សាលាក្ដី​ខ្មែរ​ក្រហម​បញ្ចប់​សវនាការ​ពិនិត្យ​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង​០០២ វគ្គ​២

ដោយ ឡេង ម៉ាលី
2017.01.11
នួន ជា ខៀវ សំផន ៨៥៥ ២០១៦ ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​ប្រកាស​បញ្ចប់​សវនាការ​លើ​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ​២ ហើយ នៅ​ថ្ងៃ​ពុធ ទី​១១ មករា។ សវនាការ​ពិនិត្យ​ភស្តុតាង​វគ្គ​ទី​២ ដែល​ទើប​បញ្ចប់​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ឆ្នាំ​២០១៥ មក។

ការ​ប្រកាស​បញ្ចប់​សវនាការ​ពិនិត្យ​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ប្រកាស​បន្ទាប់​ពី​បាន​ស្ដាប់​សារណា​ផ្ទាល់​មាត់​របស់​ភាគី​ដើម​ចោទ និង​ចុង​ចោទ​ទាក់ទង​អង្គហេតុ​សេសសល់ និង​ការ​ប៉ះពាល់​ការ​ការពារ​ក្ដី​ជន​ជាប់​ចោទ។

ទន្ទឹម​គ្នា​នេះ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ក៏​បាន​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ភាគី​ទាំង​អស់ ធ្វើ​សេចក្ដីសន្និដ្ឋាន​ផ្ទាល់​មាត់ ដើម្បី​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ទាំង​ស្រុង​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ខាង​មុខ៖ «សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នឹង​ចាប់​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​សហ​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​រយៈ​ពេល ១​ថ្ងៃ ដើម្បី​បង្ហាញ​សេចក្ដីសន្និដ្ឋាន​របស់​ខ្លួន។ សហ​ព្រះរាជអាជ្ញា​មាន​រយៈ​ពេល ៣​ថ្ងៃ ហើយ​មេធាវី​ការពារ​ក្ដី​ក្រុម​នីមួយៗ មាន​រយៈ​ពេល ២​ថ្ងៃ ដើម្បី​បង្ហាញ​សេចក្ដី​សន្និដ្ឋាន​របស់​ខ្លួន។ អង្គ​ជំនុំជម្រះ​បាន​កំណត់​រយៈ​ពេល ១​ថ្ងៃ សម្រាប់​ការ​រៀបចំ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​តប និង​បាន​កំណត់​រយៈ​ពេល ៤​ម៉ោង សម្រាប់​ការ​ធ្វើ​សេចក្ដី​ថ្លែង​ចុង​ក្រោយ​របស់​ជនជាប់ចោទ​ផង​ដែរ ប្រសិន​បើ​ជនជាប់ចោទ​ជ្រើសរើស​អនុវត្តន៍​សិទ្ធិ​នេះ»

ការ​ប្រកាស​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​បិទ​សវនាការ​ពិនិត្យ​ភស្តុតាង​ប៉ុណ្ណោះ។ អង្គ​ជំនុំជម្រះ​នឹង​ប្រមូល​សារណា​ពី​ភាគី​ទាំង​អស់ ហើយ​នឹង​ធ្វើ​សវនាការ​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​របស់​ភាគី​ដោយ​ផ្ទាល់​មាត់​មួយ​លើក​ទៀត នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា នោះ ដើម្បី​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​សំណុំរឿង​នេះ​ទាំង​ស្រុង។

អង្គ​ជំនុំជម្រះ​បាន​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ភាគី​ដាក់​សារណា​របស់​ខ្លួន​ជា​លាយលក្ខណ៍​អក្សរ​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មេសា ហើយ​កាលបរិច្ឆេទ​សម្រាប់​បណ្ដឹង​សហ​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ចុង​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ខាង​មុខ។

ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​កំណត់​កាល​បរិច្ឆេទ​នេះ ភាគី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) និង ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ក៏​បាន​បង្ហាញ​អំពី​ការ​ប៉ះពាល់​ការងារ​របស់​ខ្លួន​ក្នុង​ការ​ដាក់​សារណា​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​នេះ​ដែរ នៅ​ពេល​ដែល​ផ្នែក​រដ្ឋបាល​ពិចារណា​កាត់​បន្ថយ​ថវិកា និង​បុគ្គលិក​សម្រាប់​ក្រុម​មេធាវី​ទាំង​ពីរ​ក្រុម។

លោក វិកទ័រ កូប៉េ៖ «ខ្ញុំ​មិន​ប្រាកដ​អំពី​បញ្ហា​នេះ​ទេ តែ​អាច​ថា​មាន​សម្ពាធ​ពី​ប្រទេស​ផ្ដល់​ជំនួយ ឬ​អ្នក​ផ្ដល់​ជំនួយ។ ដូច្នេះ​ហើយ​ខាង​មេធាវី​ការពារ​ក្ដី​ត្រូវ​ទទួល​យក​ការ​កាត់​បន្ថយ​ថវិកា ដោយសារ​តែ​បញ្ហា​ផ្ដល់​មូលនិធិ​ទៅ​លើ​ធ្វើ​ឲ្យ​គ្រប់​ផ្នែក​ទាំង​អស់​នៅ អ.វ.ត.ក ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​នេះ ហើយ​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ជា​អ្នក​តម្រូវ ធ្វើ​ឲ្យ​គ្រប់​ផ្នែក​ទាំង​អស់​ទទួល​នូវ​ផលវិបាក​ទាំង​អស់​នេះ។ តាម​ដែល​ខ្ញុំ​យល់​គឺ​ថា ត្រឹម​ចុង​ខែ​មីនា គឺ​ថា ២៤ ថ្ងៃ​មុន​កាលបរិច្ឆេទ​កំណត់​ដាក់​សារណា​បញ្ចប់​ការ​ពិភាក្សា​ដេញដោល គឺ​ក្រុម​ទាំង​ពីរ គឺ​ថា​បុគ្គលិក​កិច្ច​សន្យា មិន​ត្រូវ​បាន​គេ​បន្ត​កិច្ច​សន្យា​ឡើយ។ បើ​តាម​ខ្ញុំ​យល់ គឺ​សមាជិក​ក្រុម​ការពារ​ដែល​ត្រូវ​ទទួល​ការងារ សម្រាប់​ការ​ដាក់​បង្ហាញ​ឯកសារ​ហ្នឹង ត្រូវ​បញ្ចប់។ គឺ​បាន​ន័យ​ថា ក្រុម​ការងារ​ហ្នឹង​ត្រូវ​បញ្ចប់​ការងារ​លឿន។ នេះ​ជា​អ្វី​ដែល​អង្គភាព​គាំពារ​ការពារ​ក្ដី​ជម្រាប​មក​យើង»

មេធាវី​ការពារ​ក្ដី​ចង់​ឲ្យ​រដ្ឋបាល​បន្ត​កិច្ច​សន្យា​ដល់​បុគ្គលិក​របស់​ខ្លួន​ដដែល។ ប៉ុន្តែ​អង្គ​ជំនុំជម្រះ​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ ហើយ​នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​ផ្នែក​រដ្ឋបាល​សាលាក្ដី​បន្ត​ទៀត។

សំណុំរឿង ០០២ វគ្គ ២ ដែល​អង្គ​ជំនុំជម្រះ​បាន​ធ្វើ​សវនាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ មាន​រយៈ​ពេល ២៧៤​ថ្ងៃ ដោយ​ស្ដាប់​សាក្សី​ចំនួន ១១៤​នាក់ ដើម​បណ្ដឹង​រដ្ឋប្បវេណី ៦៣​នាក់ និង​អ្នក​ជំនាញ ៨​នាក់។ លើស​ពី​នេះ​ទៀត មាន​សាធារណជន​សរុប​ជិត ៨​ម៉ឺន (៧៧.៦០៤) នាក់ បាន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ក្នុង​សាល​សវនាការ​ដោយ​ផ្ទាល់។

សវនាការ​នេះ គឺ​ទាក់ទង​នឹង​ប្រធាន​បទ​ស្ដីពី​សហករណ៍​ត្រាំកក់ (រួម​ទាំង​មន្ទីរ​សន្តិសុខ​ក្រាំងតាចាន់ និង​ការ​ប្រព្រឹត្តិ​លើ​ពុទ្ធសាសនិក) ការដ្ឋាន​ទំនប់ ១ មករា នៅ​ខេត្ត​កំពង់ធំ ការដ្ឋាន​សាងសង់​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ខេត្ត​បន្ទាយមានជ័យ ការ​ប្រព្រឹត្តិ​លើ​ជនជាតិ​ចាម និង វៀតណាម មន្ទីរសន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី មន្ទីរ​សន្តិសុខ​ភ្នំក្រោល ខេត្ត​មណ្ឌលគិរី និង​មន្ទីរ​សន្តិសុខ ស-២១ នៅ​ភ្នំពេញ ព្រម​ទាំង​ការ​បោស​សំអាត​ផ្ទៃក្នុង ការ​ចេញ​បទបញ្ជា​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ លក្ខណៈ​ជម្លោះ​ប្រដាប់​អាវុធ និង​ជា​ចុង​ក្រោយ​ជា​ប្រធានបទ​ស្ដីពី​តួនាទី​របស់​ជនជាប់ចោទ។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៅ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​សម្រាប់​ចេញ​សាលក្រម​សំណុំរឿង ០០២ វគ្គ ២ នេះ​បាន​ទេ បន្ទាប់​ពី​សវនាការ​នៅ​​ថ្ងៃ​ទី​៥ ខែ​មិថុនា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។