ដំណើរ​ជីវិត​របស់​ស្ត្រី​មេម៉ាយ​មួយ​រូប​រស់នៅ​ម្នាក់​ឯង​ក្រោយ​របប​ខ្មែរ​ក្រហម

ដោយ ម៉ៅ សុធានី
2015-04-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូប​គំនូរ​ចែក​បបរ​ក្នុង​របប​ខ្មែរ​ក្រហម។
រូប​គំនូរ​ចែក​បបរ​ក្នុង​របប​ខ្មែរ​ក្រហម។
រូបថត​ឯកសារ​របស់​សារមន្ទីរ​ទួលស្លែង

ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ប៉ុល ពត នៅ​ចងចាំ​មិន​ភ្លេច​ទេ​នៅ​ពេល​ដែល​ទាហាន​ខ្មែរ​ក្រហម​វាយ​ចូល​ទីក្រុង និង​បាន​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់ ចាក​ចេញ​ទៅ​រស់នៅ​តាម​ទី​ជនបទ​ជា​បណ្ដោះអាសន្ន។

អ្នកស្រី សឿង ផាន់ស៊ី ដែល​ជា​ស្ត្រី​មេម៉ាយ បច្ចុប្បន្ន​រស់នៅ​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ឲ្យ​ដឹង​ថា សមាជិក​គ្រួសារ​អ្នកស្រី​ជាង ២០​នាក់ បាន​ស្លាប់​ទាំងអស់​ក្នុង​សម័យ​ខ្មែរ​ក្រហម រួម​មាន​ឪពុក​ម្តាយ មា​មីង បងប្អូន​បង្កើត និង​ស្វាមី ព្រម​ទាំង​កូន​បី​នាក់។

ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ បាន​កន្លង​ផុត ៤០​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏ អ្នកស្រី សឿង ផាន់ស៊ី អាយុ ៦៧​ឆ្នាំ នៅ​តែ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដដែល ទោះ​បី​ជា​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក ជិត ២០​ឆ្នាំ​ក៏ដោយ។ អ្នកស្រី​បញ្ជាក់​ថា ក្រោយ​របប​ខ្មែរ​ក្រហម អ្នកស្រី​មិន​ដែល​បាន​ស្គាល់​សុភមង្គល​ក្នុង​ជីវិត​ទាល់​តែ​សោះ ជីវិត​រស់នៅ​តែលតោល​ម្នាក់​ឯង ព្រាត់ប្រាស​ក្រុម​គ្រួសារ ស្វាមី និង​កូន​ទាំង​បី។

អ្នកស្រី​នឹក​ឃើញ​ចងចាំ​ជានិច្ច នៅ​ពេល​ដែល​ក្រុម​គ្រួសារ​អ្នកស្រី​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​វ័យ​ក្មេងៗ​មួយ​ក្រុម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​មក​គោះ​ទ្វារ​ប្រាប់​ឲ្យ​រៀបចំ​ស្បៀង​អាហារ​ចេញ​ពី​ផ្ទះ​សម្បែង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​អង្គការ​បោស​សម្អាត​រៀបចំ​ទីក្រុង​ឡើង​វិញ៖ «ដំបូង​ឮ​សូរ​ផ្សាយ​តាម​វិទ្យុ​ជាតិ ហើយ​ដល់​ពេល​ពួក​ខ្មែរ​ក្រហម​ហ្នឹង​វា​ចូល​មក​ដល់​ផ្ទះ​តែ​ម្តង គឺ​វា​មាន​គ្នា ៣​នាក់ ភ្ជង់​កាំភ្លើង ហើយ​វា​ក្មេង​មាន​អាយុ ១៧ ឬ ១៨​ឆ្នាំ។ វា​បាន​សួរ​ឪពុក​ខ្ញុំ​ថា​មាន​គ្នា​ប៉ុន្មាន​នាក់? វា​ប្រាប់​មក​យើង​វិញ​ឲ្យ​រៀប​អីវ៉ាន់​ចេញ​ក្រៅ​ទីក្រុង​ភ្នំពេញ​សិន ចាំ​គេ​រៀបចំ​ហើយ គេ​ហៅ​ត្រឡប់​មក​វិញ មិន​បាច់​យក​ច្រើន​ទៅ​ទេ ហើយ​ថា​ឲ្យ​ចេញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ...»

អ្នកស្រី​បាន​រំឭក​ថា ខណៈ​ដែល​ទាហាន​ខ្មែរ​ក្រហម​ដើរ​ចូល​តាម​វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ ពលរដ្ឋ​ទាំង​ចាស់​ក្មេង ទាំង​ស្រី​ប្រុស រួម​ទាំង​ក្រុម​គ្រួសារ​អ្នកស្រី​ផង បាន​នាំ​គ្នា​ចេញ​ពី​ផ្ទះ​មក​ឈរ​ដង្ហែ​គ្នា​នៅ​តាម​ដង​ផ្លូវ​គ្រវី​ទង់ជាតិ និង​ក្រណាត់​ស ព្រម​ទាំង​ទះ​ដៃ​អបអរ​សាទរ​ជា​ការ​ស្វាគមន៍ ដោយ​រំពឹង​ថា សង្គ្រាម​ស៊ីវិល​បាន​ចប់​ហើយ ស្រុក​ទេស​មាន​សុខ​សន្តិភាព និង​សម្បូរ​សប្បាយ​រុងរឿង។

ក៏ប៉ុន្តែ ក្តី​រំភើប​រីករាយ និង​សង្ឃឹម​នោះ មិន​បាន​ពីរ​ថ្ងៃ​ផង ស្រាប់​តែ​ក្រុម​គ្រួសារ​អ្នកស្រី​ជាច្រើន​នាក់ រួម​មាន​ឪពុក​ម្តាយ បង​ស្រី និង​ស្វាមី ក្មួយ ៣​នាក់ រូប​អ្នកស្រី​ផ្ទាល់ និង​កូន ៣​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​នៅ​សង្កាត់​លេខ​៦ ក្រុង​ភ្នំពេញ។ ពេល​នោះ អ្នកស្រី​ត្រូវ​បែក​ពី​ស្វាមី​ជា​វិស្វករ ដែល​ត្រូវ​ទៅ​បំពេញ​បេសកកម្ម​នៅ​ខេត្ត​បាត់ដំបង៖ «ឡាន​អត់​មាន​បើក​ម៉ាស៊ីន​បញ្ឆេះ​បាន​ទេ រុញ​ឡាន​ទាំង​ពីរ​ហ្នឹង កូនៗ​ជិះ​ឡាន​ទៅ​ហើយ​ដាក់​អីវ៉ាន់ ភាគ​ច្រើន​ម្ហូប​អាហារ។ លោក​ឳពុក​អ្នក​ម្តាយ​គាត់​ដើរ ហើយ​បង​ថ្លៃ​ខ្ញុំ​រុញ​ឡាន​រំកិល​តិចៗ ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​នៅ​តាម​ផ្លូវ​ពេញ​ទាំងអស់។ មិន​ដឹង​ថា​ប៉ុន្មាន​ថ្ងៃ​ទេ ទើប​ចេញ​ផុត​ពី​ក្រុង​បាន ហើយ​យើង​ទៅ​តាម​ផ្លូវ​ព្រែកឯង ព្រោះ​នៅ​ហ្នឹង​មាន​បង​ប្អូន​រស់នៅ​ទីនោះ...»

ផែនការ​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ដោយ​គំហុក​បែប​នេះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ចាស់ និង​ក្មេងៗ​ខ្លះ​ឈឺ​ស្លាប់​តាម​ផ្លូវ ដោយសារ​មាន​ជំងឺ​ពុំ​មាន​ថ្នាំ​សង្កូវ​ព្យាបាល ខ្លះ​អត់​បាយ​ដោយ​ស្បៀង​អាហារ​យក​មក​ជាមួយ​តិចតួច​ពេក និង​ខ្លះ​ទៀត​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​បាញ់​សម្លាប់ ដោយ​ចោទ​ថា​ជា​មន្ត្រី​រាជការ ជា​ទាហាន​របស់​សេនា​ប្រមុខ លន់ នល់ ជា​វេជ្ជបណ្ឌិត វិស្វករ និង​ជា​គ្រូបង្រៀន ជាដើម។

បន្ទាប់​ពី​បាន​ទៅ​រស់នៅ​ក្នុង​ភូមិ​ព្រែកឯង ខេត្ត​កណ្តាល ប្រមាណ​ជាង​មួយ​ឆ្នាំ​មក គណៈ​ភូមិ​ក៏​បាន​ប្រកាស​ក្នុង​អង្គ​ប្រជុំ​ថា នឹង​ដឹក​ប្រជាជន​ថ្មី​ចេញ​ពី​ភូមិ​ឲ្យ​ទៅ​រស់នៅ​ក្បែរ​ក្រុង​ភ្នំពេញ ដើម្បី​សង់​លំនៅឋាន​បង្កើត​សហគមន៍​ថ្មី ទទួល​ស្វាគមន៍​ការ​យាង​ត្រឡប់​មក​កម្ពុជា វិញ​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុម​គ្រួសារ​របស់​អ្នកស្រី និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ដឹក​ជញ្ជូន​យក​ទៅ​ទម្លាក់​ចោល​ឲ្យ​ទៅ​រស់នៅ​យ៉ាង​វេទនា ក្នុង​ខេត្ត​ពោធិ៍សាត់៖ «វា​ដាក់​កប៉ាល់​ដឹក​ទៅ ដល់​ថ្ងៃ​ចុះ​កប៉ាល់​នោះ​យើង​ចេះ​តែ​មើល ទៅ​ដល់​មុខ​វាំង​ហើយ ដល់​មុខ​វាំង​វា​អត់​ឈប់​ទៀត។ ហើយ​ទៅ​ដល់​ក្អម​សំណ អត់​ចុះ​ទេ ហើយ​ទៅ​ដល់​ព្រែក​ក្តាម ក៏​អត់​ចុះ​ទៀត កាណូត​នោះ​វា​បែរ​ក្បាល​ទៅ​ទន្លេ​ធំ។ វា​ដឹក​ទៅ​កំពង់ឆ្នាំង ឡើង​ពី​កំពង់ឆ្នាំង ទៅ វា​ដឹក​ពួក​ខ្ញុំ​តាម​ឡាន​ដឹក​ទំនិញ ហើយ​យក​ទៅ​ទម្លាក់​នៅ​ភូមិ​ចាហួយ ឃុំ​ឫស្សីក្រាំង ស្រុក​ស្វាយដូនកែវ ខេត្ត​ពោធិ៍សាត់...»

ពលរដ្ឋ​ដែល​ជម្លៀស​ទៅ​រស់នៅ​ខេត្ត​ពោធិ៍សាត់ ភាគ​ច្រើន​ស្លាប់​ស្ទើរ​តែ​ទាំងអស់ ដោយសារ​ទុរ្ភិក្ស ធ្វើ​ការ​បាក់​កម្លាំង ឈឺ​ថ្កាត់​គ្មាន​ថ្នាំ​ព្យាបាល និង​ការ​សម្លាប់។ អ្នកស្រី​រៀបរាប់​បន្ត​ថា រយៈពេល​តែ ៦​ខែ​ប៉ុណ្ណោះ សមាជិក​គ្រួសារ​ទាំងអស់​បាន​ស្លាប់​ជា​បន្តបន្ទាប់៖ «ស្លាប់​នៅ​លើ​ដៃ​ខ្ញុំ​ថែទាំ​តែ​ម្តង ឈឺ​ស្លាប់​ម្តង​មួយៗ ទាំង​កូន​ទាំង​បង​ស្រី បង​ថ្លៃ ឪពុក​ម្តាយ ហើយ​លោក​ឪពុក​ស្លាប់​ចុង​ក្រោយ​គេ​បង្អស់ ប្រហែល​ជា​ចុង​ឆ្នាំ​១៩៧៦។ អ្នក​ខ្លះ​ស្លាប់​កូន​ទាំងអស់ យក​កូន​មួយ​ស្លាប់​ទៅ​បញ្ចុះ មក​ដល់​ផ្ទះ​វិញ​កូន​មួយ​ទៀត​ឈឺ​បង្កាច់​ដែរ...»

អ្នកស្រី ផាន់ស៊ី បន្ត​ថា ចាប់​ពី​ដើម​ឆ្នាំ​១៩៧៧ មក ជីវិត​របស់​អ្នកស្រី​អណ្ដែត​ត្រសែត​ដូចជា​ចក​មិន​មាន​ទីលំនៅ​ច្បាស់លាស់។ អង្គការ​ថ្នាក់​លើ បញ្ជូន​អ្នកស្រី​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ការដ្ឋាន​លើក​ទំនប់ ជីក​ប្រឡាយ និង​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ​រួម​នៅ​តំបន់​ឆ្ងាយៗ​ពី​ភូមិ រហូត​ដល់​មាន​ពេល​ខ្លះ​ដួល​សន្លប់​ក្នុង​វាល​ស្រែ​ក៏​មាន។

ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រំលំ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩ អ្នកស្រី សឿង ផាន់ស៊ី បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ ដោយ​សង្ឃឹម​ថា បង​ប្រុស​បង​ស្រី​បង្កើត​ពីរ​នាក់​ផ្សេង​ទៀត អាច​នៅ​រស់​រាន​មាន​ជីវិត។ ប៉ុន្តែ​ក្រោយ​ពី​ស៊ើបសួរ​តាម​មិត្តភក្ដិ​មក ទើប​ដឹង​ថា សមាជិក​ក្រុម​គ្រួសារ​ទាំងអស់​ជាង ២០​នាក់​បាន​ស្លាប់ នៅ​សល់​តែ​អ្នកស្រី​ម្នាក់​គត់។ ប៉ុន្មាន​ខែ​ក្រោយ​មក អ្នកស្រី​ក៏​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រសួង​ផែនការ ប៉ុន្តែ​គ្រាន់​តែ​បាន​ទទួល​ដំណឹង​ថា អ្នកស្រី​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​ក្រុង​ហាណូយ រយៈពេល ៥​ឆ្នាំ អ្នកស្រី​ក៏​បាន​រត់​គេច​ពី​ប្រទេស​កម្ពុជា មក​រស់នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាង (Khao I Dang) ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​១៩៨២។

នៅ​ឆ្នាំ​១៩៨៦ អ្នកស្រី សឿង ផាន់ស៊ី បាន​ចេញ​ពី​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ មក​រស់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ប៉ុន្តែ​ស្ថានភាព​រស់នៅ​ក្នុង​ប្រទេស​បារាំង ពិបាក​ពេក​ដោយ​រស់នៅ​ម្នាក់​ឯង នៅ​ឆ្នាំ​១៩៩៦ អ្នកស្រី​ក៏​សម្រេច​ចិត្ត​មក​រស់នៅ​សហរដ្ឋ​អាមេរិក​វិញ ដោយ​មាន​ការ​ធានា​ពី​ក្រុមប្រឹក្សា​ព្រះវិហារ​កាតូលិក​ខ្មែរ ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California)។

អ្នកស្រី​ថ្លែង​ដោយ​អស់​សង្ឃឹម​ថា ដំណើរ​ជីវិត​ដូចជា​រឿង​នាង​បដាចារ អ៊ីចឹង រស់នៅ​តែលតោល​មិន​មាន​ក្តី​សង្ឃឹម​នឹង​ជីវិត​ទាល់​តែ​សោះ និង​បច្ចុប្បន្ន​រស់នៅ​ពិបាក​វេទនា ប្រាក់​ចូល​និវត្តន៍​តិចតួច​មិន​អាច​ចាយ​វាយ​គ្រប់​ឡើយ៖ «មក​ដល់​ស្រុក​គេ​បាន​ដឹង​ថា ហ្នឹង​យើង​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត (Anxiety attack) ខួរ​ក្បាល​យើង ព្រោះ​ព្រួយ​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តាំង​ពី​នៅ ប៉ុល ពត មក អស់​កូន​អស់​គ្រួសារ​មក យើង​ចេះ​ដើរ​តាម​កង​ពិសេស​មេម៉ាយ​ហ្នឹង។ អស់​សង្ឃឹម​ក្នុង​ការ​រស់នៅ ជំងឺ​នេះ​នៅ​ជាប់​ក្នុង​ខ្លួន​រហូត។ សព្វថ្ងៃ​នេះ​រស់នៅ​អត់​ស្គាល់​សេចក្តី​សប្បាយ​ទេ មិន​ដឹង​ថា​រស់នៅ​ដើម្បី​អ្វី​ទេ ពីព្រោះ​ចិញ្ចឹម​ខ្លួន​ឯង​ម្នាក់​អត់​អាច​ចិញ្ចឹម​បាន​ទេ។ បច្ចុប្បន្ន​បាន​ប្រាក់​ខែ ៦០០​ដុល្លារ បង់​ផ្ទះ ៤០០ សល់ ២០០ បង់​ចំណាយ​គ្រប់​សព្វ​វា​ខ្វះ​ថ្លៃ​ម្ហូប​អាហារ...»

មិន​ថា​តែ អ្នកស្រី សឿង ផាន់ស៊ី ទេ​ដែល​ជួប​ប្រទះ​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ របប​ខ្មែរ​ក្រហម​ឃោរឃៅ​ព្រៃផ្សៃ​រយៈពេល​ជិត ៤​ឆ្នាំ​នេះ បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​ក្រៃលែង​បំផុត​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់ ដែល​ភាគ​ច្រើន​មាន​បញ្ហា​សុបិន​អាក្រក់ គេង​មិន​លក់ នឹក​ស្រមើស្រមៃ​ឃើញ​ការ​កាប់​សម្លាប់ ភាព​វេទនា​លំបាក​អត់​បាយ ធ្វើ​ការ​ធ្ងន់​បាក់​កម្លាំង និង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដូចជា​រស់នៅ​ផ្តាច់​ខ្លួន​ចេញ​ពី​សង្គម មិន​សូវ​និយាយ​ស្តី ជាដើម។

ការ​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត​អាមេរិកាំង ផ្នែក​រោគ​សតិ (Psychiatrists) និង​សាកលវិទ្យាល័យ យូស៊ីអិលអេ (UCLA) នៅ​រដ្ឋ​កាលីហ្វ័រញ៉ា បង្ហាញ​ថា បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត​នេះ មិន​ត្រឹម​តែ​កើត​មាន​ឡើង​ចំពោះ​ឪពុក​ម្តាយ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ សូម្បី​តែ​កូនៗ​របស់​គេ​ដែល​កើត និង​ធំ​ក្តី​នៅ​សហរដ្ឋ​អាមេរិក ប្រមាណ ៥០% ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។

កាល​ពី​ទសវត្សរ៍​ឆ្នាំ​៨០ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ​ជា​ជាង ១៥​ម៉ឺន​នាក់។ ជំរឿន​ស្ថិតិ​របស់​រដ្ឋាភិបាល​អាមេរិក កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ២៨​ម៉ឺន​នាក់​រស់នៅ​សហរដ្ឋ​អាមេរិក។ សហគមន៍​ដែល​មាន​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ គឺ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា រដ្ឋ​រ៉ូដអាយលែន (Rhode Island) និង​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល