ក្រុម​សិល្បករ​ខ្មែរ​និង​បរទេស​នឹង​រួមគ្នា​សម្ដែង​តន្ត្រី​ដើម្បី​រម្លឹក​ដល់​ជន​រងគ្រោះ​ក្នុង​សម័យ​​ខ្មែរ​ក្រហម

ដោយ រាជ វិញ្ញូ
2017-07-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទីប្រឹក្សា​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត ហ៊ឹម សុភី (រូប​កាន់​មេក្រូ) ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​"តន្ត្រី​បង្សុកូល" នា​សារមន្ទីរ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Pry Neru
ទីប្រឹក្សា​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត ហ៊ឹម សុភី (រូប​កាន់​មេក្រូ) ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​"តន្ត្រី​បង្សុកូល" នា​សារមន្ទីរ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Pry Neru
RFA/Pry Neru

តន្ត្រី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "តន្ត្រី​បង្សុកូល" ដែល​សិល្បករ​ខ្មែរ និង​បរទេស កំពុង​ត្រៀម​ប្រគំ​រួម​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ គឺ​ជា​ប្រភេទ​តន្ត្រី​ដើម្បី​ឧទ្ទិស និង​រំលឹក​ដល់​ជនរងគ្រោះ​ស្លាប់​នៅ​ក្នុង​សម័យ ប៉ុល ពត និង​ដើម្បី​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ជនរងគ្រោះ​ដែល​បាន​រួច​ជីវិត​ពី​សម័យ​នេះ។

​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា សិល្បករ​ខ្មែរ និង​សិល្បករ​បរទេស ដែល​ជា​អ្នក​ផលិត​ខ្សែភាពយន្ត អ្នក​និពន្ធ​បទ​ភ្លេង ព្រមទាំង​អ្នក​ចម្រៀង​ប្រពៃណី​ខ្មែរ និង​អ្នក​ស្មូត និង​អង្គការ​លើក​ស្ទួយ​វិស័យ​វប្បធម៌ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​សារមន្ទីរ​ជាតិ ស្ដីពី "តន្ត្រី​បង្សុកូល" មុននឹង​តន្ត្រី​ប្រភេទ​ថ្មី​នេះ ត្រូវ​យក​ទៅ​សម្ដែង​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុន​នេះ។

​អ្នក​ផ្ដើម​គំនិត​និពន្ធ​បទ​ភ្លេង​តន្ត្រី "បង្សុកូល" ដំបូង និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យសភា កម្ពុជា លោក​បណ្ឌិត ហ៊ឹម សុភី ថ្លែង​ថា ការ​ប្រគំ​តន្ត្រី "បង្សុកូល" គឺ​ជា​ស្នាដៃ​រួមបញ្ចូល​គ្នា​មួយ​ដែល​មាន​តន្ត្រីករ​ប្រហែល ៣៧​នាក់ ក្នុង​នោះ​មាន​តន្ត្រីករ និង​អ្នក​ចម្រៀង​ខ្មែរ​ចំនួន ៨​នាក់ ដែល​ត្រូវ​សម្ដែង​រួម​គ្នា​ជាមួយ​ប្រភេទ​វង់ភ្លេង​ក្រុម​តន្ត្រី​បរទេស​ខាង​លិច និង​ការ​ច្រៀង​បន្ទរ​ជា​ក្រុម។ លោក​បន្ត​ថា ក្នុង​ចំណោម​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ជាង ១០​ឧបករណ៍ ក៏​មាន​ឧបករណ៍​បូរាណ​ខ្លះ​ដែល​បាន​បាត់បង់​រាប់​រយ​ឆ្នាំ និង​ត្រូវ​បង្កើត​ឡើង​វិញ ដូច​ជា​ពិណ​ខ្មែរ​សម័យ​អង្គរ ប៉ី​ពក​ធំ​មាន​ស្នែង និង​ខ្លុយ​ដី​ជាដើម៖ «មាន​រនាត​ភ្លោះ ដែល​ខ្ញុំ​ជា​អ្នក​ផ្ដល់​គំនិត​ឱ្យ​បង្កើត​ដែរ ឧបករណ៍​មាន​ប្រហែល​ជាង ១០ តែ​អ្នក​លេង​មាន​តែ ៦​នាក់»

​ឧបករណ៍​តន្ត្រី​ខ្មែរ​ចំនួន ៦​ប្រភេទ មាន​ដូចជា​គ្រឿង​ខ្សែ​កេះ ឧបករណ៍​ពិណ គ្រឿង​ខ្សែ​កូត ទ្រសោ ទ្រអ៊ូ ទ្រ​ខ្មែរ គ្រឿង​ផ្លុំ មាន​ដូចជា ស្រឡៃ ខ្លុយ ប៉ីពក ប៉ីអ រនាត​ភ្លោះ គង​ភ្លោះ នឹង​ត្រូវ​សម្ដែង​បញ្ចូល​គ្នា​ជាមួយ​វង់ភ្លេង​តន្ត្រី​បរទេស។ តន្ត្រី "បង្សុកូល" ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ពី​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ពី​អង្គការ​មួយ​ចំនួន​ទៀត​នេះ គឺ​ជា​ស្នាដៃ​ប្រគំ​តន្ត្រី​វង់​ធំ និង​ជា​ស្នាដៃ​សហការ​គ្នា​លើក​ដំបូង​រវាង​ផលិតករ​ធ្លាប់​ទទួល​បាន​ពានរង្វាន់ លោក ប៉ាន់ រិទ្ធី និង​អ្នក​និពន្ធ​បទ​ភ្លេង​ដី​ល្បីឈ្មោះ​លោក ហ៊ឹម សុភី ក្នុង​គោលបំណង​រៀបរាប់​ស្វែង​យល់​អំពី​សេចក្ដី​រន្ធត់​នានា របស់​ប្រជាជន​កម្ពុជា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ជា​ពិសេស​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់ និង​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​ឱ្យ​ស្គាល់​អំពី​ប្រវត្តិ​កម្ពុជា ផង​ដែរ។

អ្នក​ជំនាញ​និពន្ធ​បទ​ភ្លេង លោក​បណ្ឌិត ហ៊ឹម សុភី បញ្ជាក់​ទៀត​ថា អ្នក​ចូលរួម​ទស្សនា ជាពិសេស​អ្នក​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរក្រហម នឹង​អាច​ទទួល​បាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​វិញ ព្រោះ​ក្នុង​វគ្គ​ចុង​បញ្ចប់​នៃ​តន្ត្រី​នេះ បាន​និយាយ​ដល់​ការ​រស់​ឡើង​វិញ និង​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​ក្រោយ៖ «ស្នាដៃ​ខ្លះ​ជា​បូរាណ និង​ស្នាដៃ​ខ្លះ ជា​សម័យ អ៊ីចឹង​តន្ត្រី​បង្សុកូល​នេះ មាន​សារសំខាន់​ខ្លាំង ព្រោះ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ»

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ លោក ព្រីម ភ្លឿន ថ្លែង​ថា ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ ដែល​អង្គការ​របស់​លោក​បាន​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ។ លោក​បន្ត​ថា បច្ចុប្បន្ន អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កំពុង​បន្ត​ជួយ​ដល់​សិល្បករ​ជំនាន់​ថ្មី ឬ​សិល្បករ​អាជីព ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​ការ​ប្រគំ​តន្ត្រី "បង្សុកូល" ត្រូវ​ធ្វើ​ឡើង​នៅ​បរទេស​មុន​នៅ​កម្ពុជា​នេះ ដោយសារ​ប្រាប់​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​បរទេស​តាំង​ពី​សង្គ្រាម ជាពិសេស​ពលរដ្ឋ​ខ្មែរ​ជំនាន់​ថ្មី ដែល​កើត​នៅ​លើ​ទឹកដី​បរទេស​បាន​ឃើញ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លង​កាត់​នៅ​សម័យ ប៉ុល ពត។

​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោកស្រី អេនជេលឡា ខកខឺរ៉េន (Angela Corcoran) ថ្លែង​ថា តន្ត្រី "បង្សុកូល" ដែល​ត្រូវ​សម្ដែង​មុន​គេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ខាង​មុខ​នេះ នឹង​ប្រាប់​រឿង​រ៉ាង​ទាំង​អាក្រក់ និង​ល្អ​ទៅ​កាន់​អ្នក​ទស្សនា ហើយ​លោកស្រី​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ខិត​ជិត​គ្នា​បន្ថែម​ទៀត។ លោកស្រី​បន្ត​ថា ប្រជាជន​អូស្ត្រាលី និង​ទស្សនិកជន​អន្តរជាតិ នឹង​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា បន្ថែម​ទៀត តាម​រយៈ​ការ​ប្រគំ​តន្ត្រី "បង្សុកូល" នេះ។ ក្រៅ​ពី​នេះ លោកស្រី​និយាយ​ថា វា​ក៏​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ស្រាប់​រវាង​ប្រជាជន​កម្ពុជា និង​អូស្ត្រាលី កាន់តែ​រឹងមាំ​ផង​ដែរ។

បន្ទាប់ពី​ការសម្ដែង​នៅ​ប្រទេស​អូស្ត្រាលី ក្រុម​តន្ត្រី "បង្សុកូល" នឹង​បន្ត​ទៅ​សម្ដែង​នៅ​ទីក្រុង​ញូវយ៉ក (New York) ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​ទី​១៦ ខែ​ធ្នូ និង​នៅ​ទីក្រុង បូស្ដុន (Boston) ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោយ​មក​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ត្រឡប់​មក​សម្ដែង​នៅ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំបាទ យើងខ្ញុំសូមគាំទ្រតន្ត្រីបង្សូកូលដែលបង្កើតចំរុះជាតិសាសន៍ ដើម្បីរំលឹកដល់ជនរងគ្រោះក្នុងសម័យរបបកម្ពូជាប្រជាធិបតេយ្យ (កុម្មុយនិស្ត+គំសំឡាប់មនុស្ស) ពួកក្រុមនេះគេមិនសំដៅតែសំឡាប់មនុស្សខ្មែរតែមួយមុខទេគឺ គេសំឡាប់វប្បធម៍ខ្មែរឲ្យរលាយ ស្រួលក្នុងការបំបាត់ជាតិសាសន៍ខ្មែរតែម្តង ។ល។

ពលរដ្ឋខ្មែរដែលបានរួចជីវិតពីរបបនេះ ត្រេកអរក្រៃលែង ក្រោយដឹងថា មានតុលាការខ្នាតអន្តរជាតិ ដែលមានចៅក្រមជាតិនិងអន្តរជាតិសហការដើម្បីស្វែងរកយុត្តិធម៍,តែតុលាការនេះគ្រាន់តែដំណើរភ្លាមមានចរិតបដិសេធន៍ជនរងគ្រោះក្នុងដំណើរក្តីរកយុត្តិធម៍, ហើយមានការបណ្តេញមន្ត្រីអង្គការសហប្រជាជាតិបន្តបន្ទាប់,យើងក៏ឃើញមន្ត្រីអ្កនច្បាប់អន្តរជាតិជួយអន្តរាគមន៍ (បញ្ជៀសឥទ្ធិពលអ្នកមានអំណាចនយោបាយ) ធ្វើឲ្យដំណើការក្តីនេះប្រទាំងប្រទើសគ្នារវាងមន្ត្រីតុលាការអន្តរជាតិនិង មន្ត្រីខ្មែរ ។ ព្រមគ្នានេះ​ ជនរងគ្រោះនិង ជាដើមបណ្តឹងរដ្ឋប្បវេណីយបានឃើញហេតុការណ៍របស់មន្ត្រីតុលាការគ្មានឯករាជ្យនិងរកយុត្តិធម័ យើងបានក៏នាំគ្នាធ្វើញ៉ាត់ជូនចៅក្រមទាំងពីរ (ចៅក្រមជាតិ+អន្តរជាតិ), អង្គការសហប្រជាជាតិ, អង្គទូតនានាដែលពាក់ព័ន្ធប្រចាំនៅក្នុងប្រទេសខ្មែរអោយជួយអន្តរាគមន៍ ដើម្បីជួយស្វែងរកយុត្តិធម៍ពិតប្រាកដ ៕

Jul 26, 2017 11:11 PM

Anonymus

If you're really want to reduce khmer victims suffering of KR.genocide, why don't you take a look on some others ex.KR high rang personnals who are still alives and detaining previlege to occupy a very prestigious government postes within immunities protections guaranted by hun sen regime. By the way of new form dictature masqued behind democratie ideology, they continue to persecute them under direct and indirect criminal activities as same as arresting, jailing without resonnable reason. The most crual others committed acts are killing sommary by one shot extermination liked Kem Ley, Chea Vichea, Chhut Vuthy etc...
These acts of barbary are affecting directly the psychological health of all those victims. Instead of helping them to reduce their suffering, it's putting more new pressions on them. How can them get a good psychological therapy under that situation?

Jul 19, 2017 12:10 AM

គេហទំព័រ​ទាំងមូល