៤០​ឆ្នាំ​នៃ​ការ​ចងចាំ៖ ព្រះពុទ្ធ​សាសនា​ក្រោម​របប​ខ្មែរ​ក្រហម

ដោយ កេសរណ្ណីយ្យា
2015-04-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ពិនិត្យ​មើល​លលាដ៍ក្បាល​នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។
ពលរដ្ឋ​ពិនិត្យ​មើល​លលាដ៍ក្បាល​នា​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Rann Samnang

ថ្ងៃ​ទី​១៧ ខែ​មេសា កាល​ពី ៤០​ឆ្នាំ​មុន គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​បាន​រុញ​ច្រាន​ប្រទេស​កម្ពុជា ឲ្យ​ធ្លាក់​ទៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ជាទូទៅ​ថា របប​ខ្មែរ​ក្រហម។

ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​នៃ​ការ​គ្រប់គ្រង​កាន់​អំណាច មនុស្ស​ជិត ២​លាន​នាក់​មាន​ក្មេង​ចាស់​ប្រុស​ស្រី បាន​បាត់​បង់​ជីវិត​ដោយ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់ធ្ងរ បាក់​កម្លាំង គ្មាន​អាហារ​គ្រប់គ្រាន់ ដោយសារ​ជំងឺ ដោយ​គ្មាន​ថ្នាំ​ព្យាបាល ដោយ​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​តាម​វិធី​ផ្សេងៗ។

សូម​ស្តាប់​សេចក្តី​អធិប្បាយ​របស់​អ្នក​នាង កេសរណ្ណីយ្យា អំពី​ជ្រុង​មួយ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​សាសនា​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ នា​អំឡុង​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ដែល​ពោល​រំឭក​ដោយ​ពលរដ្ឋ​មួយ​ចំនួន រួម​នឹង​ឯកសារ​ចម្រៀង​បដិវត្តន៍​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ៖

៚ចម្រៀង​ខ្មែរ​ក្រហម៖ ទិវា​ជ័យជម្នះ ១៧ មេសា៚

ក្រុម​កុម្មុយនីស្ត​ខ្មែរ​ក្រហម បាន​ចាត់​ទុក​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​លើ​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​ពួក​គេ​ចាត់​ទុក​ជា​ក្រុម​ចក្រពត្តិ​នាយ​ទុន​ប្រតិកិរិយា​គាំទ្រ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់។

ប៉ុន្តែ​ផ្ទុយ​ពី​ក្រុម​ខ្មែរ​ក្រហម ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​លើសលប់ ជាពិសេស​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​ជាង ២​លាន​នាក់ ដែល​កង​ទាហាន​អាវ​ខ្មៅ​ក្រហម​បណ្ដេញ​ចេញ​ដោយ​ចុង​កាំភ្លើង​នា​ពេល​នោះ ចាត់​ទុក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ មេសា គឺ​ជា​យុគសម័យ​ខ្មៅ​ងងឹត ជា​ឋាន​នរក​លោកីយ៍។

រយៈពេល ៤០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែ​អនុស្សាវរីយ៍​ដ៏​សែន​រន្ធត់ ឈឺ​ចាប់​ខ្លោចផ្សា និង​និរាស​ប្រាសព្រាត់ នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​នៃ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ ដែល​មាន​ភ័ព្វ​វាសនា​នៅ​រស់​រាន​មាន​ជីវិត ឆ្លង​កាត់​យុគសម័យ​វាល​ពិឃាត។ នេះ គឺ​ជា​ការ​ពោល​រំឭក​របស់​ជន​រងគ្រោះ​ពីរ​នាក់ ដែល​ឋិត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​កង​ទាហាន​អាវ​ខ្មៅ​ក្រហម​បណ្ដេញ​ចេញ​ពី​ក្រុង​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ២​ម៉ឺន​នាក់​ស្លាប់​បាត់​បង់​ជីវិត​នា​ពេល​នោះ៖ «...ចម្រើន​ពរ! ពេល ១៧ មេសា ម៉ោង ១០​យប់ បាន​កងទ័ព​រំដោះ​ហ្នឹង​ឲ្យ​ចេញ (ពី) ភ្នំពេញ ហើយ​សួរ​ថា​មិត្ត​ឲ្យ​ទៅ​ណា​វិញ ថា​ស្រុក​នៅ​ណា​ទៅ​ហ្នឹង​វិញ កងទ័ព​តូចៗ​ទេ កាំភ្លើង​អូស​ដី...ពរ!...។ អត់​ចេញ គឺ​ថា​គេ​ភ្ជង់​កាំភ្លើង ពួក​វា​ដើរ​ឆ្វាត់ឆ្វែង​ស្ពាយ​កាំភ្លើង​ច្រងេងច្រងាង​ពេញ​ហ្នឹង តូចៗ​អី​ក៏​មាន ទឹក​មុខ​គួរ​ឲ្យ​ខ្លាច។ វា​ចេះ​តែ​រុញៗ​ទៅ ហើយ​ពួក​គេ​នៅ​ខាងៗ​ថ្នល់ គឺ​ថា​មើល​ទៅ​ឃើញ​វេទនា​ណាស់ ខ្មោច​នៅ​តាម​ផ្លូវ​រងោករងល់​ទៅ ព្រោះ​ថា​អ្នក​ណា​ទទឹង​នឹង​គេ បាញ់​ចោល​ភ្លាម វា​អត់​មាន​និយាយ​អី​ទេ តែ​មិន​គោរព​តាម​វា វា​បាញ់​ចោល​ភ្លាម...»

បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ក្រុម​ទាហាន​ខ្មែរ​ក្រហម​ក៏​ចាប់​ផ្តើម​ជម្លៀស​អ្នក​នៅ​តាម​ខេត្ត​ជា​បន្តបន្ទាប់។

ជន​រងគ្រោះ​ពីរ​នាក់​ទៀត​រៀបរាប់​អំពី​ការ​បាត់បង់​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់ ក្រោយ​ពី​ការ​បណ្ដេញ​ចេញ​ពី​ស្រុក​ទេស​ឲ្យ​ទៅ​រស់នៅ​ទី​ជនបទ ក្រោម​ផែនការ​បោស​សម្អាត​របស់​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម៖ «...១៧ មេសា ហ្នឹង​រួច ខាង​ទ័ព​ខ្មែរ​ក្រហម​គេ​ចូល​កាន់​កាប់​ក្នុង​ក្រុង​សៀមរាប គេ​ចាប់​ផ្ដើម​ប្រមូល​ប្រជាជន​នៅ​ផ្សេង អ្នក​ចេះ​ដឹង គ្រូបង្រៀន បញ្ញវន្ត​អី​នៅ​ផ្សេង...។ បង​ស្រី​ខ្ញុំ​ម្នាក់ ប្ដី​គាត់​ពី​ខាង​ពីឡុត (Pilot) អ្នក​បើក​កប៉ាល់​ហោះ កូន​គាត់​៥ ប្ដី​ប្រពន្ធ​គាត់​ពីរ​នាក់​ទៀត ៧​នាក់​ក៏​យក​ទៅ​រហូត យក​ទៅ​សម្លាប់​ចោល​ហ្នឹង​ណា ក្រោយ​មក​ដល់​ថ្ងៃ​រំដោះ​បាន​យើង​ដឹង​ថា គេ​យក​ទៅ​សម្លាប់...។ បាត់​បង់​សឹង​តែ​ទាំងអស់​គ្នា ឪពុក​របស់​ខ្ញុំ​គាត់​ធ្លាប់​ធ្វើ​ពេទ្យ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ហើយ​ខ្ញុំ​មាន​បងប្អូន ១០​នាក់ ១១​នាក់​ទាំង​ខ្ញុំ ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ចោល​ខ្លះ ហើយ​បងប្អូន​ខ្ញុំ​ខ្លះ​ស្លាប់​ដោយ​អត់​បាយ និង​ឈឺ...»

ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ទៅ​រស់នៅ​ជនបទ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម​ខ្មែរ​ក្រហម ក្នុង​ការ​ចាប់​ផ្តើម​អនុវត្ត​ទាំង​ស្រុង​នូវ​កម្មវិធី​បដិវត្តន៍​តាម​លទ្ធិកុម្មុយនិស្ត​ម៉ៅ និង​ម៉ាក្ស-ឡេនីន​និយម យ៉ាង​ពេញ​ទំហឹង ដើម្បី​លុប​បំបាត់​វណ្ណៈ​ក្នុង​សង្គម គឺ​គ្មាន​អ្នក​មាន គ្មាន​អ្នក​ក្រ គ្មាន​ការ​ជិះ​ជាន់ គ្មាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលដៅ​នេះ របប​ខ្មែរ​ក្រហម​បាន​លុប​បំបាត់​ទាំង​ស្រុង​នូវ​ក្រដាស​ប្រាក់ ទីផ្សារ​សេរី សាលា​រៀន កម្មសិទ្ធិ​ឯកជន ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ជាតិ និង​ជំនឿ​សាសនា។

សាក្សី​ក្នុង​សវនាការ​មួយ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ភិក្ខុ អែម ភឿង ដែល​បច្ចុប្បន្ន​គង់​នៅ​វត្ត​ជុំគិរី ខេត្ត​កំពត មាន​ថេរ​ដីកា​អំពី​គោលការណ៍​លុប​បំបាត់​ព្រះពុទ្ធសាសនា និង​ព្រះសង្ឃ ក្រោម​ផ្លាក​បញ្ជា​របស់​អង្គការ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ «...ចម្រើន​ពរ! រឿង​នេះ​សូម​ជម្រាប ពេល​នោះ​អង្គការ​មាន​ឃុំ​ជាដើម គេ​ប្រជុំ​ប្រាប់​ថា ពេល​មុន សក្ដិភូមិ​ចក្រពត្តិ ឥឡូវ​នេះ​អត់​មាន​ទៀត​ទេ អង្គការ​ចាត់​តាំង​អត់​មាន​អ្នក​ទំនេរ អត់​មាន​អ្នក​ណា​បម្រើ​អ្នក​ណា​ទេ បញ្ចេញ​ពលកម្ម​ទាំងអស់​គ្នា ហូប​ទាំងអស់​គ្នា។ ព្រះសង្ឃ​ពេល​នោះ​អត់​មាន​នៅ​វត្ត​ទៀត​ទេ នៅ​ការដ្ឋាន​ទាំងអស់​គ្នា ពរ! ពេល​នោះ​សមាជិក​ឃុំ​គេ​ប្រជុំ​ប្រាប់​ថា អង្គការ​រំដោះ​បាន​មក​ហើយ អត់​មាន​នរណា​ចិញ្ចឹម​នរណា​ទេ ខ្លួន​ទី​ពឹង​ខ្លួន អង្គការ​ចាត់​ទៅ​ណា​ធ្វើ​ហ្នឹង រួច​ហើយ​អាត្មា​ហ្នឹង​គេ​ឲ្យ​ខោ​ឲ្យ​អាវ​ឲ្យ​ទ្រនាប់​ជើង គេ​ដាក់​កម្មវិធី​ឲ្យ​ថា​យ៉ាង​យូរ ១​ខែ ទៅ​អស់​ទៅ ប្រឡាយ​ទំនប់...»

រីឯ​វត្ត​អារាម​ព្រះពុទ្ធសាសនា​ជាង ៣​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស ត្រូវ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​វាយ​កម្ទេច ឬ​យក​ធ្វើ​ជា​ទី​អប់រំ​កែប្រែ និង​កន្លែង​ឃុំ​ឃាំង​ធ្វើ​ទារុណកម្ម​មនុស្ស ដែល​ក្រុម​នេះ​ចាត់​ទុក​ជា​ខ្មាំង​ប្រឆាំង​អង្គការ​បដិវត្តន៍​របស់​ខ្លួន។

ជន​រងគ្រោះ​ម្នាក់​នៅ​ខេត្ត​សៀមរាប អ្នកស្រី លី ចិន្តា ពោល​រំឭក​ពី​ការ​វាយ​កម្ទេច​ព្រះពុទ្ធ​បដិមា​នៅ​វត្ត​ត្រាច ក្នុង​ខេត្ត​សៀមរាប ដែល​ទោះ​បី​ជា​កាល​នោះ​នៅ​តូច​ក្តី ក៏​អ្នកស្រី​នៅ​ចងចាំ​មិន​ភ្លេច៖ «...តាំង​ពី​ថ្ងៃ​ដែល​ពួក​ខ្មែរ​ក្រហម​រំដោះ​បាន​ទៅ គេ​ចាប់​ផ្ដើម​អត់​ឲ្យ​មាន​ព្រះសង្ឃ​ទេ ព្រះសង្ឃ​គេ​ឲ្យ​សឹក​ទៅ​ធ្វើ​ស្រែ។ ចំណែក​ទី​វត្ត​អារាម​ដែល​កន្លែង​យើង​គោរព​បូជា​ប្រតិបត្តិ​ហ្នឹង ព្រះអង្គ​គេ​លើក​បោះ​ចោល​មក​ខាង​ក្រោម​បាក់​ក បាក់​ដៃ ព្រះអង្គ​អស់​ទៅ...ប្រែ​ក្លាយ​ទី​វត្ត​អារាម​ទៅ​ជា​កន្លែង​ដែល​គេ​យក​អ្នក​ចេះ​ដឹង​ទៅ​ឃុំ​បណ្ដោះអាសន្ន ដល់​ដំណាក់​កាល​ណា​គេ​ត្រូវ​យក​ទៅ​សម្លាប់​ចោល ក៏​គេ​យក​ទៅ​សម្លាប់​ទៅ...»

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ម្នាក់​នៅ​រដ្ឋ​ម៉ាស្សាឈូសសេត (Massachusetts-MA) លោក ទី សេង បាន​និពន្ធ​សៀវភៅ យា​ហ្សេរ៉ូ (Year Zero) ដែល​មាន​ន័យ​ថា ឆ្នាំ​សូន្យ រៀបរាប់​អំពី​រឿងរ៉ាវ​ដែល​លោក​បាន​ឆ្លង​កាត់​ក្នុង​សម័យ ប៉ុល ពត នៅ​ពេល​ជម្លៀស​ទៅ​នៅ​ឯ​ខេត្ត​បាត់ដំបង កាល​ពី ៤០​ឆ្នាំ​មុន​នោះ។ នេះ គឺ​ជា​ផ្នែក​ខ្លះ​នៃ​ហេតុការណ៍​ដែល​លោក​បាន​ឃើញ​ក្រុម​ខ្មែរ​ក្រហម បាន​យក​វត្ត​ពុទ្ធសាសនា ធ្វើ​ជា​ឃ្លាំង ជា​ទី​លាន​បោក​ស្រូវ និង​ជា​ទី​ឃុំឃាំង​សម្លាប់​មនុស្ស៖ «...ខ្ញុំ​ធ្លាប់​ដើរ​កាត់​ព្រៃ​នៅ​តាម​ក្រោយ​វត្ត នៅ​តាម​ចំហៀង​វត្ត នៅ​ក្នុង​វត្ត គឺ​មនុស្ស​ស្លាប់​ដោយ​អត់​បាយ​ក៏​គេ​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្រោយ​វត្ត មនុស្ស​ដែល​ខ្មែរ​ក្រហម​ត្រូវ​សម្លាប់​ក៏​គេ​យក​ទៅ​សម្លាប់​ក្រោយ​វត្ត...»

របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម បាន​ចាត់​ទុក​ព្រះសង្ឃ​ជា​ឈ្លើង​ជញ្ជក់​ឈាម​សង្គម គ្មាន​ធ្វើ​ការងារ​បញ្ចេញ​ពលកម្ម រស់នៅ​ជិះ​ជាន់​កម្លាំង​ញើស​ឈាម​អ្នក​ដទៃ។ ភិក្ខុ អែម ភឿង ដែល​កាល​នោះ​ត្រូវ​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ពី​វត្ត​សំពៅមាស ក្រុង​ភ្នំពេញ ទៅ​គង់​នៅ​វត្ត​អង្គរការ ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ថេរ​ដីកា​ថា ដំបូង គឺ​ក្រុម​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​ព្រះសង្ឃ​ធ្វើ​ការ​ទាំង​ក្នុង​ផ្នួស​គ្រង​ស្បង់​ចីពរ​នៅ​ឡើយ ក្រោយ​មក​ទើប​បង្ខំ​ឲ្យ​ព្រះសង្ឃ​សឹក​ចាក​សិក្ខាបទ ហើយ​បញ្ជូន​ទៅ​ធ្វើ​ការងារ​ពលកម្ម​ធ្ងន់ធ្ងរ។ ព្រះតេជព្រះគុណ អែម ភឿង រំឭក​អំពី​គោលការណ៍​លុប​បំបាត់​ព្រះពុទ្ធសាសនា និង​ធ្វើ​គត​ព្រះសង្ឃ ដែល​មិន​ព្រម​លា​ចាក​សិក្ខាបទ​នៅ​ក្នុង​វត្ត​ពីរ​កន្លែង ក្នុង​ខេត្ត​កំពត និង​ខេត្ត​តាកែវ៖ «...រឿង​ដែល​គេ​និយាយ​ថា ពុទ្ធសាសនា​ជា​ឈ្លើង​ជា​ជន្លេន​អី​នេះ អាត្មា​ទៅ​នៅ​កំពត ហើយ​ទេ ពរ! ហើយ​លោក​តា (ព្រះ​គ្រូ​ចៅអធិការ) វត្ត​អាត្មា​ហ្នឹង លោក​មិន​ទាន់​ចាក​សិក្ខាបទ​ទេ ដល់​អាត្មា​តែង​តែ​គេ​ហៅ​ទៅ​ប្រជុំ ហើយ​គេ​លើក​ឡើង​ញឹកញាប់​ណាស់​រឿង​ហ្នឹង។ លោក​ចាស់​ផង លោក ៨០​ជាង​ហើយ លោក​ថា​ចាស់​ហើយ​មក​យក​ក៏​យក​ទៅ ខ្ជិល​រវល់។ ចម្រើន​ពរ!  រឿង​ព្រះសង្ឃ​សុគត​នៅ​វត្ត​អង្គព្រៃ ឃុំ​សំរោង នេះ (ខេត្ត​តាកែវ) អាត្មា​មិន​បាន​ឃើញ​ផ្ទាល់​ទេ តែ​មិត្តភក្ដិ​អាត្មា​នៅ​ហ្នឹង​បួស​ដូច​គ្នា ហើយ​ដល់​ជួប​គ្នា​ប្រាប់​គ្នា​ថា លោក​គ្រូ​អើយ​មិន​កើត​ទេ សាហាវ​ណាស់ មិន​ស្គាល់​ព្រះសង្ឃ​មិន​ស្គាល់​បាសក​ទេ តែ​ទំនាស់​នឹង​គេ វៃ​ចោល​ហើយ។ អាត្មា​សួរ​ថា អង្គ​ណា​គេ​ថា​លោកគ្រូ លោក​ប្រឆាំង​នឹង​អង្គការ​គេ គេ​វៃ​ចោល​ហើយ​កប់​នៅ​ក្បែរ​វត្ត​ហ្នឹង...»

នៅ​ឆ្នាំ​១៩៧៥ ចំនួន​ពលរដ្ឋ​ខ្មែរ​មាន​ប្រមាណ​ជាង ៦​លាន​នាក់ ក្នុង​នោះ ៨៥% កាន់​ព្រះពុទ្ធសាសនា​បែប​ថេរវាទ ដែល​មាន​ភិក្ខុសង្ឃ​ប្រមាណ​ជាង ៥​ម៉ឺន​អង្គ និង​សាមណេរ​ប្រមាណ ៤​ម៉ឺន​អង្គ។ ឯកសារ​ខ្លះ​សរសេរ​ថា ព្រះសង្ឃ​ប្រមាណ ៥​ម៉ឺន​អង្គ​បាន​សុគត ក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​អំណាច​របស់​ខ្មែរ​ក្រហម។

ប៉ុល ពត ដែល​ជា​មេ​ដឹក​នាំ​កំពូល​មួយ​រូប​នៃ​របប​ខ្មែរ​ក្រហម មាន​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៨៨ នៅ​ក្នុង​ផ្ទះ​របស់​គាត់​នា​ស្រុក​អន្លង់វែង។ មក​ទល់​ពេល​នេះ មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់​របស់ ប៉ុល ពត នៅ​តែ​ឋិត​ក្នុង​ភាព​ស្រពិចស្រពិល​ដដែល។

ក្នុង​ឆ្នាំ​២០០៦ អង្គការ​សហប្រជាជាតិ បាន​គាំទ្រ​ការ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម ដើម្បី​កាត់​ទោស​មេ​ដឹក​នាំ​កំពូលៗ​នៃ​របប​ខ្មែរ​ក្រហម ៥​នាក់ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ក្នុង​នោះ​រួម​មាន ខៀវ សំផន ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នួន ជា ប្រធាន​សភា​តំណាង​រាស្ត្រ អៀង ធីរិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​សុខាភិបាល និង អៀង សារី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ហើយ​និង កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រធាន​មន្ទីរ​ឃុំឃាំង ស-២១ ឬ​គុក​ទួលស្លែង។ ជន​ជាប់​ចោទ អៀង សារី បាន​ស្លាប់​នៅ​ដើម​ឆ្នាំ​២០១៣ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្រុង​ភ្នំពេញ ហើយ​បុណ្យ​សព​បាន​រៀបចំ​ធ្វើ​យ៉ាង​ឧឡារិក​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​ផ្ទះ​របស់​គាត់ នា​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ រហូត​មក​ដល់​ឆ្នាំ​២០១៤ ភាគី​ជាតិ និង​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ប្រើប្រាស់​ថវិកា​អស់​ចំនួន​ជិត ២០៥​លាន​ដុល្លារ​សម្រាប់​ដំណើរ​ការ​កាត់​ក្តី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmemarak

ពី PP

១៧​មេសា​១៩៧៥​ គឺចលនាបដិវត្ត​ បង្កើតឡើងបានជាយុគសម័យខ្មៅងងឹត​ គឺជាឋាននរក ប្រេត លោកីយ៍នៃប្រទេសកម្ពុជា។ ពេលនេះ ថ្ងៃនេះ​ 2015 មេដឹកនាំកំពូល ប៉ុល ពត អៀង សារី តាម់ុក សុន សេន កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់យមភូបាល នាឋាននរក ប្រេត ២​លាន ជាន់។ នេះគឺជាបាបកម្មដែលរូបវាបានសាងឡើងចំពោះប្រជាជនខ្មែរ ចំពោះប្រទេសកម្ពុជា។

Apr 17, 2015 09:29 PM

គេហទំព័រ​ទាំងមូល