មជ្ឈមណ្ឌល​បុប្ជាណា​សម្ពោធ​កម្មវិធី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​លើ​ទូរស័ព្ទ

ដោយ ឡេង ម៉ាលី
2017-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មវិធី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​លើ​ទូរស័ព្ទ​ស្មាតហ្វូន របស់​មជ្ឈមណ្ឌល​បុប្ផាណា ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧។
កម្មវិធី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​លើ​ទូរស័ព្ទ​ស្មាតហ្វូន របស់​មជ្ឈមណ្ឌល​បុប្ផាណា ដែល​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៧។
Screenshot

មជ្ឈមណ្ឌល​បុប្ជាណា ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ឌីជីថល ឬ​ហៅ​ថា អែប (App) ថ្មី​មួយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា សម្រាប់​ការ​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​លើ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ជាណា ដែល​ធ្វើ​ការ​ផ្នែក​ចងក្រង​ធនធាន​សោតទស្សន៍​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម គឺ​លោក ជា សុភាព បញ្ជាក់​ថា ព័ត៌មាន​ក្នុង​កម្មវិធី ឬ​អែប នេះ ត្រូវ​បាន​បែង​ចែក​ជា ៨​ជំពូក​ធំ ហើយ​ជំពូក​នីមួយៗ មាន​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​យក​ពី​ប័ណ្ណសារ​ឯកសារ​សរសេរ​ក្នុង និង​ក្រោយ​របប​ខ្មែរក្រហម«ពេល​បច្ចុប្បន្ន​នេះ យើង​ប្រើ​រូបថត​ដែល​ជា​ប័ណ្ណសារ​រហូត​ជាង ១.៣០០​សន្លឹក​នៅ​ក្នុង​អែប​របស់​យើង ហើយ​ប័ណ្ណសារ​វីដេអូ​មាន​ដល់ ៣៧០​នាទី គិត​ជា​វីដេអូ​ឃ្លីប​មាន ៦៤​វីដេអូ​ឃ្លីប​បូក​បញ្ចូល​ទាំង​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម អ្នក​ជំនាញ​ផ្សេងៗ។ លើស​ពី​នេះ យើង​មាន​ខ្សែ​អាត់​សំឡេង​ដែល​ជា​ប័ណ្ណសារ​ដែរ។ យើង​ប្រើ​ត្រឹម​តែ ២០​នាទី។ ក្នុង​នោះ​មាន ១៧ រួម​មាន​ចម្រៀង​ឃោសនា​របស់​ខ្មែរ​ក្រហម បទសម្ភាសន៍​មេ​ដឹកនាំ​ខ្មែរ​ក្រហម សក្ខីកម្ម​ជន​រងគ្រោះ​ដែរ»

ព័ត៌មាន​ក្នុង ៨​ជំពូក​ធំៗ មាន​ជា​អាទិ ការ​ឡើង​អំណាច​របស់​ខ្មែរ​ក្រហម ការ​ដួល​រលំ​នៃ​ទីក្រុង​ភ្នំពេញ ការដ្ឋាន​ការងារ​ជា​សមរភូមិ​ថ្មី គោលនយោបាយ និង​មនោគម​វិជ្ជា​ខ្មែរ​ក្រហម ប្រព័ន្ធ​សន្តិសុខ ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជំពូក​ទី​៨ ដំណើរ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌។

លោក ជា សុភាព បន្ត​ថា អែប ឬ​កម្មវិធី​សិក្សា​ប្រវត្តិ​ខ្មែរ​ក្រហម​នេះ ជា​គម្រោង​ស្នើ​សុំ​មួយ​សម្រាប់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នៅ​សាលាក្ដី​ខ្មែរ​ក្រហម។ កម្មវិធី​នេះ ជា​គម្រោង​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ទូលំទូលាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​បង់​ថ្លៃ។ កម្មវិធី​នេះ ក៏​ជា​ឧបករណ៍​បន្ថែម​មួយ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ ដែល​ជួយ​ដល់​គ្រូ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ក្នុង​ថ្នាក់​រៀន។ គម្រោង​នេះ ក៏​ដើម្បី​អប់រំ​យុវជន​អំពី​ប្រវត្តិ​ខ្មែរក្រហម តាម​ការ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្នៃ​ប្រឌិត មាន​ភាព​សុក្រឹត និង​ស្តង់ដារ​មួយ​ដែល​ពិនិត្យ​ដោយ​អ្នក​ជំនាញ​កម្ពុជា និង​អន្តរជាតិ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​យុត្តិធម៌ សិទ្ធិមនុស្ស និង​សន្តិភាព ដោយ​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ឆ្លង​ជំនាន់​រវាង​អ្នក​រស់រាន​ពី​របប​ខ្មែរ​ក្រហម និង​យុវជន។

នៅ​ថ្ងៃ​ទី​២៥ កក្កដា ដដែល សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​ចេញ​ដីកា​បញ្ជូន​សំណុំរឿង​លេខ ០០៣ ទៅ​ឲ្យ​សហ​ព្រះរាជអាជ្ញា​ពិនិត្យ។ ការ​បញ្ជូន​សំណុំរឿង​លេខ ០០៣ គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​សហ​ព្រះរាជអាជ្ញា​ដាក់​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​ខ្លួន​លើ​សំណុំរឿង​នេះ​ក្នុង​រយៈ​ពេល ៣​ខែ។

មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ក៏​នឹង​ត្រូវ​ផ្ដល់​ជូន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​សហ​ព្រះរាជអាជ្ញា​មុន​ពេល​ចេញ​ដីកា​ដំណោះស្រាយ​ថា ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ ឬ​ក៏​ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យើងបានតាមដានមជ្ឈមណ្ឌលបុប្ផាណានេះបានប្រឹងប្រែងផ្សព្វផ្សាយតាំងពិតំបន់សៀមរាប ឥឡូវនេះជ្រៀតចូលដល់ទីក្រុងភ្នំពេញទៀត ។ យើងសូមគោរពដោយស្មោះនូវវិរ:ភាពដ៏ក្លាហាននេះក្នុងការជួយរកការពិត ដើម្បីទទួលបានយុត្តិធម៍ពិតផងដែរ (សមដូចរដ្ឋទូតប្រទេសអាលីម៉ង់ បានថ្លែងក្នុងពីធីសម្ពោធស្នូបរំលឹកដល់អ្នកស្លាប់នៅគុកទូលស្លែង (ស២១)ថា បើការពិតមិនទាន់រកឃើញ យុត្តិធម៍ពិតប្រាកដក៏គ្មានដែរ) ៕

Jul 26, 2017 11:40 PM

គេហទំព័រ​ទាំងមូល