រដ្ឋាភិបាលប្រទេសអូស្ត្រាលី ប្រកាសផ្ដល់លុយវិភាគទានថ្មីចំនួន ៣.២៥០.០០០ (បីលានពីរសែនប្រាំម៉ឺន) ដុល្លារអូស្ត្រាលី ស្មើនឹងប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក ដល់ភាគីអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម។
ប្រទេសអូស្ត្រាលី បានផ្ដល់វិភាគទានរបស់ខ្លួនសរុបជាង ២៦លានដុល្លារអូស្ត្រាលី ហើយដល់សាលាក្ដីខ្មែរក្រហម។ ប្រទេសអូស្ត្រាលី គឺជាប្រទេសម្ចាស់ជំនួយធំទីពីរ របស់សាលាក្ដីខ្មែរក្រហម ហើយគាំទ្រសាលាក្ដីនេះចាប់តាំងពីពេលបង្កើតមក។
សាលាក្ដីខ្មែរក្រហមត្រូវការថវិកាសរុបជាង ៣១លានដុល្លារ (៣១.៦) សម្រាប់ចំណាយក្នុងឆ្នាំ២០១៤។ ក្នុងនោះ ភាគីអន្តរជាតិត្រូវការចំនួន ២៥.២លានដុល្លារ ហើយភាគីជាតិត្រូវការ ៦.៤លានដុល្លារ។
មន្ត្រីនាំពាក្យរបស់សាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ឱ្យដឹងថា រហូតមកដល់ពេលនេះ ភាគីជាតិនៅខ្វះថវិកាជាង ២លានដុល្លារទៀត ដើម្បីបំពេញការងាររហូតដល់ចុងឆ្នាំ២០១៤។ ដោយឡែកខាងភាគីអន្តរជាតិមិនមានបញ្ហារឿងថវិកាទេ។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម គ្រោងប្រកាសសាលក្រមលើសំណុំរឿង ០០២ វគ្គ ១ ដែលមានជនជាប់ចោទពីររូប គឺ នួន ជា និង ខៀវ សំផន នៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
