សាលាក្ដី​ខ្មែរ​ក្រហម​កាត់​បន្ថយ​វិសាលភាព​នៃ​សំណុំរឿង ០០២

ដោយ ឡេង ម៉ាលី
2017.02.27
នួន ជា ខៀវ សំផន ៨៥៥ ២០១៦ ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ចេញ​សេចក្ដី​សម្រេច​កាត់​បន្ថយ​វិសាលភាព​នៃ​សំណុំរឿង ០០២ ដែល​ប្រឆាំង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ២​រូប គឺ​លោក នួន ជា និង ខៀវ សំផន។

មន្ត្រី​នាំ​ពាក្យ​​របស់​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា ការ​កាត់​បន្ថយ​វិសាលភាព​នៃ​សំណុំ​រឿង ០០២ នេះ ព្រោះ​សាលាដំបូង​យល់​ថា អង្គហេតុ​នានា ក្នុង​សំណុំរឿង ០០២ វគ្គ ១ ដែល​បាន​ជំនុំជម្រះ​ចប់ និង ០០២ វគ្គ ២ ដែល​កំពុង​បន្ត​ គឺ​សមស្រប​នៃ​អំពើ​ឧក្រិដ្ឋ និង​ការ​ទទួល​ខុស​ត្រូវ​ជា​លក្ខណៈ​បុគ្គល​របស់​ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​មូល​ហើយ។ សាលាដំបូង​ក៏​យល់​ឃើញ​ថា ការ​បន្ត​ជំនុំជម្រះ​​លើ​អង្គហេតុ​ផ្សេង​ទៀត លើស​ពី​សំណុំរឿង​ទាំង​ពីរ​នេះ ក៏​នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យុត្តិធម៌​មាន​អត្ថន័យ​ទេ ហើយ​ក៏​ប្រើ​ពេល​យូរ​ដែរ។

លោក នេត្រ ភក្ត្រា៖ «សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ បញ្ជាក់​អំពី​សេចក្ដី​សម្រេច​អង្គ​ជម្រះ​សាលាដំបូង មាន​ន័យ​ថា នឹង​មិន​មាន​ការ​ជំនុំជម្រះ​ក្ដី​ទៅ​លើ​អង្គហេតុ​ផ្សេង​ទៀត នៅ​ក្នុង​សំណុំរឿង ០០២ នេះ​ទេ។ មាន​ន័យ​ថា យើង​មាន​តែ​សំណុំរឿង​ពីរ​តែ​ប៉ុណ្ណោះ។ សំណុំរឿង​ពីរ​នេះ គឺ​សំណុំរឿង ០០២ វគ្គ ១ និង​សំណុំរឿង ០០២ វគ្គ ២។ មិន​មាន​សំណុំរឿង ០០២ វគ្គ ៣ សំណុំរឿង ០០២ វគ្គ ៤ អី​នោះ​ទេ ដោយសារ​តែ​ពេល​វេលា»

សំណុំ​រឿង ០០២ ត្រូវ​បាន​សាលាដំបូង​សម្រេច​បំបែក​ទៅ​ជា​សំណុំរឿង​តូចៗ​ពីរ ដែល​ហៅ​ថា សំណុំរឿង ០០២ វគ្គ ១ និង​សំណុំរឿង ០០២ វគ្គ ២។ អង្គហេតុ​នៅ​ក្នុង​ដីកា​ដំណោះស្រាយ ដែល​សល់​ពី​សំណុំរឿង​ទាំង ២ ហើយ​សាលាដំបូង​មិន​យក​មក​ជំនុំជម្រះ​បន្ថែម​ទៀត​នោះ មាន​ជា​អាទិ គឺ​ការដ្ឋាន​ស្រែអំបិល (កំពត) ការដ្ឋាន​ព្រៃ​ស (ភ្នំពេញ) មន្ទីរសន្តិសុខ សង់ (ខេត្ត​កណ្ដាល) មន្ទីរ​សន្តិសុខ កោះ​ខ្យង (ខេត្ត​ព្រះសីហនុ) មន្ទីរ​សន្តិសុខ ព្រៃ​ដំរី​ស្រុត មន្ទីរសន្តិសុខ វត្ត​គីរីរម្យ (បាត់ដំបង) មន្ទីរ​សន្តិសុខ ភូមិ​ភាគ​ឧត្តរ មន្ទីរ​សន្តិសុខ វត្ត​ធ្លក និង​មន្ទីរ​សន្តិសុខ គោក​ក្ដួច កន្លែង​សម្លាប់​មនុស្ស​ក្នុង​ស្រុក ១២ ក្នុង​ភូមិភាគ​បស្ចិម ទួល​ពោធិ៍ជ្រៃ (ពោធិ៍សាត់) កន្លែង​សម្លាប់​មនុស្ស​នៅ​ស្ទឹង​តូច ការ​ផ្លាស់​ទី​លំនៅ​ប្រជាជន​ពី​ភូមិភាគ​បូព៌ា ដំណាក់កាល​ទី​៣ ការ​ប្រព្រឹត្ត​លើ​ពុទ្ធសាសនិក​ទូទាំង​ប្រទេស ការ​ប្រព្រឹត្ត​លើ​ជនជាតិ​ចាម នៅ​មន្ទីរសន្តិសុខ ក្រូច​ឆ្មា (កំពង់ចាម/ត្បូងឃ្មុំ) និង​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​កងទ័ព​បដិវត្ត​កម្ពុជា នៅ​លើ​ទឹក​ដី​វៀតណាម។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ភស្តុតាង​ទាំង​នេះ​ខ្លះ មាន​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ហើយ។

អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​សំណុំរឿង ០០២ វគ្គ ១ ហើយ​ក៏​នៅ​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ដែល​សាលា​ដំបូង​នឹង​ត្រូវ​បន្ត​សវនាការ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។

លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​ថា សាលាក្ដី​ខ្មែរក្រហម​គ្រោង​បញ្ចប់​ការ​ជំនុំជម្រះ​សំណុំរឿង ០០២ វគ្គ ២ ជា​ស្ថាពរ នៅ​ឆ្នាំ ២០១៩៖ «នៅ​ពេល​នេះ ភាគី​ពាក់ព័ន្ធ​នានា កំពុង​តែ​ធ្វើ​សារណា​សង្ខេប​ទៅ​លើ​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរការ​សវនាការ ដើម្បី​ឈាន​ទៅ​ដល់​​ការ​ចូលរួម​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៧ ហើយ​បន្ត​ទៅ​ចៅក្រម​គាត់​នឹង​សរសេរ​សាលក្រម​លើ​សំណុំរឿង ០០២ វគ្គ ២។ ក្នុង​កាលបរិច្ឆេទ​នៃ​ដំណើរការ​តុលាការ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ គឺ​គេ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ ខាង​មុខ ទាំង​ការ​ប្រកាស​សាលក្រម ហើយ​និង​ការ​ប្ដឹង​សាទុក្ខ បើសិនជា​មាន​ទៅ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល»

អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​កាត់​បន្ថយ​វិសាលភាព​សំណុំរឿង ០០២ ប្រឆាំង ខៀវ សំផន និង នួន ជា គឺ​ស្រប​ពេល​ដែល​សាធារណជន​មើល​ឃើញ​ថា សាលាក្ដី​នេះ​កាត់ក្ដី​ប្រើ​ពេល​យូរ ហើយ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថវិកា។ ទាក់ទង​បញ្ហា​នេះ​ដែរ សាលាក្ដី​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ក៏​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០៤ វគ្គ ១ ម្នាក់ គឺ​អ្នកស្រី អ៊ឹម ចែម។ អ្នក​តាម​ដាន​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​ខ្លះ​យល់​ថា បញ្ហា​ថវិកា ការ​ខ្វែង​មតិ​គ្នា​រវាង​ចៅក្រម​ជាតិ និង​អន្តរជាតិ ហើយ​រដ្ឋាភិបាល​មិន​គាំទ្រ​ឲ្យ​មាន​ការ​ចោទប្រកាន់​មនុស្ស​បន្ថែម​ទៀត​នោះ សាលាក្ដី​ខ្មែរ​ក្រហម​អាច​នឹង​មិន​មាន​សវនាការ​សំណុំរឿង​ផ្សេង​ទៀត​ទេ ក្រៅ​ពី​សំណុំរឿង ០០២ ដែល​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។