្ឋធម្មនុញ្ញ​ក្តី តាម​រយៈ​ច្បាប់​ផ្សេងៗ ឬ​ក៏​ពាក្យ​ស្លោក មើល​ទៅ​ហាក់​ដូច​ជា​ល្អ វិសេសវិសាល​ក្នុង​ការ​គ្រប់គ្រង​កុមារ និង​ប្រទេស ប៉ុន្តែ​ការ​ពិត​កុមារ​ដែល​រស់​នៅ​ក្នុង​សម័យ​ហ្នឹង​មិន​អ៊ីចឹង​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ពិព័រណ៍​របស់​យើង យើង​ធ្វើ​ការ​បង្ហាញ​អំពី​គោលនយោបាយ​របស់​ខ្មែរ​ក្រហម ហើយ​យើង​ភ្ជាប់​ជាមួយ​សម្រង់​សម្ដី​របស់​ជន​រង​គ្រោះ​ផ្ទាល់»

លោក ឆាយ វិសុទ្ធ បន្ថែម​ទៀត​ថា ក្រុម​ការងារ​លោក​ចំណាយ​ពេល​ជាង ១​ឆ្នាំ​​ក្នុង​ការ​ប្រមូល​ទិន្នន័យ​​​តាម​រយៈ​ការ​សម្ភាសន៍​ពលរដ្ឋ​នៅ ៧​ខេត្ត​ក្រុង និង​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ។ លោក​ថា ដំណាក់កាល​ដែល​លំបាក​បំផុត​នោះ គឺ​ការ​រៀបចំ​សម្រង់​សម្ដី​ដែល​ក្រុម​ការងារ​លោក​បាន​សម្ភាសន៍​ឲ្យ​ស៊ី​ទៅ​នឹង​សាច់​រឿង។

លោក ឆាយ វិសុទ្ធ​ បន្ថែម​ទៀត​ថា ពិព័រណ៍​នេះ​បង្ហាញ​ពី​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​៥ ក្នុង​នោះ​រួម​មាន​គោល​នយោបាយ​រួម​របស់​ខ្មែរ​ក្រហម ទស្សនៈ និង​លទ្ធិកុម្មុយនិស្ត ដែល​បាន​ចាប់​ផ្តើម និង​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា ​ការ​អប់រំ​ក្នុង​សម័យ​ខ្មែរ​ក្រហម ​​ពលកម្ម​លើ​កុមារ ​ ទិដ្ឋភាព​​​កុមារ​ដែល​បម្រើ​ការងារ​ជា​ទាហាន​ និង​​សាច់រឿង​​សង្ខេប​​​របស់​ក្រុម​គ្រួសារ​​កុមារ​​​ដែល​បាន​ឆ្លង​កាត់​​ក្នុង​របប​ខ្មែរ​ក្រហម។
ពិព័រណ៍​រូបថត​កុមារ​អង្គការ​នេះ មាន​​​រយៈ​ពេល​​មួយ​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា នេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។