ជប៉ុន​ផ្ដល់​លុយ​ជិត​១,៤​លាន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម

ដោយ ឡេង ម៉ាលី
2015.01.19
ខ្មែរ​ក្រហម ៦២០ ក្រុម​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មុន​ពេល​ចាប់​ផ្ដើម​ប្រកាស​សាលក្រម​សំណុំ​រឿង ០០២ វគ្គ​១ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។
Photo courtesy of ECCC

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ផ្ដល់​ថវិកា​វិភាគទាន​ថ្មី​ចំនួន​ជិត ១,៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (១.៣៨៥.៥៦៧) ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម។

ជប៉ុន​គឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​បំផុត​របស់​សាលា​ក្ដី​ខ្មែរក្រហម។ រួម​ទាំង​ការ​ប្រកាស​ថ្មី​នេះ​ផង ប្រទេស​ជប៉ុន បាន​ផ្ដល់​លុយ​វិភាគទាន​របស់​ខ្លួន​ដល់​សាលាក្ដី​ខ្មែរក្រហម​សរុប​ជាង ៨២​លាន​ដុល្លារ​ហើយ។ ចំនួន​នេះ គឺ​ស្មើ​នឹង ៣៦% នៃ​ថវិកា​ជំនួយ​សរុប​ដែល​សាលាក្ដី​ខ្មែរក្រហម​ទទួល​បាន​ពី​ម្ចាស់​ជំនួយ​ចាប់​តាំង​ពី​ពេល​ដែល​សាលាក្ដី​កូន​កាត់​ខ្មែរ-​អន្តរជាតិ​នេះ​មក​បង្កើត​ឡើង​មក។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ថវិកា​របស់​ជប៉ុន​នេះ នឹង​ជួយ​សម្រាល​ខ្ទង់​ចំណាយ​របស់​ភាគី​អន្តរជាតិ ដែល​ត្រូវ​ការ​ចំនួន​ជិត ២៣ (២២,៩) លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៥។ ដោយ​ឡែក​ខាង​ភាគី​ជាតិ ដែល​ត្រូវ​ការ​ចំនួន ៦​លាន​ដុល្លារ​ក្នុង​គម្រោង​ចំណាយ​របស់​ខ្លួន គឺ​នៅ​ខ្វះ​នៅ​ឡើយ ហើយ​ក៏​នៅ​រង់ចាំ​ការ​អនុម័ត​ខ្ទង់​ចំណាយ​ដែរ។

លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០១៤ ភាគី​ជាតិ និង​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ប្រើប្រាស់​ថវិកា​អស់​ចំនួន​ជិត ២០៥​លាន (២០,៦) ដុល្លារ​ហើយ។ ក្នុង​នោះ ភាគី​អន្តរជាតិ​ចំណាយ​អស់​ជាង ១៥០​លាន (១៥៤,៩) ដុល្លារ ហើយ​ភាគី​ជាតិ​ចំណាយ​អស់​ជិត ៥០​លាន (៤៩,៦) ដុល្លារ។

នៅ​ថ្ងៃ​ពុធ ទី​២១ មករា អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម គ្រោង​ធ្វើ​សវនាការ​របស់​ខ្លួន​លើ​សំណុំរឿង ០០២ វគ្គ ២ ជា​បន្ត​ទៀត បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល ២​សប្ដាហ៍ ដោយសារ​ជន​ជាប់​ចោទ ខៀវ សំផន ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។