ក្រុម​ម្ចាស់​ជំនួយ​ផ្ដល់​ថវិកា​ជាង​១​លាន​ដុល្លារ​អាមេរិក​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម

ក្រុម​ម្ចាស់​ជំនួយ​ផ្ដល់​ថវិកា​ជាង ១​លាន​ដុល្លារ​អាមេរិក ដើម្បី​ចំណាយ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក និង​ចំណាយ​ទូទៅ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ក្នុង​ឆ្នាំ​២០១៤។

ការ​ផ្តល់​ជំនួយ​នេះ ត្រូវ​បញ្ជាក់​អោយ​ដឹង​នៅ​ពេល​ដែល​តំណាង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បរទេស​នានា បាន​បញ្ជាប់​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៧ មិថុនា នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​ដំណើរ​ការ​របស់​សាលា​ក្ដី និង​បញ្ហា​ថវិកា។

អ្នក​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​ក្រុម​ម្ចាស់​ជំនួយ​នេះ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​សម្រេច​បាន​កន្លង​មក និង​មាន​ការ​សហការ​គ្នា​រវាង​សហគមន៍​អន្តរជាតិ និង​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក នេត្រ ភក្ដ្រា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គម្រោង​ថវិកា​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ក៏​បាន​ស្នើសុំ​ទៅ​ម្ចាស់​ចំនួន​ជាតិ និង​អន្តរជាតិ នូវ​ទឹក​ប្រាក់​ជាង ៦០​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កិច្ចការ​បន្ត​នៅ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥។ ប្រទេស​ផ្ដល់​ជំនួយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម រួម​មាន ប្រទេស​ជប៉ុន បារាំង អូស្ត្រាលី ស៊ុយអែត អាល្លឺម៉ង់ និង​សហរដ្ឋ​អាមេរិក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។