ជប៉ុន​ផ្ដល់​ជំនួយ​ថវិកា​ជាង​១​លាន​ដុល្លារ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

ដោយ ឡេង ម៉ាលី
2017-08-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។
សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។
Photo courtesy of ECCC

ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ប្រកាស​ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ផ្ដល់​ជំនួយ​ថវិកា​ជាង ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (.២២១.៨១៨​ដុល្លារ) ដល់​ភាគី​អង្គការ​សហប្រជាជាតិ នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា ថវិកា​ដែល​រដ្ឋាភិបាល​ជប៉ុន សម្រេច​ផ្ដល់​នៅ​ពេល​នេះ គឺ​ជា​វិភាគទាន​ទ្រទ្រង់​ដំណើរការ​សាលា​ក្ដី​ខ្មែរ​ក្រហម​សម្រាប់​ដល់​ចុង​ឆ្នាំ​២០១៧៖ «ការ​ដែល​រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ថវិកា​ចំនួន​ប្រមាណ ១​លាន ២​សែន​ដុល្លារ​អាមេរិក​មក​ដល់​ភាគី​អន្តរជាតិ នៃ​សាលា​ក្ដីខ្មែរ​ក្រហម គឺ​សម្រាប់​ដំណើរការ​ថវិកា​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៧។ ប្រទេស​ជប៉ុន ជា​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​ផ្ដល់​មក​ឲ្យ​សាលា​ក្ដីខ្មែរ​ក្រហម ដែល​រហូត​មក​ដល់​ពេល​នេះ ប្រទេស​ជប៉ុន ផ្ដល់​ថវិកា​ប្រមាណ​ជាង ៨៦​ដុល្លារ​អាមេរិក ហើយ​សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​នេះ គឺ​បាន​ផ្ដល់​ថវិកា​មក​ឲ្យ​សាលា​ក្ដីខ្មែរ​ក្រហម​ហ្នឹង គឺ​សម្រាប់​ភាគី​អន្តរជាតិ​ចំនួន ៦៨,៥​លាន ហើយ​ភាគី​ជាតិ​ចំនួន ១៦,០៨​លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណើរការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០១៦»

សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា សរសេរ​ថា រដ្ឋាភិបាល​ជប៉ុន កត់​សម្គាល់​ការ​វិវឌ្ឍន៍​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​រយៈពេល​ចុង​ក្រោយ ហើយ​ថវិកា​នេះ​ក៏​លើក​ទឹក​ចិត្ត​សាលា​ក្ដី ឲ្យ​បន្ត​ដំណើរការ​សំណុំ​រឿង​សេសសល់​ក្នុង​របៀប​មួយ​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ឆាប់​រហ័ស ព្រោះ​ជន​ជាប់​ចោទ​មាន​វ័យ​កាន់​តែ​ចាស់​ជរា សុខភាព​ទន់​ខ្សោយ និង​ដើម្បី​ឲ្យ​សម្រេច​បាន​យុត្តិធម៌​ដែល​ពលរដ្ឋ​កម្ពុជា រង់ចាំ​យូរ​មក​ហើយ។

ជំនួយ​ថវិកា​ជាង ៨៦​លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ទៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ចាប់​ដំណើរការ​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ពេល​នេះ គឺ​ប្រហែល ៣១% នៃ​ថវិកា​ជំនួយ​សរុប​ដែល​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​បាន​ផ្ដល់។ ប្រទេស​ជប៉ុន និង​បារាំង ក្នុង​ឋានៈ​ជា​សហប្រធាន​នៃ​មិត្ត​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​តាមដាន​ដំណើរការ​សាលា​ក្ដី​នេះ​យ៉ាង​សកម្ម។

លោក នេត្រ ភក្ដ្រា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​អស់​ជាង ២៩៣​លាន​ដុល្លារ​អាមេរិក (២៩៣,១​លាន)។ នៅ​ឆ្នាំ​២០១៧ នេះ ភាគី​កម្ពុជា នៅ​ខ្វះ​ថវិកា​ជិត ៥០​ម៉ឺន​ដុល្លារ​ទៀត​សម្រាប់​ដល់​ចុង​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល