សាលាក្ដី​ខ្មែរ​ក្រហម​បញ្ចាំង​ខ្សែ​ភាពយន្ត​ពី​អតីត​មេគុក​ទួល​ស្លែង​កាំង ហ្គិចអ៊ាវ ហៅ ឌុច

ដោយ ឡេង ម៉ាលី
2017-07-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​កំពុង​ទស្សនា​ខ្សែ​ភាពយន្ត​ស្ដីពី​អតីត​មេគុក​ទួលស្លែង កាំង ហ្គិចអ៊ាវ ហៅ ឌុច នា​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលរដ្ឋ​កំពុង​ទស្សនា​ខ្សែ​ភាពយន្ត​ស្ដីពី​អតីត​មេគុក​ទួលស្លែង កាំង ហ្គិចអ៊ាវ ហៅ ឌុច នា​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Leng Maly

សាលាក្ដី​ខ្មែរក្រហម មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​សាលាក្ដី​ខ្មែរក្រហម និង​មជ្ឈមណ្ឌល​បុប្ជាណា សហការ​គ្នា​នៅ​ថ្ងៃ​ទី​២៦ កក្កដា ដាក់​បញ្ចាំង​វីដេអូ​មួយ ទាក់ទង​នឹង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្គិចអ៊ាវ ហៅ ឌុច មាន​ចំណង​ជើង​ថា «ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក»។

ខ្សែ​ភាពយន្ត «ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក» ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៦ កក្កដា គឺ​មាន​អតីត​មេ​គុក​ទួលស្លែង កាំង ហ្គិចអ៊ាវ ហៅ ឌុច ជា​តួអង្គ​សំខាន់ និយាយ​អំពី​តួនាទី និង​ការងារ​ជា​អ្នក​គ្រប់គ្រង​មន្ទីរ​នគរបាល ស-២១ ក្នុង​របប​ខ្មែរក្រហម។ ឌុច ថា ការងារ​លោក​ជា​អ្នក​ទទួល​យក​មនុស្ស​មក​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ និង​សម្លាប់​អ្នក​ទោស ព្រោះ​អ្នក​ទាំង​នោះ​ត្រូវ​បាន​ចាត់​ថា ជា​ខ្មាំង និង​ជា​សំរាម​រួច​ទៅ​ហើយ។

ប្រធាន​ស្ដីទី​នៃ​ការិយាល័យ​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម លោក ក្រាញ់ តូនី មាន​ប្រសាសន៍​ថា ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ គឺ​ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​យល់​ដឹង និង​ចងចាំ​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ទៀត។ លោក​ថា ជា​ការ​ផ្សព្វផ្សាយ​នេះ​សំខាន់ ព្រោះ​ប្រជាជន​ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ មាន​រហូត​ដល់ ៦៥% នៃ​ប្រជាជន​ទូទៅ៖ «យើង​ធ្វើ​ការងារ​ហ្នឹង ដើម្បី​ផ្ដល់​ការ​យល់​ដឹង​ពី​អតីតកាល​របស់​យើង​ដល់​ក្មេង​ជំនាន់​ក្រោយ​កុំ​ឲ្យ​គាត់​ភ្លេច។ បើ​គាត់​ភ្លេច​របប​បែប​នេះ នឹង​អាច​វិល​ត្រឡប់​មក​វិញ​ដោយ​ឥត​ដឹង​ខ្លួន។ បើ​យើង​ដឹង​អាច​មាន​ការ​ប្រុងប្រយ័ត្ន។ អា​ហ្នឹង​ជា​កម្មវត្ថុ​សំខាន់​នៃ​ពិធី​យើង​ថ្ងៃ​នេះ»

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា ការ​បញ្ចាំង​ភាពយន្ត «ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក» គឺ​ជា​ការ​បង្ហាញ​រឿងរ៉ាវ​ពី​ភាគី​ខ្មែរក្រហម​នៅ​ក្នុង​កម្ពុជា​ប្រជាធិបតេយ្យ៖ «ពី​ព្រោះ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​ស្ដាប់​រឿងរ៉ាវ​រៀបរាប់​ពី​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ គឺ​គាត់​បាន​ស្ដាប់​មួយ​ចំហៀង​ទៀត ពី​សំណាក់​អតីត​ខ្មែរ​ក្រហម ដែល​បាន​ធ្វើ​ដោយ​ផ្ទាល់ ប្រព្រឹត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​របប​នោះ។ អ៊ីចឹង​ពួក​គាត់​នឹង​អាច​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​រឿងរ៉ាវ​ដែល​កើត​ឡើង ពិសេស​ថ្ងៃ​នេះ ប្អូនៗ ដែល​មក​ពី​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ហ្នឹង គាត់​អាច​ទទួល​បាន​ព័ត៌មាន​ច្រើន​អំពី​មន្ទីរ​សន្តិសុខ ស-២១ ហ្នឹង ថា​តើ​ដំណើរ​ការ​មន្ទីរ​សន្តិសុខ ស-២១ ប្រព្រឹត្ត​ទៅ​ដូច​ម្ដេច ហើយ​ក្រោម​ការ​គ្រប់គ្រង​របស់ ឌុច ឌុច ធ្វើ​អ្វី​ខ្លះ? អ្នក​ពាក់ព័ន្ធ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដឹង​បន្ថែម​ទៀត»

ក្នុង​ចំណោម​យុវជន​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រមាណ​ជិត ៣០០​នាក់ កញ្ញា ផល្លា ពេជ្រ វ័យ ១៩​ឆ្នាំ យល់​ថា ឌុច ដែល​ជា​អ្នក​ចេះ​ដឹង ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​សាហាវ ព្រោះ​ធ្វើ​តាម​បញ្ជា និង​ការពារ​ខ្លួន​ឯង៖ «បើ​តាម​ខ្ញុំ​ស្ដាប់ គឺ​គាត់​ហ្នឹង​ជា​មនុស្ស​មួយ​ដែល​ប្រឹងប្រែង​សិក្សា។ តាម​ពិត​ទៅ​គាត់​ជា​មនុស្ស​មួយ​ចង់​បាន​បុណ្យស័ក្ដិ​ដូច​គេ​ដែរ គាត់​អត់​ចង់​ចាញ់​គេ ហើយ​តាម​ដែល​ខ្ញុំ​ដឹង គាត់​ខំ​រៀន​គាត់​ពូកែ គាត់​ធ្វើ​ទៅ​តាម​គេ​ដាក់​ឲ្យ​ធ្វើ​ដែរ»

លោក​បញ្ជាក់​ដែរ​ថា បន្ថែម​លើ​ការ​បញ្ចាំង​ភាពយន្ត​បែប​នេះ គឺ​ជា​កិច្ច​សហការ​មួយ​ទៀត​រវាង​សាលាក្ដី​ខ្មែរក្រហម មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ទាក់ទង​នឹង​តុលាការ​ខ្មែរ​ក្រហម និង​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា ដែល​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក បាន​ចាក់​បញ្ចាំង​ភាពយន្ត​មាន​ចំណង​ថា «មួយ​រាត្រី​នៃ​ការ​ចងចាំ» ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​នានា​ទូទាំង​ប្រទេស។

ស្ថាបនិក​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា លោក រិទ្ធី ប៉ាន់ ថ្លែង​ថា ភាពយន្ត «ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក» ដែល​លោក​ផលិត​នេះ គឺ​ជា​ការ​រំឭក​ដល់​អ្នក​ស្លាប់​ក្នុង​របប​នោះ ដូច​ទៅ​វត្ត​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ដែរ៖ «ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ប្អូន​ទៅ​វត្ត ទៅ​វត្ត​នឹក​ឃើញ​ដល់​អ្នក​ស្លាប់​ទៅ ជួយ​ឧទ្ទិស​ស្អី​ជូន​គាត់​ទៅ ហើយ​យើង​ធ្វើ​កុន​ហ្នឹង ដូច​ជា​ទុក​សំណាក​អី​មួយ​នៅ​ក្នុង​ចិត្ត​យើង​នូវ​ស្អី​ដែល​ល្អ​របស់​គាត់។ អនុស្សាវរីយ៍​​ដែល​ល្អ​របស់​គាត់​ទុក​ក្នុង​ចិត្ត​យើង ព្រោះ​អី​គាត់​មាន​គុណ​លើ​យើង។ បើ​អត់​គាត់ យើង​អត់​នៅ​ទី​នេះ​សព្វ​ថ្ងៃ​ទេ។ អ៊ីចឹង​អ្នក​ស្លាប់​ទៅ​ប៉ុន្មាន​ជំនាន់​ហ្នឹង សុទ្ធតែ​មាន​គុណ​មក​លើ​យើង»

លោក​ថ្លែង​ថា លោក​គាំទ្រ​ការងារ​សាលាក្ដី​ខ្មែរក្រហម ព្រោះ​តែ​លោក​ចង់​ស្វែង​រក​ការ​ពិត​ថា តើ​នរណា​ជា​ជន​រងគ្រោះ​នរណា​ជា​ជន​ដៃ​ដល់​ពិតប្រាកដ។

ការ​ចាក់​បញ្ចាំង «ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក» នេះ​គឺ​ខួប ៧​ឆ្នាំ ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​សាលាក្ដី​ខ្មែរក្រហម ប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ ឌុច រយៈ​ពេល ៣៥​ឆ្នាំ។ ប៉ុន្តែ​ក្រោយ​ការ​ប្ដឹង​សាទុក្ខ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស ឌុច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល