សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​បដិសេធ​តួនាទី​សម្លាប់​នៅ​គុក​ក្រាំង​តា​ចាន់

ដោយ ឡេង ម៉ាលី
2015.03.05
eccc305 ទិដ្ឋភាព​ក្នុង​សវនាការ​នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៥ មីនា នៅ​តែ​បន្ត​ស្ដាប់​ការ​សួរ​ដេញ​ដោល​សាក្សី ជា​អតីត​អ្នក​យាម​នៅ​គុក​ក្រាំង​តា​ចាន់ ឈ្មោះ វ៉ាន់ សឿន ហៅ ស៊ាន់ ដដែល។ ថ្ងៃ​នេះ សាក្សី វ៉ាន់ សឿន បដិសេធ​ថា គាត់​មិន​បាន​ពាក់ព័ន្ធ ឬ​ចូលរួម​ក្នុង​ការ​កាប់​សម្លាប់ ឬ​រំលោភ​បំពាន​អ្នក​ទោស​ទេ ក្រៅ​ពី​យាម​ការពារ​អ្នក​ទោស និង​ជា​នីរសារ​នៅ​គុក​ក្រាំង​តា​ចាន់។

ការ​បដិសេធ​របស់​សាក្សី វ៉ាន់ សឿន ហៅ ស៊ាន់ គឺ​នៅ​ពេល​ឆ្លើយ​តប​ទៅ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ដែល​លើក​យក​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ មាស សុខា មក​សួរ​ដេញ​ដោល​លោក​ម្ដង​ទៀត អំពី​ការ​ប្រជុំ​សម្លាប់​អ្នក​ទោស​ជាង ១០០​នាក់ នៅ​ឆ្នាំ​១៩៧៧។

លោក​មេធាវី គង់ សំអុន៖ «មាស សុខា គាត់​ថា លោក​ចូលរួម​ប្រជុំ​ដែរ ហើយ​លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ចូលរួម​ទេ អ៊ីចឹង​ខ្ញុំ​ចង់​ដឹង​ថា តើ​លោក​មាន​អ្វី​ត្រូវ​ឆ្លើយ​តប​សក្ខីកម្ម​របស់ មាស សុខា ទៀត​ទេ ទាក់ទង​ការ​ប្រជុំ? ចម្លើយ វ៉ាន់ សឿន៖ បាទ! ទាក់ទង​ការ​ប្រជុំ​វា​ពិត​មែន​ហើយ ម្ដង​ម្កាល​ជាមួយ​ពេញ។ ប៉ុន្តែ​រឿង​សម្លាប់​មនុស្ស ខ្ញុំ​អត់​ទេ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា សាក្សី​ឈ្មោះ មាស សុខា អតីត​អ្នក​ទោស​កុមារ​ម្នាក់ បាន​ឆ្លើយ​បញ្ជាក់​ទៅ​មេធាវី អង់តា ហ្គីហ្សេ (Anta Guisse) ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ ខៀវ សំផន ថា​លោក​បាន​ឃើញ​អ្នក​ធ្វើ​ការ​នៅ​គុក​ក្រាំង​តា​ចាន់ ប្រជុំ​គ្នា​រឿង​ផែនការ​សម្លាប់​មនុស្ស​ជាង ១០០​នាក់​នោះ៖ «វត្តមាន​អ្នក​សម្លាប់ គឺ​ដក​តែ ឌុច​ធំ មួយ ហើយ​អ្នក​ធ្វើ​បាយ​នៅ​ចង្ក្រាន​មួយ។ ឌុច​ធំ គាត់​ដក​ទៅ​ស្រុក​ក្រៅ​ហើយ។ មេធាវី អង់តា ហ្គីហ្សេ សួរ៖ អ៊ីចឹង ពេញ និង ស៊ាន់ អី​ហ្នឹង មាន​វត្តមាន​នៅ​ទី​ហ្នឹង​ដែរ អ៊ីចឹង​មែន​ទេ? សាក្សី មាស សុខា ឆ្លើយ៖ អ៊ីចឹង​មែន!»

សាក្សី វ៉ាន់ សឿន ទទួល​ស្គាល់​ថា អ្នក​យាម​គុក​នៅ​ក្នុង​ក្រុម​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា សាំង គឺ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក។ សាំង ត្រូវ​បាន​សាក្សី​ឈ្មោះ សយ សែន ជម្រាប​អង្គ​ជំនុំ​ជម្រះ​កាល​ពី​ដើម​ខែ​កុម្ភៈ ថា គាត់​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្លាប់​មនុស្ស​នៅ​គុក​ក្រាំង​តា​ចាន់ នោះ។

លោក សយ សែន គឺ​ជា​សាក្សី​នៅ​រស់​ដ៏​សំខាន់​មួយ​រូប ដែល​បាន​ផ្ដល់​សក្ខីកម្ម​អំពី​ឧក្រិដ្ឋកម្ម​ជាច្រើន​នៅ​គុក​ក្រាំង​តា​ចាន់ ក្នុង​ខេត្ត​តាកែវ។ លោក​ជា​អតីត​អ្នក​ទោស​កុមារ​នៅ​គុក​នោះ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៩។ ក្នុង​សក្ខីកម្ម​ទាំង​នោះ គឺ​មាន​ការ​រំលោភ​អ្នក​ទោស​ស្ត្រី ការ​បោក​សម្លាប់​កុមារ ហើយ​វះ​យក​ប្រមាត់។ អ្នក​ប្រព្រឹត្តិ​ទាំង​នោះ គឺ​ជា​ឆ្មាំ​គុក​ដែល​នៅ​ក្នុង​ក្រុម​ជាមួយ លោក វ៉ាន់ សឿន។

ប៉ុន្តែ លោក វ៉ាន់ សឿន បដិសេធ​ការ​ពាក់ព័ន្ធ​អំពី​បញ្ហា​ទាំង​នេះ ហើយ​ថា ការងារ​របស់​គាត់​គ្រាន់​យាម​នៅ​ផ្នែក​របង​ខាង​ក្រៅ និង​ជា​នីរសារ​នាំ​សំបុត្រ​រវាង​គុក​នោះ និង​មន្ទីរ​ស្រុក​ប៉ុណ្ណោះ។

ទោះ​ជា​ដូច្នេះ​ក្ដី ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន សម្រេច​ធ្វើ​សវនាការ​ស្ដាប់​ការ​សួរ​ដេញ​ដោល​សាក្សី​រូប​នេះ​ជា​អសាធារណៈ នៅ​រសៀល​ថ្ងៃ​ទី​៥ មីនា ទាក់ទង​ការ​បៀតបៀន​ផ្លូវ​ភេទ​អ្នក​ទោស៖ «ព្រឹក​មិញ អង្គ​ជម្រះ​ទទួល​បាន​សំណើ​សុំ​របស់​មេធាវី នួន ជា សុំ​ឲ្យ​ធ្វើ​សវនាការ​ជា​អសាធារណៈ​ស្ដាប់​សាក្សី វ៉ាន់ សឿន ពាក់ព័ន្ធ​នឹង​អង្គហេតុ​ថា មាន​ការ​បៀតបៀន​ផ្លូវ​ភេទ​លើ​ស្ត្រី​ភេទ​មួយ​រូប​នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ ដើម្បី​ការពារ​សិទ្ធិ​ឯកជន​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​សំណួរ ដែល​មេធាវី​ការពារ​ក្ដី នួន ជា មាន​បំណង​សួរ​ចំពោះ​សាក្សី អង្គ​ជម្រះ​ធ្វើ​សវនាការ​អសាធារណៈ​ផ្នែក​នៃ​ការ​សវនាការ​ស្ដាប់​សក្ខីកម្ម​សាក្សី​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ»

បន្ទាប់​ពី​សាក្សី វ៉ាន់ សឿន ហៅ ស៊ាន់ នេះ​ទៅ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​អំពី​សាក្សី​បន្ទាប់​ជា​នរណា និង​ពេលវេលា​ធ្វើ​សវនាការ​ច្បាស់លាស់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។