ប្ដី​ប្រពន្ធ​​​​រៀបការ​ទាំង​បង្ខំ​​ក្នុង​របបខ្មែរ​ក្រហម​​៧​គូ​រៀបការ​ឡើង​វិញ​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2016.01.29
រៀបការ​ឡើង​វិញ កំពង់ឆ្នាំង ៨៥៥ ២០១៦ គូ​ស្វាមី​ភរិយា​ដែល​រៀបការ​ដោយ​បង្ខំ​ក្នុង​របប​ខ្មែរ​ក្រហម រៀបការ​ឡើង​វិញ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៦។
RFA/Chin Chetha

គូរ​ស្វាមី​ភរិយា​វ័យ​ចំណាស់​ចំនួន ៧​គូ បាន​រៀប​អាពាហ៍ពិពាហ៍​រួម​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា បន្ទាប់​ពី​ពួកគាត់​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​អស់​រយៈ​ពេល​ជាង ៤០​ឆ្នាំ ដែល​កាល​ណោះ​រៀបចំ​ដោយ​ក្រុម​អង្គការ​ចាត់តាំង ឬ​ក្រុម​ខ្មែរ​ក្រហម។ គូ​ស្វាមី​ភរិយា និង​កូនចៅ ក្ដុកក្ដួល​ក្នុង​ចិត្ត​ពេល​បាន​រៀបការ​ត្រឹមត្រូវ​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន។

អង្គការ​យុវសន្ដិភាព និង​គណៈកម្មាធិការ​រក្សា​កេរដំណែល នៃ​ការ​ចងចាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ភូមិ​ថ្មកែវ ខេត្ត​កំពង់ឆ្នាំង បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​មង្គលការ​រួម​គ្នា​ជា​លើក​ទី​២ ដោយ​ជ្រើសរើស​យក​ប្ដី​ប្រពន្ធ​វ័យ ៦៤​ឆ្នាំ ចុះ​ក្រោម​ពី​ឃុំ​ពង្រ និង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដើម្បី​ផ្សំផ្គុំ​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើង​វិញ។ ពិធី​នេះ​មាន​បំណង​ផ្សះផ្សា​របួស​ផ្លូវ​ចិត្ត​ជន​រង​គ្រោះ ឬ​អ្នក​រៀបការ​ដោយ​បង្ខំ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

ប្រធាន​កម្មវិធី​ការ​ផ្សះផ្សា និង​កេរដំណែល​នៃ​ការ​ចងចាំ​របស់​អង្គការ​យុវសន្ដិភាព គឺ​លោក ម៉ន សុគឿន ថ្លែង​ថា ក្រៅ​ពី​ការ​ផ្សះផ្សា​របួស​ផ្លូវ​ចិត្ត​របស់​អតីត​ជនរងគ្រោះ​ទាំង ៧​គូ ពួកគាត់​បាន​បំពេញ​នូវ​ពិធី​តាម​​ប្រពៃណី​ខ្មែរ​ឡើង​វិញ និង​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់។ លោក​មាន​ចេតនា​រៀបចំ​ពិធី​មង្គលការ​ដូច​គ្នា​នេះ​នៅ​ទូទាំង​ប្រទេស ខណៈ​អង្គការ​លោក​កំពុង​ប្រតិបត្តិការ​ក្នុង​ខេត្ត-​ក្រុង​ចំនួន​៧៖ «ធ្វើ​លើក​ទី​២​នេះ មាន​គូ​ច្រើន​ចូល​រួម​ទៀត​ដោយសារ​តែ​សារ​របស់​យើង​ជា​សារ​មួយ​បែប​វិជ្ជមាន​ដែល​បង្ហាញ​ពី​ការ​ផ្សះផ្សា យើង​ពុំ​មាន​ចេតនា​ណា​មួយ​ធ្វើ​ឲ្យ​មាន​ភាព​អវិជ្ជមាន​នៅ​ក្រោយ​ការ​រៀប​អាពាហ៍ពិពាហ៍​ទេ។ ព្រោះ​ការងារ​នេះ​ជំរុញ​ឲ្យ​បងប្អូន​ដែល​ធ្លាប់​រៀបការ​ដោយ​បង្ខំ​នៅ​ជំនាន់​នោះ​អាច​រៀបការ​ឡើង​វិញ»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ មាន​ប្ដី​ប្រពន្ធ​ចំនួន ៥​គូ​ដែរ បាន​យក​បរិវេណ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទំហំ​ប្រមាណ ១​ហិកតារ ឋិត​នៅ​ភូមិ​ថ្មកែវ នៃ​ឃុំ​ស្វាយជ្រុំ ដើម្បី​រៀបចំ​ពិធី​មង្គលការ​ដូច​គ្នា​នេះ។ លោក ម៉ន សុគឿន ថា​ប្រកា​ដែល​មិន​អាច​រៀបចំ​មង្គលការ​មួយ​គូរ​ៗ​ផ្សេង​គ្នា​នោះ គឺ​ដោយសារ​បញ្ហា​កញ្ចប់​ថវិកា និង​អ្នក​ខ្លះ​ខ្មាសអៀន​ដែល​ខ្លួន​រៀបការ​ក្នុង​វ័យ​ចាស់។

សក់ស្កូវ​មួយៗ កំពុង​ឈរ​ក្បែរ​ប្រពន្ធ​ដែល​មាន​វ័យ​ជិត ៦០​ឆ្នាំ ផ្ទៃ​មុខ​ជ្រីវជ្រួញ​ទៅ​ហើយ​នោះ គឺ​លោក ប៉ុន វ៉ាន់ថា រំលឹក​ថា កាល​ពី​កំលោះ​រូប​លោក​មាន​តែ​ភាព​ជូរចត់​ ពុំ​មាន​សេរីភាព និង​អនុស្សាវរីយ៍​ស្នេហា​ជាមួយ​ប្រពន្ធ​មុន​នឹង​ចាប់​ដៃ​គ្នា​នោះ​ទេ ដោយ​គេ​បង្ខំ​ឲ្យ​រៀបការ​ម្ដង ១៥​គូ ហើយ​គ្មាន​ភ្លេង​ប្រពៃណី ឬ​បងប្អូន​ចូល​រួម​ឲ្យ​ពរជ័យ ក្រៅ​ពី​ឡើង​ប្ដេជ្ញា​ចិត្ត​ម្នាក់​ម្ដង​រួច​ហើយ​ក៏​ចប់​តែ​ម្ដង៖ «រំភើប​ជាង​មុន យើង​លើក​មុន​អត់​មាន​រៀបការ​អ៊ីចឹង សម័យ​នោះ​ដឹង​ខុស​បន្តិច​វាយ​ចោលៗ វា​ធ្វើ​អំពើ​យង់ឃ្នង​សម្បើម​ណាស់ ពេល​ការ​រួច​មាន​ឈ្លប​នៅ​ក្រោម​ផ្ទះ​ពីរ ឬ​បី​នាក់ រយៈ​ពេល​មួយ​អាទិត្យ​បាន​វា​លែង​យាម វា​ចង់​ស៊ើប​មើល​ក្រែង​យើង​និយាយ​គ្នា​ពី​នេះ​ពី​នោះ វា​ចាប់​ទៅ​វាយ​ចោល»

ចំណែក​មេភូមិ​ថ្មកែវ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អភិវឌ្ឍ​សហគមន៍​ថ្មកែវ គឺ​លោក សោម ប៊ុនឈឿន ឲ្យ​ដឹង​ថា អតីត​ជន​រងគ្រោះ​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​បំណង​រៀបការ​ច្រើន​គូ ប៉ុន្តែ​គណៈកម្មាធិការ​មិន​អាច​រៀបចំ​មួយ​ដង ឬ​ពីរ​ដង​​អស់​គ្នា​នោះ​ទេ ដោយសារ​ពិធី​នេះ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ ហើយ​ត្រូវ​ធ្វើ​ទៅ​តាម​លំដាប់​លំដោយ នៃ​ប្រពៃណី​ខ្មែរ ហើយ​កម្មវិធី​ស្រូត​ឲ្យ​ចប់​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​មករា៖ «ឥឡូវ ​ហ្នឹង​យើង គឺ​យើង​ធ្វើ​តាម​ប្រពៃណី​របស់​ខ្មែរ​យើង! រៀបការ​មាន​សព្វ​បែប​យ៉ាង​តាម​ប្រពៃណី មាន​បងប្អូន ញាតិមិត្ត​ជិត​ឆ្ងាយ​ចូល​រួម​អបអរសាទរ​ពេញ​ទំហឹង ថ្ងៃ​នេះ​ដែល​យើង​ឃើញ។ បើ​ច្រើន​ពេក​យើង​លំបាក​រៀបចំ​ធ្វើ យើង​ធ្វើ​បាន​ចាប់​ពី ១០​គូ​ចុះ»

ប្ដី​ប្រពន្ធ​ដែល​បាន​ជ្រើសរើស​មក​រៀបការ​ដោយ​​អង្គការ​យុវសន្ដិភាព​​ និង​គណៈកម្មាធិការ​មជ្ឈមណ្ឌល​ភូមិ​ថ្មកែវ អាច​អញ្ជើញ​សាច់ញាតិ និង​កូនចៅ​ពិសា​អាហារ​ជុំ​គ្នា​អម​ដោយ​ភ្លេង​កំដរ​រហូត​ដល់​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។