អ្នក​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​នៅ​តែ​ចងចាំ​មិន​ភ្លេច​អំពី​ទុក្ខ​លំបាក​វេទនា

ដោយ ឡេង ម៉ាលី
2016.04.17
ទាហាន​ខ្មែរ​ក្រហម​ចូល​ក្រុង​ថ្ងៃ​១៧​មេសា ៨៥៥ ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង
រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ នេះ គឺ​មាន​រយៈពេល ៤១​ឆ្នាំ​ហើយ​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ បាន​ឆ្លង​កាត់​របប​មួយ​ដែល​រង​ទុក្ខ​វេទនា និង​និរាស​ព្រាត់ប្រាស​គ្រួសារ។ នោះ គឺ​ជា​របប​ខ្មែរ​ក្រហម​ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ អ្នក​ធ្លាប់​ឆ្លង​កាត់​របប​នេះ នៅ​តែ​ចងចាំ​មិន​ភ្លេច​អំពី​ទុក្ខ​លំបាក​វេទនា​នៅ​ពេល​នោះ។

ពលរដ្ឋ​ខ្មែរ​នៅ​ចាំ​បាន​ថា វេលា​ម៉ោង ៩​កន្លះ​ព្រឹក​នៃ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​កងទ័ព​ខ្មែរ​ក្រហម សម្រុក​ចូល​ទីក្រុង​ភ្នំពេញ ហើយ​ស្រែក​ជយឃោស​ថា ជា​ជ័យជម្នះ​ដ៏​ធំធេង​របស់​ពួក​គេ​លើ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់។

ចម្រៀង៖ «១៧ មេសា កម្ពុជា រំដោះ សម្រែក​ជយឃោស កក្រើក​មេឃា ដុំ​ពពក​ខ្មៅ​រលាយ​ហើយ​ណា រស្មី​ភ្លឺ​ថ្លា​កិត្តិយស​ចាំង​ចែង។ ទំព័រ​ខ្ញុំ​គេ​ត្រូវ​បិទ​ជា​អវសាន បង​ប្អូន​គ្រប់​ប្រាណ ធ្វើ​ម្ចាស់​ខ្លួន​ឯង ទិដ្ឋភាព​កម្ពុជា ចោល​ឆ្ងាយ​ក្រៃលែង មិត្ត​យើង​ស្ញប់ស្ញែង​ពាស​ពេញ​ក្នុង​លោក»

អ្នក​ទីក្រុង​ភ្នំពេញ​ដែល​រស់នៅ​ដោយ​ភាព​ច្របូកច្របល់ និង​ចង្អៀត​ណែន​ដោយ​ជន​ភៀស​ខ្លួន​ដែល​គេច​ពី​សង្គ្រាម និង​ពី​ការ​ទម្លាក់​គ្រាប់​បែក​នៅ​តាម​ជនបទ ហាក់​បាន​ធូរ​ស្បើយ ព្រោះ​បាន​ឮ​ពួក​ខ្មែរ​ក្រហម​ប្រកាស​ថា​សង្គ្រាម​ចប់​ហើយ។

កងទ័ព​ខ្មែរ​ក្រហម មាន​សម្លៀកបំពាក់​ខ្មៅ​ចាស់ៗ ដែល​បក្ស​កុម្មុយនិស្ត​កម្ពុជា ហៅ​ថា​ជា​កម្លាំង​វណ្ណៈ​កសិករ ចូល​មក​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ច្រកល្ហក។

អ្នក​ភ្នំពេញ​មួយ​រូប លោកស្រី ហួយ សុខគីម រំឭក​ថា ពួក​ខ្មែរ​ក្រហម​ធ្វើ​ដំណើរ​តាម​រថយន្ត ហើយ​ស្រែក​ជយឃោស និង​បញ្ជា​ឲ្យ​ទាហាន​របប លន់ នល់ ទម្លាក់​អាវុធ​ចុះ៖ «កាល​ហ្នឹង​ឮ​គេ​ថា​មក​តាំង​ពេល​ព្រឹក​ឯណោះ ប៉ុន្តែ​មក​ដល់​ផ្ទះ​ខ្ញុំ ម៉ោង ៩ ម៉ោង ១០ ហើយ។ មុន​ដំបូង​ឃើញ​ឡាន​ពួក​ខ្មែរ​ក្រហម​វា​ជិះ​តាម​មុខ​ហ្នឹង វា​ស្រែក​តាម​មេក្រូ​ថា អ្នក​ណា​ធ្វើ​ទាហាន​ធ្វើ​អី មាន​ប្រដាប់​ប្រដា​អី​ពាក់ព័ន្ធ​ជាមួយ​ទាហាន យក​មក​ដាក់​កណ្ដាល​ថ្នល់ ដូច​ថា​មាន​អាវុធ មាន​កាំភ្លើង​អី​អ៊ីចឹង​ណា ព្រោះ​ស្រុក​យើង​សន្តិភាព​ហើយ អត់​មាន​ត្រូវ​ការ​ឲ្យ​ត្រូវ​ការ​មាន​អាវុធ​អី​នៅ​តាម​ផ្ទះ​ទេ»

អតីត​ថៅកែ​ស៊ីក្លូ​នៅ​ក្រុង​ភ្នំពេញ​មួយ​រូប គឺ​លោកស្រី អ៊ុន វួចឆែ រំឭក​ឡើង​វិញ​ថា គ្រួសារ​របស់​លោកស្រី និង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត នាំ​គ្នា​អបអរ​ជាមួយ​កងទ័ព​ខ្មែរ​ក្រហម ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​មក​ភ្នំពេញ​នោះ។ លោកស្រី វួចឆែ ថ្លែង​បន្ត​ថា ការ​អបអរ​នោះ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង កងទ័ព​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ជម្លៀស​ចេញ​ពី​ទីក្រុង៖ «គ្រួសារ​ខ្ញុំ​ទៅ​ផ្សារ​ដើម​គ ទៅ​អបអរ​សាទរ​គេ ខ្មែរ​ក្រហម​ហ្នឹង។ ទៅ​ដល់​ផ្សារ​ដើម​គ គេ​ដេញ​មក​វិញ។ គេ​ថា​ទៅ​ផ្ទះ​ទៅ​ប្រយ័ត្ន​បែក​គ្រួសារ ហើយ​គ្រាន់​តែ​មក​ដល់​ផ្ទះ គេ​ដេញ​ពី​ផ្ទះ​បណ្ដោយ»

លោកស្រី ហួយ សុខគីម និង​លោកស្រី អ៊ុន វួចឆែ រៀបរាប់​ដូច​គ្នា​ថា ព្រឹត្តិការណ៍​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ គឺ​ជា​ការ​ជម្លៀស​ដោយ​បង្ខំ៖ «ដេញ​សុទ្ធតែ​កាំភ្លើង​ភ្ជង់ ដេញ​ឲ្យ​ចេញ តែ​មិន​ចេញ​គេ​បាញ់​ចោល​តែ​ម្ដង។ មុន​ដំបូង ឪពុក​ខ្ញុំ​គាត់​ថា គាត់​អត់​ចេញ​ទេ។ គាត់​សម្ងំ​នៅ​ក្នុង​ផ្ទះ​ហ្នឹង ហើយ​ដល់​ឮ​សូរ​វា​គំរាម​គេ​ថា ឲ្យ​តែ​មិន​ចេញ​ពី​ក្នុង​ផ្ទះ វា​ឃើញ វា​បាញ់​ចោល​មួយ​ផ្ទះៗ។ ដល់​អ៊ីចឹង ក៏​នាំ​គ្នា​ចេញ។ លោកស្រី អ៊ុន វួចឆែ៖ ម្ដុំ​ក្បាល​ថ្នល់ ពួក​ទ័ព​ខ្មែរ​ក្រហម​ឃើញ​ម្នាក់​នោះ​ជិះ​កង់ ហើយ​វា​ស្រែក​ថា ឲ្យ​ត្រឡប់​ក្រោយ។ ដល់​អ្នក​ជិះ​កង់​នោះ​អត់​ត្រឡប់​ក្រោយ វា​បាញ់​ភ្លាម​ដួល​ប្រូស ឃើញ​នៅ​ជាក់ស្ដែង​តែ​ម្ដង»

ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។
ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។
រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង


ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោកស្រី ស៊ូ សុធាវី ថ្លែង​ថា ពួក​យោធា​ខ្មែរ​ក្រហម បាន​បាញ់​សម្លាប់​មនុស្ស​នៅ​ពេល​ដែល​គេ​ចូល​ទៅ​ដល់​កន្លែង​លោកស្រី​នៅ​ស្តាត​អូឡាំពិក៖ «ប្រើ​កាំភ្លើង​មក​ភ្ជង់​លើ​ក្បាល​ពួក​ខ្ញុំ​ទាំង​មើលងាយ​មើល​ថោក ហើយ​មិន​ឲ្យ​ពួក​យើង​ខ្ញុំ​រៀបចំ​អីវ៉ាន់​ស្រួល​បួល​ចេញ​ដំណើរ​ទេ។ ពេល​នោះ ពួក​វា​បាន​មក​ដល់​បន្ទប់​ពួក​យើង​ខ្ញុំ ហើយ​បាញ់​រះ​ដល់​បន្ទប់ ដែល​ខ្ញុំ​រស់នៅ​ជាមួយ​មិត្តភ័ក្ដិ​ខ្ញុំ​ផ្សេង​ទៀត ហើយ​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​បួន​នោះ​បាន​ស្លាប់ ឈ្មោះ សារ៉ាយ ឈ្មោះ ឌី រដ្ឋា និង​ផល្លា។ ខ្ញុំ​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ ព្រោះ​ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​របស់​ខ្ញុំ»

សាក្សី​ជាច្រើន​ទៀត​បាន​រៀបរាប់​អំពី​ការ​ឃើញ​ពួក​ខ្មែរ​ក្រហម ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​តាម​ផ្លូវ​ដែល​ពលរដ្ឋ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​នោះ។ សាក្សី​ទាំង​នេះ នៅ​តែ​នឹក​ឃើញ​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ឈឺ​ចាប់​ខ្លោចផ្សា ព្រោះ​ពួក​គាត់​ត្រូវ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម រហូត​ដល់​ឆ្នាំ​១៩៧៩។

លោកស្រី ហួយ សុខគីម ថ្លែង​ថា ថ្វី​បើ​ពេល​នេះ​មាន​រយៈពេល ៤១​ឆ្នាំ​ហើយ​ក្ដី ក៏​លោកស្រី​មិន​អាច​ភ្លេច​គ្រា​ដែល​លំបាក​នោះ​បាន​ទេ ព្រោះ​លោកស្រី​បាន​បាត់បង់​សមាជិក​គ្រួសារ​ផ្ទាល់​ចំនួន ៧​នាក់។ រហូត​មក​ដល់​ពេល​នេះ អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​រស់ មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​នោះ​ទេ។ លោក នួន ជា អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ការពារ​ការ​ជម្លៀស​នោះ​ជា​ការ​ត្រឹមត្រូវ ដោយ​ហេតុ​ផល​ខ្លាច​អាមេរិក ទម្លាក់​គ្រាប់​បែក ហើយ​ហេតុ​ផល​ទី​ពីរ នៅ​ទីក្រុង​ភ្នំពេញ​ខ្វះ​ស្បៀង៖ «ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ឱកាស​ពន្យល់​ទៅ​ប្រជាជន​កម្ពុជា ថា ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ គឺ​ពិត​ជា​ត្រឹមត្រូវ និង​ជា​ការ​ចាំបាច់​ទៅ​តាម​ច្បាប់​អន្តរជាតិ»

ចំណែក​ឯ​អតីត​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន ដែល​លោក​ក៏​ជា​អ្នក​សេដ្ឋកិច្ច​ផង ថ្លែង​ថា លោក​មិន​ដឹង​អ្វី​ទេ​នៅ​ក្នុង​របប​នោះ៖ «ពី​រឿង​កាប់​សម្លាប់​អី​នេះ ខ្ញុំ​ក៏​មិន​យល់​ដែរ។ ខ្ញុំ​មិន​ចង់​ឲ្យ​កើត​រឿងរ៉ាវ​ដ៏​មហន្តរាយ​យ៉ាង​នេះ​ដែរ ហើយ​ខ្ញុំ​ក៏​គ្មាន​សិទ្ធិ​អំណាច​អី​ទៅ​ទប់ទល់​មិន​ឲ្យ​កើត​មាន​ក៏​លំបាក ព្រោះ​ខ្ញុំ​គ្មាន​សិទ្ធិ​អី​ទាំងអស់»

របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ជិត ២​លាន​នាក់​ស្លាប់ ដោយសារ​តែ​ធ្វើ​ការងារ​បាក់​កម្លាំង អត់​អាហារ និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។