សាលា​ក្ដី​ខ្មែរ​ក្រហម​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អតីត​នារី​កង​ចល័ត​នៅ​ការដ្ឋាន​ទំនប់​១​មករា

ដោយ ឡេង ម៉ាលី
2015.05.28
អ៊ុន រ៉ន សាក្សី​ទី​៥​សំណុំ​រឿង​០០២ ៦២០ ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​០០២ គឺ​លោកស្រី អ៊ុន រ៉ន ដែល​ជា​សាក្សី​ទី​៥ ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លោកស្រី​ត្រូវ​អង្គការ​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​លើក​ទំនប់​ឲ្យ​បាន ៦​ម៉ែត្រ​គូប​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​នៅ​ការដ្ឋាន​ការងារ​ទំនប់​១​មករា ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥
Photo courtesy of ECCC

ការដ្ឋាន​ការងារ​នៅ​ទំនប់ ១​មករា ខេត្ត​កំពង់ធំ នៅ​តែ​ជា​អង្គ​ហេតុ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ត្រូវ​ធ្វើ​សវនាការ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ នៅ​ថ្ងៃ​ទី​២៨ ឧសភា អង្គ​ជំនុំ​ជម្រះ បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ទី​៥ ទាក់ទង​នឹង​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ការងារ​នៅ​ទំនប់ ១​មករា។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿង​០០២ គឺ​លោកស្រី អ៊ុន រ៉ន ដែល​ជា​សាក្សី​ទី​៥ បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោកស្រី​ត្រូវ​អង្គការ​ខ្មែរ​ក្រហម បង្ខំ​ឲ្យ​លើក​ទំនប់​ឲ្យ​បាន ៦​ម៉ែត្រ​គូប​ក្នុង​មួយ​យប់​មួយ​ថ្ងៃ៖ «រែក​ដី​ម្នាក់​គេ​ឲ្យ ៤​ម៉ែត្រ​គូប។ ៤​ម៉ែត្រ​គូប​ហ្នឹង​ហ៊ុន​ទៅ​ម្នាក់​អ្នក​រែក ម្នាក់​អ្នក​ជីក។ ម្នាក់​ទៀត​ជីក​ទៅ​ឈឺ​ដៃ ដូរ​ឲ្យ​គេ​រែក​ម្ដង យើង​ជីក​ម្ដង។ ក្នុង​ម្នាក់​ថ្ងៃ ៤​ម៉ែត្រ យប់ ២​ម៉ែត្រ។ ក្នុង​មួយ​យប់​មួយ​ថ្ងៃ ២​នាក់ គឺ ១២​ម៉ែត្រ​គូប។ បាន​ជា​គេ​ដាក់​ផែនការ​ក្ដៅ​គគុក គឺ​ឲ្យ​រហ័ស​រួច​ទំនប់​នោះ ដើម្បី​កុំ​ឲ្យ​រដូវ​វស្សា​មក​ដល់​ទាន់។ ខំ​នាំ​គ្នា​ប្រឹង​ឲ្យ​រហ័ស​រួច​ចប់​សព្វ​គ្រប់»

ការ​បង្ខំ​ឲ្យ​ជីក​ដី​លើក​ទំនប់ ៦​ម៉ែត្រ​គូប និង​ជីវភាព​រស់នៅ​មិន​គ្រប់គ្រាន់ ត្រូវ​បាន លោកស្រី អ៊ុន រ៉ន ថ្លែង​ថា ជា​ស្ថានភាព​លំបាក​ខ្លាំង​នៅ​ទំនប់ ១​មករា ក្នុង​ខេត្ត​កំពង់ធំ នោះ។ សក្ខីកម្ម​របស់​លោកស្រី គឺ​ផ្ទុយ​គ្នា​ទៅ​នឹង​សាក្សី​មុនៗ ដែល​ថា គេ​ឲ្យ​លើក​ដី​មួយ​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជា​ដូច្នេះ​ក្ដី លោកស្រី អ៊ុន រ៉ន បញ្ជាក់​ជូន​អង្គ​ជំនុំ​ជម្រះ​នូវ​ចំណុច​ដូច​គ្នា​ថា ការ​ហូប​ចុក និង​ទឹក​នៅ​ទីនោះ មិន​គ្រប់គ្រាន់ និង​ខ្វះ​អនាម័យ​ខ្លាំង ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ឈឺ​ច្រើន។

លោកស្រី​បន្ត​ថា នៅ​ពេល​ពលករ​ធ្លាក់​ខ្លួន​ឈឺ ពួក​មេ​កង​ខ្មែរ​ក្រហម តែង​គំរាម​អំពី​ការ​យក​ទៅ​កសាង និង​សម្លាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ខំ​ប្រឹង​ទៅ​ធ្វើ​ការ​ទាំង​ឈឺ ដោយ​មិន​ហ៊ាន​តវ៉ា ព្រោះ​មាន​អ្នក​ខ្លះ​ត្រូវ​គេ​យក​ទៅ​បាត់​រហូត៖ «គេ​ប្រាប់​ពេល​យើង​ឈឺ​គេ​ថា សមមិត្ត​ឯង​កុំ​ឈឺ​ញឹក​ពេក ប្រយ័ត្ន​គេ​យក​ទៅ​កែប្រែ​អប់រំ។ ប្រយ័ត្ន​អត់​បបរ​ហូប​ទៀត។ គេ​ថា​ផ្ទាល់​ខ្លួន។ កន្លង​មក ឲ្យ​តែ​ឮ​ថា​អប់រំ និង​កែប្រែ អត់​មាន​ទៅ​ផ្លូវ​ណា​ទេ មាន​តែ​ផ្លូវ​មួយ​ហ្នឹង។ គេ​និយាយ​ក៏​និយាយ គេ​ថា​ក៏​គេ​ថា សមមិត្ត​ចង់​ស្លាប់ ឬ​ក៏​ចង់​រស់? ទៅ​ណា​បើ​មិន​អប់រំ​បាត់​ខ្លួន។ អប់រំ​ដឹង​តែ​បាត់»

ទាក់ទង​នឹង​អង្គ​ហេតុ​ស្ដីពី​ការដ្ឋាន​ការងារ​នៅ​ទំនប់ ១​មករា នេះ គឺ​ជា​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​ចំនួន​៣ ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ជ្រើសរើស​យក​មក​ធ្វើ​សវនាការ​តាម​លំដាប់​លំដោយ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ ក្នុង​នោះ ក៏​មាន​ការដ្ឋាន​សាងសង់​វាល​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំងថ្ម នៅ​ខេត្ត​បន្ទាយមានជ័យ។

ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ទំនប់ ១​មករា ខេត្ត​កំពង់ធំ អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​សក្ខីកម្ម​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សាក្សី​ចំនួន ១០​រូប គឺ​មាន​ទាំង​ជន​រងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ទីនោះ។ អង្គ​ជំនុំ​ជម្រះ នឹង​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​មួយ​រូប​ទៀត នៅ​ថ្ងៃ​អង្គារ ទី​២ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។