ឌុច ថា​អ្នក​ទោស​ឆ្លើយ​ដាក់​លោក ហេង សំរិន ពាក់ព័ន្ធ​នឹង​ផែនការ​រដ្ឋ​ប្រហារ ប៉ុល ពត

ដោយ ឡេង ម៉ាលី
2016.06.23
កាំង ហ្កេកអ៊ាវ ហៅ ឌុច ២០១៦ ៨៥៥ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៣ មិថុនា បន្ត​ស្ដាប់​ការ​សួរ​ដេញដោល​សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការ​ស្ដាប់​សក្ខីកម្ម​ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១១ សាក្សី ឌុច ថ្លែង​ថា មាន​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​ឆ្លើយ​ដាក់​លោក ហេង សំរិន ពាក់ព័ន្ធ​នឹង​ផែនការ​រដ្ឋ​ប្រហារ ប៉ុល ពត។

ការ​ថ្លែង​របស់​សាក្សី ឌុច នៅ​ថ្ងៃ​ទី​២៣ មិថុនា ទាក់ទង​នឹង​លោក ហេង សំរិន គឺ​នៅ​ត្រង់​ចំណុច​ដែល​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា សួរ​ដេញដោល​អំពី​ការ​ចាប់​កម្មាភិបាល​កងទ័ព​ភូមិ​ភាគ​ឧត្ដរ បូព៌ា និង​ពាយ័ព្យ ក្នុង​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ ប៉ុល ពត។

លោក​ថា កម្មាភិបាល​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​តាម​ដាន​របស់​គណៈ​មជ្ឈិម​ជា​យូរ​មក​ហើយ ហើយ​ផ្សំ​ជាមួយ​ចម្លើយ​អ្នក​ទោស​ដែល​ចាប់​មក​មន្ទីរ «-២១» ឆ្លើយ​ដាក់៖ «ខ្ញុំ​សុំ​និយាយ​អំពី​រឿងជាក់ស្ដែង​ដែល​ខ្ញុំ​ជា​អ្នក​ប្រតិបត្តិការ​ជាក់ស្ដែង ជា​ប្រធាន -២១។ ចម្លើយ​អ្នក​ទោស​ដែលចាប់​មក​នៅ -២១ ពិត​ជា​មាន​ការ​ឆ្លើយ​ដាក់​មនុស្ស​ច្រើន ក្នុង​នោះ​មាន​មិត្ត ចក្រី ឆ្លើយ​ដាក់​បង ឈូក ឆ្លើយ​ដាក់​ដូច​បង ជ័យ សួន អី​ហ្នឹង ហើយ​មិត្ត អឿន សុទ្ធតែ​ចាប់​មក​ហើយ។ ដោយឡែក​វា​ក៏​ពិត​ជា​មាន​ឆ្លើយ​ដាក់​បង រិន ដែរ តែ​អត់​បាន​ចាប់​មក​ទេ។ គាត់​នៅ​រស់​ទាល់​តែ​សព្វថ្ងៃ​ជា​ប្រធាន​សភា​ប្រជាជន​កម្ពុជា។ ពិត​ជា​មាន​ការ​ឆ្លើយ​ដាក់»

លោក ហេង សំរិន អតីត​ជា​មេ​បញ្ជាការ​កង​ពល​នៅ​ភូមិភាគ​និរតី ដែល​មាន​កម្មាភិបាល​ឈ្មោះ សោ ភឹម ជា​ប្រធាន​ភូមិ​ភាគ និង​ជា​សមាជិក​នៃ​គណៈ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

សាក្សី ឌុច ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ផែនការ​រដ្ឋ​ប្រហារ​របស់​កម្មាភិបាល ដែល​មាន​និន្នាការ​ទៅ​រក​វៀតណាម ទាំង​នោះ​ទេ ហើយ​ថា ការ​សម្រេច​ចាប់​ខ្លួន​ក៏​មិន​មែន​លោក​ដែរ គឺ​គណៈ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ជា​អ្នក​សម្រេច។ លោក​ថា មន្ទីរ​សន្តិសុខ ស-២១ ដែល​ជា​មន្ទីរ​ប្រឆាំង​ចារកម្ម​មាន​តួនាទី​តាម​ដាន និង​ប្រឆាំង​រាល់​ចារបុរស៖ «ក្នុង​ឋានៈ ស-២១ នេះ វា​ជា​ស្ថាប័ន​ប្រឆាំង​ចារកម្ម។ ដូច្នេះ​ចារកម្ម​ដែល​ស្រួច​បំផុត មិន​មែន​ថៃ ទេ គឺ​យួន។ ឯ​អាមេរិកាំង យើង​នៅ​បោស​សម្អាត​បន្តិចបន្តួច។ នេះ​គឺ​ខ្ញុំ​និយាយ​អ៊ីចឹង»

នៅ​ពេល​ដែល​មេធាវី​ការពារ​ក្ដី​សួរ​ដេញដោល​អំពី​ឈ្មោះ​លោក ហ៊ុន សែន ថា​នៅ​ក្នុង​បក្ខពួក​ជាមួយ​កម្មាភិបាល​ឈ្មោះ អឿន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ លោក​ឆ្លើយ​ថា លោក​មិន​ស្គាល់​ឈ្មោះ​នេះ​ពី​មុន​មក​ទេ៖ «ឈ្មោះ​ដែល​រៀបរាប់​អម្បាញ់មិញ​ជា​ឈ្មោះ​ដែល​ខ្ញុំ​ស្គាល់​ភាគ​ច្រើន ហើយ​ដែល​ជាប់​នៅ ស-២១។ ដោយឡែក​តែ​ឈ្មោះ ហ៊ុន សែន ខ្ញុំ​សុំ​បញ្ជាក់​ជា​ឱឡារិក​ថា ខ្ញុំ​អត់​ដែល​ឮ​ទេ។ ឈ្មោះ ហ៊ុន សែន នេះ ខ្ញុំ​ឮ​ក្រោយ ៧ មករា»

លោក ឌុច ឲ្យ​ដឹង​ដែរ​ថា ការងារ​សម្រិតសម្រាំង​ខ្មាំង​ផ្ទៃ​ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក អៀង សារី លោក វន វ៉េត និង​ជន​ជាប់​ចោទ ខៀវ សំផន ទេ។ លោក​បដិសេធ​ថា ជនជាតិ​ចាម ដែល​ត្រូវ​គេ​ចាប់​មក​មន្ទីរ ស-២១ ក៏​មិន​មែន​ដោយសារ​រឿង​ជាតិ​សាសន៍​ដែរ៖ «គេ​ចាប់​ជនជាតិ​ចាម មក​ឲ្យ​ខ្ញុំ​ក្នុង​ឋានៈ​ជា​ចាម អត់​មាន​ទេ។ ប៉ុន្តែ សឹម ម៉េល ហៅ ម៉ាន គាត់​ជា​ចាម គាត់​មក​ធ្វើ​បដិវត្តន៍។ ប៉ុន្តែ​ក្រោយ​មក​គាត់​ធ្វើ​ខុស គេ​ចាប់​ពី​ស្រែក​យក​មក​ភ្នំពេញ ហើយ​កម្ទេច​បាត់​ហើយ។ ដូច្នេះ​គេ​មិន​ចាប់​មនុស្ស​ឲ្យ​តែ​ឃើញ​ចាម ដើម្បី​ប្រល័យ​ពូជ​សាសន៍​ចាម អត់​ទេ។ ប៉ុន្តែ​ចាម ធ្វើ​ខុស ដូច សឹម ម៉េល ហៅ ម៉ាន ធ្វើ​ម៉េច​បើ​អ្នក​ឯង​ធ្វើ​ខុស»

សក្ខីកម្ម​របស់​សាក្សី ឌុច នៅ​មិន​ទាន់​ចប់​ទេ ហើយ​លោក​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បញ្ចប់​នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ មិថុនា សប្ដាហ៍​ក្រោយ។ បន្ទាប់​ពី​សាក្សី ឌុច អង្គ​ជំនុំ​ជម្រះ​នឹង​បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​ថ្មី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។