ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ថ្លែង​ថា​ខ្លួន​នៅ​តែ​រង​ការ​ឈឺ​ចាប់​ដល់​សព្វថ្ងៃ

ដោយ ឡេង ម៉ាលី
2016.08.31
ផាន់ ហ៊ីម ៨៥៥ សាក្សី​ជា​អតីត​យុទ្ធនារី​ក្នុង​របប​ខ្មែរ​ក្រហម លោកស្រី ផាន់ ហ៊ីម ផ្ដល់​សក្ខីកម្ម​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១៦។
Photo courtesy of ECCC

ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ថ្លែង​ក្នុង​សវនាការ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ខ្លួន​នៅ​តែ​រង​ការ​ឈឺ​ចាប់​ដល់​សព្វថ្ងៃ ព្រោះ​តែ​សមាជិក​គ្រួសារ​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់។ ជន​រងគ្រោះ​នេះ​ឈ្មោះ ជា ដៀប អតីត​ជា​យុទ្ធនារី​មួយ​រូប​នៃ​កងទ័ព​ខ្មែរ​ក្រហម។

អតីត​យុទ្ធនារី ជា ដៀប ដែល​កំពុង​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា លោកស្រី​មិន​អាច​បំភ្លេច​ការ​ឈឺ​ចាប់​បាន​ទេ នៅ​ពេល​ដែល​លោកស្រី​រំឭក​អំពី​​រឿងរ៉ាវ​ពួក​ខ្មែរ​ក្រហម​សម្លាប់​បងប្អូន​របស់​លោកស្រី៖ «ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​មាន​ការ​ឈឺ​ចាប់​គ្រាំគ្រា ឆ្នាំ​១៩៧៩ ដល់​ពេល​បច្ចុប្បន្ន សូម​ជម្រាប​លោក​ប្រធាន។ សព្វថ្ងៃ​នេះ​ខ្ញុំ​ធ្វើការ សូម្បី​តែ​ខ្ញុំ​ដក​ស្ទូង ខ្ញុំ​នឹក​ឃើញ​បងប្អូន​ខ្ញុំ ទឹក​ភ្នែក​ធ្វើការ​មិន​កើត។ ពេល​ខ្ញុំ​ទៅ​ជម្រះ​ចម្ការ ខ្ញុំ​ឃើញ​បងប្អូន​ខ្ញុំ​ធ្វើការ​មិន​កើត។ ខ្ញុំ​ឈឺ​ចាប់​ណាស់​តាំង​ពី​របប​នេះ​បញ្ចប់​ទៅ ខ្ញុំ​ទទួល​តែ​ទុក្ខ​ទោស ការ​លំបាក​វេទនា​គ្រាំគ្រា​រីងរៃ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ទុក្ខ​លំបាក​វេទនា ដែល​មាន​ពី​ដើម​មក ខ្ញុំ​ទល់​ថ្ងៃ​ខ្ញុំ​ស្លាប់ ក៏​ខ្ញុំ​មិន​ភ្លេច​ដែរ សូម​ជម្រាប​លោក​ប្រធាន»

លោកស្រី​ថ្លែង​បន្ត​ទៀត​ថា ប្រការ​ដែល​លោកស្រី​ឈឺចាប់​បំផុត គឺ​លោកស្រី​បាន​ចូលរួម​តស៊ូ​ធ្វើ​បដិវត្តន៍​ប្រឆាំង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ហើយ​ទី​បំផុត​បង​ប្អូន​ត្រូវ​គេ​យក​ទៅ​សម្លាប់​ដូច្នេះ៖ «បង​ស្រី​ខ្ញុំ​ក៏​ត្រូវ​ជីវិត។ គាត់​មាន​គ្រួសារ​ហើយ កូន​ប្រាំ​នាក់ គេ​ដឹក​យក​ទៅ​ចាក់​ចោល​នៅ​ស្រឡៅ​ទោង​ព្រំប្រទល់​ខេត្ត​កំពង់ធំ។ ខ្ញុំ​ឈឺ​ចុកចាប់​ណាស់​លោក​ប្រធាន​អើយ! ចំណែក​ប្អូន​ប្រុស​បន្ទាប់​ខ្ញុំ គេ​ស្រាត​ខោអាវ​អស់ គេ​ចង​យោល​បុក​នឹង​ដើម​អម្ពិល។ ក្មេង​សាច់​ស​ខ្ចី​ទៅ​ជា​ខ្មៅ​អ៊ូញ​អស់​រលីង។ បែរ​ទៅ​មុខ វាយ​សុទ្ធ​តែ​ស្បែកជើង​កង់​ឡាន។ ប្អូន​ខ្ញុំ​មុខ​ខ្មៅ​អស់។ ម្ដាយ​ខ្ញុំ​ស្រែក​ទ្រហោ​យំ មិន​ដឹង​ធ្វើ​ម៉េច​ជួយ​កូន​បាន។ ក្រោយ​មក គេ​យក​ទៅ​ទម្លាក់​អណ្ដូង​ទៀត»

ដើម​បណ្ដឹង​រូប​នេះ​មាន​ប្រសាសន៍​ថា លោកស្រី​ក៏​ឈឺ​ចាប់​ណាស់​ដែរ​ចំពោះ​កម្មាភិបាល​ខ្មែរក្រហម ដែល​បង្ខំ​លោកស្រី​ឱ្យ​រៀបការ គ្មាន​ការ​ចូលរួម​ដឹង​ឮ​ពី​ឪពុក​ម្ដាយ។ លោកស្រី​អះអាង​ថា លោកស្រី​ធ្លាប់​បាន​ចូល​រៀន​វគ្គ​នយោបាយ និង​ការ​ថ្កោលទោស​អំពើ​ក្បត់​របស់​កម្មាភិបាល​ពីរ​រូប គឺ​ឈ្មោះ ហ៊ូ យន់ និង ហ៊ូ នឹម។ លោកស្រី ជា ដៀប ឱ្យ​ដឹង​ថា ជនជាប់ចោទ ខៀវ សំផន ជា​អ្នក​ណែនាំ​ឱ្យ​ប្រធាន​កង​របស់​លោកស្រី​រៀបការ​យុទ្ធជន​យុទ្ធ​នារី​ពេល​នោះ។

ការ​ជំនុំជម្រះ​របស់​សាលាដំបូង​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ពេល​នេះ គឺ​ទាក់ទង​នឹង​អង្គហេតុ​រៀបការ​ដោយ​បង្ខំ និង​ការ​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​របប​ខ្មែរក្រហម ប្រឆាំង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។

សាក្សី​មួយ​រូប​ទៀត ជា​អតីត​យុទ្ធនារី​ដែរ ឈ្មោះ ផាន់ ហ៊ីម ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ថា មេ​កង​របស់​លោកស្រី​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ខំ​ឱ្យ​លោកស្រី​រៀបការ៖ «នៅ​ឆ្នាំ​៧៨ ខែ​១១ ហ្នឹង មិត្ត​រួម​នៅ​ក្នុង​ក្រុម​ទាំង​អស់ គេ​សុទ្ធតែ​មាន​ចូល​ដណ្ដឹង​ប្រហែល​មួយ​ខែ​ពីរ​ខែ​មុន។ តែ​រូប​ខ្ញុំ​សួរ​ពី​ល្ងាច ព្រលឹម​ឡើង​ឡើង​រៀប។ ខ្ញុំ​ប្រកែក​ថា មិន​យក​ទេ ហើយ​គេ​ថា មិត្ត​ឯង​មិន​យក​ក៏​អង្គការ​រៀប​ឱ្យ​ដែរ។ មិត្ត​ឯង​មិន​គោរព​អង្គការ​វិន័យ មិត្ត​ឯង​ប្រយ័ត្ន​ខ្លួន​បន្តិច​ទៅ។ ខ្ញុំ​ឮ​អ៊ីចឹង ខ្ញុំ​ក៏​មិន​ហ៊ាន​មាត់​ដែរ។ ព្រលឹម​ឡើង​ក៏​គេ​យក​ខោអាវ​មក​ចែក ហើយ​ក៏​ទៅ​រៀប​ទៅ។ ក្នុង​រៀប​ហ្នឹង ២១​គូ ខ្ញុំ​ចុង​ប៉ូច​គេ»

ជា​ករណី​ដូច​គ្នា អតីត​យុទ្ធ​នារី​រូប​នេះ​អះអាង​ថា សមាជិក​គ្រួសារ​របស់​លោកស្រី​ជា​ច្រើន​នាក់ ក៏​ត្រូវ​ពួក​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ដែរ៖ «ចាប់​យក​ទៅ​ទាំង​អស់ ទាំង​កូន​នៅ​ក្នុង​ពោះ​ក៏​មាន។ ចាប់​ទៅ បង​ថ្លៃ​ខ្ញុំ​គាត់​ឈឺ​ពោះ​នៅ​លើ​ឡាន​ហ្នឹង វា​អូស​ដៃ​ឡើង​ទៅ គាត់​ស្រែក​ថា "កុំ​អូស​ខ្ញុំ​ខ្លាំង​ពេក! ខ្ញុំ​កំពុង​តែ​ឈឺ​ពោះ"។ វា​ថា "ឈឺ​ពោះ​ក៏​ដោយ ឡើង​ឱ្យ​ផុត​មក គង់​តែ​ទៅ​ដល់​កន្លែង​ពេទ្យ​កើត​ទេ! " បង​ជីដូន​មួយ​ខ្ញុំ ប្រពន្ធ​ឈឺ​ពោះ​ដែរ ក៏​ចេះ​តែ​អូស​ដៃ​គ្នា​ឡើង​ឡាន​ហ្នឹង​ទៅ បី​បួន​គ្រួសារ​ហ្នឹង។ ម្ដាយ​មីង​ខ្ញុំ​ក៏​យក​ទៅ​ប្រហែល​បី​បួន​គ្រួសារ​ដែរ យក​ទៅ​ហ្នឹង។ គាត់​ទើប​តែ​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ​ទៅ»

លោកស្រី​បញ្ជាក់​ថា នៅ​ពេល​ដែល​គេ​យក​លោកស្រី​ទៅ​លត់ដំ​នៅ​ខាង​ជើង​វាល​យន្តហោះ​ពោធិ៍ចិនតុង លោកស្រី​បាន​ឃើញ​មនុស្ស​ក្នុង​ក្រុម​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​យក​ទៅ៖ «នៅ​ពោធិ៍ចិនតុង ពេល​ដែល​គេ​ចាប់​ពួក​ក្បត់​អស់​ទៅ រំលង​ពេល​ដែល​ខ្ញុំ​ទៅ​រៀន​បាន​មួយ ឬ​ពីរ​ថ្ងៃ ស្រាប់​តែ​កន្លែង​ផ្សារ​ថ្មី ដែល​ពួក​ខ្ញុំ​នៅ​នោះ ពេល​យប់​ម៉ោង ៦ ស្រាប់​តែ​ឃើញ​ឡាន​មួយ​មក មាន​កាំភ្លើង​មាន​អី មក​ដល់​លោត​ព្រូសៗ ឃើញ​ចាប់​បន្ត​បន្ទាប់​គ្នា​ទៅ មិន​ដឹង​ជា​ចាប់​យក​ទៅ​ខាង​ណា ខ្ញុំ​អត់​ដឹង​ដែរ។ ពួក​ខ្ញុំ​ឃើញ​អ៊ីចឹង ក៏​អត់​ហ៊ាន​ចេញ​មក​មើល​ដែរ នាំ​គ្នា​ចូល​ពួន​ក្នុង​ផ្ទះ​វិញ​អស់​ទៅ។ មិន​ដឹង​គេ​ចាប់​យក​ទៅ​ណា​មក​ណា​ទេ។ ឃើញ​នៅ​មុខ​មន្ទីរ​ចាត់ការ​ផ្សារ​ថ្មី​ហ្នឹង។ ហេតុការណ៍​ហ្នឹង​កើត​ឡើង​បន្ទាប់​ពី​រៀន​រួច​មួយ ឬ​ពីរ​ថ្ងៃ។ ឡាន​មក​បួន​ប្រាំ​ថ្ងៃ​ម្ដង»

សក្ខីកម្ម​របស់​សាក្សី ផាន់ ហ៊ីម នៅ​មិន​ទាន់​ចប់​ទេ លោកស្រី​នឹង​បន្ត​ផ្ដល់​សក្ខីកម្ម​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។