តើ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​និង​បំផ្លាញ​ខ្លួន​ឯង​វិញ​ដោយ​របៀប​ណា?

ដោយ ជី វិតា
2015-04-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​មេ​ដឹក​នាំ​របប​ខ្មែរ​ក្រហម ប៉ុល ពត (ពី​ឆ្វេង​រូប​ទី​១) នួន ជា (ពី​ឆ្វេង​រូប​ទី​២) សុន សេន (ពាក់​វ៉ែនតា)។
ក្រុម​មេ​ដឹក​នាំ​របប​ខ្មែរ​ក្រហម ប៉ុល ពត (ពី​ឆ្វេង​រូប​ទី​១) នួន ជា (ពី​ឆ្វេង​រូប​ទី​២) សុន សេន (ពាក់​វ៉ែនតា)។
រូបថត​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

បន្ទាប់​ពី​តស៊ូ​ប្រដាប់​អាវុធ​រយៈពេល ៧​ឆ្នាំ​មក កងទ័ព​កុម្មុយនិស្ត​ខ្មែរ​ក្រហម បាន​វាយ​យក​ទីក្រុង​ភ្នំពេញ​បាន​ពី​របប លន់ នល់។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម មាន​ជីវិត​ត្រឹម​តែ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​ប៉ុណ្ណោះ មុន​នឹង​ត្រូវ​កងទ័ព​វៀតណាម ផ្ដួល​រំលំ។

នៅ​ក្នុង​ខួប​ទី​៤០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ លោក ជី វិតា មាន​សេចក្តី​រាយការណ៍​មួយ​ពិនិត្យ​មើល​ថា តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ចលនា​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​កត្តា​អ្វី​ខ្លះ​ដែល​បាន​បំផ្លាញ​ខ្មែរ​ក្រហម​ទៅ​វិញ ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

មេ​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា សម្រេច​ចិត្ត​ចាប់​ផ្តើម​តស៊ូ​បដិវត្តន៍​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ចុង​ឆ្នាំ​១៩៦៧ បន្ទាប់​ពី​គ្មាន​ជំនឿ​ថា នឹង​អាច​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​របស់​ព្រះអង្គ​ដោយ​សន្តិវិធី និង​តាម​រយៈ​ការ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា កងទ័ព​ព្រៃ​កុម្មុយនិស្ត​ខ្មែរ​ក្រហម រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​១៩៦៨ ទើប​ចាប់​ផ្ដើម​ផ្ទុះ​អាវុធ​ជា​លើក​ដំបូង នៅ​ពេល​ដែល​ពួក​គេ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​រាជ​រដ្ឋាភិបាល នៅ​ភូមិ​បាយដំរាំ ប៉ែក​ខាង​ត្បូង​នៃ​ទី​រួម​ខេត្ត​បាត់ដំបង។

អតីត​យោធា​ខ្មែរ​ក្រហម លោក ឆែម ប៊ុន ដែល​កាន់​ផ្នែក​ឃោសនា​នយោបាយ រំឭក​ថា គឺ​អង្គភាព​របស់​គាត់​ជា​អ្នក​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​បាយដំរាំ៖ «បាញ់​ហ្នឹង​ដើម្បី​យក​អាវុធ​ហ្នឹង​ឯង ដើម្បី​គ្រប់គ្រង បើ​មិន​អ៊ីចឹង​ខាង​រដ្ឋាភិបាល​ក្តាប់​អំណាច។ បាញ់​ត្រូវ​អ៊ំ ឈឿង ប៉ុណ្ណឹង​ក៏​ចូល​មក​យក​អាវុធ​ដែល​ចង​បាច់​ស្រាប់»

ចំណែក​សាក្សី​រស់​ម្នាក់​ទៀត គឺ​លោក ប៉ូច ប៊ុន ជា​កសិករ​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​លោក​នៅ​ឯ​ស្រែ​ក្បែរ​ភូមិ​ពេល​ខ្មែរ​ក្រហម​ចូល​មក​ដល់ តែ​លោក​បាន​ឮ​ស្នូរ​កាំភ្លើង​យ៉ាង​ច្បាស់៖ «ផូសៗៗ ហេ្អ​កាំភ្លើង​អី​អ៊ីចេះ ព្រោះ​ខ្ញុំ​នៅ​ឯ​ស្រែ។ ដល់​ថ្ងៃ​ល្ងាច​ឡើង​ឮ​គេ​ថា អូ! ខ្មែរ​ក្រហម​បាញ់​យក​កាំភ្លើង។ កាល​នោះ​ប្រហែល​ម៉ោង ៨ ទៅ ៩។ កាំភ្លើង​នោះ​ប្រហែល ២៥​ដើម គេ​ប្រាប់​ខ្ញុំ​ទេ។ ខ្មែរ​ក្រហម​ប្រហែស ៧ ទៅ ៨​នាក់»

បើ​ទោះ​ជា​ការ​វាយ​ប្រហារ​នៅ​ពេល​នោះ មិន​បាន​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កងទ័ព​រដ្ឋាភិបាល​ក៏ដោយ ក៏​កង​ឧទ្ទាម​ខ្មែរ​ក្រហម​បាន​ប្រារព្ធ​ពិធី​សាទរ ចំពោះ​ការ​ចាប់​ផ្ដើម​តស៊ូ​បដិវត្តន៍​ប្រដាប់​អាវុធ​ជា​លើក​ដំបូង​របស់​ពួក​គេ​ដែរ។

បន្ទាប់​មក ការ​វាយ​ឆ្មក់​ជា​លក្ខណៈ​ទ័ព​ព្រៃ​រប៉េះរប៉ោះ​ជាច្រើន​កន្លែង ទៅ​លើ​កងទ័ព​រដ្ឋាភិបាល​ភាគ​ច្រើន​ក្នុង​ខេត្ត​បាត់ដំបង នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧០ នោះ បាន​ធ្វើ​ឲ្យ​កង​ឧទ្ទាម​ទ័ព​ព្រៃ​ខ្មែរ​ក្រហម ទទួល​បាន​ការ​ដក​ពិសោធន៍​ក្នុង​ការ​វាយ​ប្រយុទ្ធ​លើ​សមរភូមិ និង​រឹប​អូស​យក​បាន​អាវុធ​យុទ្ធភណ្ឌ​ខ្លះៗ​ពី​ទាហាន​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ប៉ុន្តែ​មិន​ដែល​បាន​ដណ្ដើម​កាន់​កាប់​តំបន់​ប្រជុំ​ជន​ធំ​ណា​មួយ​បាន​នោះ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា ចលនា​ខ្មែរ​ក្រហម​កាន់​តែ​មាន​សន្ទុះ​ទៅ​មុខ នៅ​ពេល​ជីវភាព​របស់​ប្រជាជន​ធ្លាក់​ចុះ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​ទាហាន​រាជ​រដ្ឋាភិបាល ទៅ​លើ​បាតុកម្ម​តវ៉ា​រក​យុត្តិធម៌​នានា​របស់​មហា​ជន កាន់​តែ​មាន​កម្ដៅ​ខ្លាំង​ឡើង ពិសេស​ការ​បង្ក្រាប​ទៅ​លើ​កសិករ​យ៉ាង​ចាស់​ដៃ​នៅ​ស្រុក​សំឡូត ក្នុង​ខេត្ត​បាត់ដំបង។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ដែល​រុញ​ច្រាន​ចលនា​ខ្មែរ​ក្រហម ឲ្យ​ស្ទុះ​ទៅ​មុខ​ឡើង​ដល់​កំពូល​នោះ គឺ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។ សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​នាម​ជា​ព្រះ​ប្រមុខ​រដ្ឋ បាត់បង់​អំណាច​មិន​អាច​គង់​នៅ​ស្ងៀម​បាន​ទេ។ ពី​ប្រទេស​ចិន​កុម្មុយនិស្ត ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោក​ប្រឆាំង​របប លន់ នល់ ដើម្បី​យក​អំណាច​មក​ថ្វាយ​ព្រះអង្គ​វិញ។ បាតុករ​ជាច្រើន​ប្រឆាំង​រដ្ឋាភិបាល​ថ្មី ត្រូវ​បាន​ទាហាន លន់ នល់ បង្ក្រាប និង​បាញ់​សម្លាប់។ ពេល​នោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី កាន់​តែ​រត់​ចូល​ព្រៃ​ដូច​ទឹក​បាក់​ទំនប់ តាម​ការ​អំពាវនាវ​របស់​សម្ដេច​ឪ ចូលរួម​តស៊ូ​ប្រដាប់​អាវុធ​ជាមួយ​ចលនា​ខ្មែរ​ក្រហម​ដែល​ធ្លាប់​តែ​ជា​សត្រូវ​របស់​ព្រះអង្គ​មុន​ឆ្នាំ​១៩៧០។

លោក អ៊ីសា ឧស្មាន អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​បះបោរ​របស់​ជនជាតិ​ចាម» បញ្ជាក់​ថា មុន​ឆ្នាំ​១៩៧០ ចលនា​ខ្មែរ​ក្រហម​នៅ​មាន​កម្លាំង​ខ្សោយ​នៅ​ឡើយ៖ «ប៉ុន្តែ​ខ្លាំង គឺ​នៅ​ឆ្នាំ​១៩៧០ គឺ​ដោយសារ​ប្រជាពលរដ្ឋ​គាំទ្រ​ខ្លាំងក្លា។ ហេតុ​អី​បាន​ប្រជាពលរដ្ឋ​គាំទ្រ ពីព្រោះ​សង្គម លន់ នល់ ពោរពេញ​ទៅ​ដោយ​បញ្ហា​អំពើ​ពុក​រលួយ។ ប្រជាជន​ចង់​ផ្លាស់ប្ដូរ​ណាស់។ ទី​២ សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ថ្លែង​ឲ្យ​កូន​ចៅ​រត់​ចូល​ព្រៃ​ដើម្បី​រំដោះ​ព្រះអង្គ​ឲ្យ​បាន​ចូល​ស្រុក​វិញ...»

«ចម្រៀង ១៧ មេសា»

ក្រោយ​រំដោះ​កម្ពុជា ពី​របប លន់ នល់ ខ្មែរ​ក្រហម​មិន​ត្រឹម​តែ​មិន​បាន​ប្រគល់​អំណាច​ថ្វាយ​សម្ដេច​ព្រះ​នរោត្តម សីហនុ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឃុំ​ព្រះអង្គ​ឲ្យ​នៅ​តែ​ក្នុង​ព្រះបរមរាជវាំង​ទៀត​ផង។

ខ្មែរ​ក្រហម ក៏​ធ្លាប់​ពឹងពាក់​កងទ័ព​វៀតណាម​កុម្មុយនិស្ត ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ដែរ ប៉ុន្តែ​ក្រោយ​មក ដើម្បី​ឯករាជ្យ​ម្ចាស់ការ​លើ​វាសនា​ប្រទេស​ខ្លួន​ឯង ខ្មែរ​ក្រហម​បាន​រើ​បម្រះ ហើយ​បណ្ដេញ​កងទ័ព​វៀតណាម ឲ្យ​ចេញ​ពី​តំបន់​តស៊ូ​របស់​ខ្លួន។

លោក អ៊ីសា ឧស្មាន បញ្ជាក់​ថា ខ្មែរ​ក្រហម​លែង​ត្រូវ​ការ​ជំនួយ​ពី​វៀតណាម នៅ​ពេល​ខ្លួន​រឹងមាំ៖ «ជំនួយ​ពី​វៀតណាម មាន​ពី​ដំបូងៗ។ ដល់​ឆ្នាំ​១៩៧៣ ជំនួយ​ពី​វៀតណាម ដែល​ចូល​មក​ជួយ​ខ្មែរ​ក្រហម​ក្នុង​ទឹក​ដី​កម្ពុជា ហ្នឹង គឺ​លែង​មាន​ហើយ»

ទោះ​ជា​យ៉ាង​ណា នៅ​ប៉ុន្មាន​ខែ​មុន​ពេល​ស្លាប់ ប៉ុល ពត ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស​ខ្លះ​ក្នុង​ការ​ដឹក​នាំ​ប្រទេស ប៉ុន្តែ​នៅ​តែ​អះអាង​ប្រាប់​អ្នក​កាសែត​បរទេស​ថា លោក​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ ហើយ​ថា គាត់​ស្គាល់​ល្បិចកល​របស់​វៀតណាម ដែល​ចិញ្ចឹម​ចិត្ត​ចង់​លេប​យក​ទឹក​ដី​កម្ពុជា ច្បាស់​ណាស់។

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទស្សនាវដី្ត​សេដ្ឋកិច្ច​ចុង​បូព៌ា លោក ណេត ស្សេយឺ (Nate Thayer) បាន​ជួប​សម្ភាស ប៉ុល ពត នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ពី ប៉ុល ពត ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ ដោយ​អតីត​យុទ្ធមិត្ត​របស់​ខ្លួន គឺ​តា ម៉ុក នៅ​ក្នុង​ស្រុក​អន្លង់វែង។ លោក ណេត ស្សេយឺ អះអាង​ថា ប៉ុល ពត បំផ្លាញ​ខ្លួន​ឯង​ច្រើន​ជាង​គេ​បំផ្លាញ​ខ្លួន គឺ ប៉ុល ពត ជា​អ្នក​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​វៀតណាម។

តាម​ពិត​ទៅ​ដោយសារ​តែ ប៉ុល ពត យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​វៀតណាម ចង់​លេប​ទឹក​ដី​កម្ពុជា ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​បង្កើត​គោល​នយោបាយ​មួយ​ចំនួន ដែល​បង្ក​ឲ្យ​មាន​ការ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចុះ ទន់​ខ្សោយ ហើយ​ក៏​ជា​មូលហេតុ​បណ្ដាល​ឲ្យ​សុបិន​អាក្រក់​របស់​គាត់​ក្លាយ​ជា​ការ​ពិត។ ដោយ​ហេតុ​ថា មាន​ភាព​ទន់​ខ្សោយ​នៅ​ផ្ទៃ​ក្នុង​ប្រទេស វា​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​បំពារបំពាន​ពី​វៀតណាម។ គឺ​គោល​នយោបាយ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច និង​ការ​រង​ទុក្ខ​វេទនា​របស់​ប្រជាជន​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​ចុះ​ទន់​ខ្សោយ បណ្ដាល​ឲ្យ​សេចក្ដី​ភ័យ​ខ្លាច​របស់​គាត់​ក្លាយ​ជា​ការ​ពិត​នោះ។ លោក​អាច​និយាយ​បាន​ថា គឺ ប៉ុល ពត ហ្នឹង​ឯង​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ហើយ​វា​ជា​រឿង​គួរ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ណាស់​សម្រាប់ ប៉ុល ពត ដែល​ត្រូវ​ទទួល​ស្គាល់​ថា គោល​នយោបាយ​របស់​គាត់​ហ្នឹង​ឯង ដែល​ហុច​ឱកាស​ឲ្យ​វៀតណាម ឈ្លាន​ពាន និង​កាន់​កាប់​កម្ពុជា បើ​ទោះ​ជា​គាត់​តែង​តែ​លើក​តម្កើង​ខ្លួន​ឯង​ថា គាត់​បាន​ជួយ​សង្គ្រោះ​ប្រទេស​មិន​ឲ្យ​បាត់បង់​ពី​លើ​ផែនដី​នេះ​ក្តី។

ចំពោះ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។ សម្រាប់ លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា យល់​ឃើញ​ថា ខ្មែរ​ក្រហម​បរាជ័យ គឺ​ដោយសារ​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​មួយ​នេះ មិន​គោរព​ច្បាប់​ធម្មជាតិ៖ «ខ្ញុំ​គិត​ថា ខ្មែរ​ក្រហម​ធ្វើ​អ្វីៗ​ប្រឆាំង​នឹង​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស នោះ​ហើយ​ជា​បរាជ័យ​របស់​ខ្មែរ​ក្រហម​ទី​១។ ដូចជា​ខ្មែរ​ក្រហម​មិន​ឲ្យ​យើង​គិត​ស្រមើស្រមៃ​ពី​អតីតកាល។ ចង់​គ្រប់គ្រង​ខួរ​ក្បាល​យើង។ គ្រប់គ្រង​រូប​រាង​កាយ​យើង​បាន តែ​ខ្មែរ​ក្រហម​ចង់​ដឹង​ថា យើង​គិត​អីៗ​ទៀត។ ទៅ​មិន​រួច​ទេ...»

ខ្មែរ​ក្រហម​ត្រូវ​ពិភពលោក​យល់​ថា ជា​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ដ៏​មាន​គ្រោះថ្នាក់​បំផុត។ របប​មួយ​ដែល​ឡើង​កាន់​អំណាច​មិន​បាន ៤​ឆ្នាំ​ផង គឺ​មិន​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា សម័យ​ទំនើប។ ខ្មែរ​ក្រហម​បាន​បំផ្លាញ​ខ្លួន​ឯង​ដោយសារ​តែ​មិន​បាន​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​តាំង​ពី​ដំបូង ក្រោយ​ថ្ងៃ​រំដោះ​ក្រុង​ភ្នំពេញ។ ខ្មែរ​ក្រហម ជ្រើស​រើស​យក​ការ​សងសឹក​តាម​រយៈ​ការ​កាប់​សម្លាប់​ទាហាន និង​មន្ត្រី​រាជការ​នៃ​របប​មុន។ ខ្មែរ​ក្រហម មិន​បាន​ចាត់​ទុក​អ្នក​ទីក្រុង ថា​ជា​ធនធាន​មនុស្ស​ទេ ហើយ​ថែម​ទាំង​ជម្លៀស​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ស្រែ​កាប់​ឆ្ការ​ព្រៃ​ទៅ​វិញ។ ខ្មែរ​ក្រហម ប្រឆាំង​ច្បាប់​ធម្មជាតិ​តាម​រយៈ​ព្យាយាម​ត្រួតត្រា​ខួរ​ក្បាល​របស់​មនុស្ស ដោយ​មិន​ឲ្យ​គិតគូរ​ពី​អតីតកាល ផ្តាច់​មនោសញ្ចេតនា​រវាង​គ្រួសារ ហើយ​តម្រូវ​ឲ្យ​គោរព​តែ​អង្គការ​បដិវត្តន៍​មួយ​គត់។

ខ្មែរ​ក្រហម បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ការ​គ្មាន​ឈប់ឈរ ប៉ុន្តែ​ឲ្យ​ហូប​ចុក​មិន​ឆ្អែត និង​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល។ ខ្មែរ​ក្រហម អនុវត្ត​គោល​នយោបាយ​កាប់​សម្លាប់​ដោយ​គ្មាន​ការ​អត់ឱន។ ទាំងអស់​នេះ​ហើយ សុទ្ធសឹងតែ​ជា​កត្តា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ចុះ​ទន់​ខ្សោយ និង​ជា​ការ​បំផ្លាញ​ខ្លួន​ឯង​ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​កងទ័ព​បរទេស​ចូល​ឈ្លានពាន។ គ្រាន់​តែ​មិន​ដល់ ៤​ឆ្នាំ​ផង របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម បាន​ផ្តាច់​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ខ្លួន​ឯង​ជិត ២​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Khmer rouge regime was a Communist slave evil.

May 14, 2017 04:36 AM

អ្នក​អាន​អនាមិក

អ្នកដឹកនាំខ្មែរក្រហមខ្សោយ ពុំមានចំណាត់ការរដ្ឋបាលច្បាស់លាស់.ចង់កែប្រែប្រទេសមួយក្នុងសតវត្សទី២០អោយដូចសម័យបុរេប្រវត្ដិ..នឹងគួរអោយសោកស្ដាយជាទីបំផុតដែលអ្នកដឹកនាំមានទស្សនៈនឹងមោទនៈភាពជាតិនិយម នឹងលក់ជាតិនិយមជ្រុល..

Apr 19, 2015 09:10 AM

Baay Kdaing

ពី Montreal

ខ្ញុំឬក៏យល់អីចិងដែរ.....សត្រូវដ៏ធំបំផុត
របស់ខ្មែរក្រហម....គឺខ្មែរក្រហមខ្លួនវាផ្ទាល់!!

Apr 18, 2015 09:25 AM

អ្នក​អាន​អនាមិក

ចយ អ៊ើយ អាន់ អរគុណ អាឆ្កួត ខ្មែរក្រហម ប៉ុល ពត ដែលវា ធ្វើបាប សម្លាប់ខ្មែរ គ្នាវា .ធ្វើអោយ អាន់ចូលឈ្លាននពានកម្ពុជាបាន ក្រោមលេស ជួយសង្គ្រោះប្រជាជនកម្ពុជា ហើយពួកអាន់ ចូលប្រមូលទ្រព្យសម្បត្តិខ្មែរ បានយ៉ាងច្រើនទៅស្រុកអាន់ !

Apr 18, 2015 07:38 AM

គេហទំព័រ​ទាំងមូល