ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ការ​ចោទ​ថា​ការ​ជម្លៀស​ប្រជាជន​ជា​អំពើ​ទាសភាព

ដោយ​ ឡេង ម៉ាលី
2017-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​ពេល​តុលាការ​កំពូល នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly
ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​ពេល​តុលាការ​កំពូល នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ចប់​សវនាការ​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២ វគ្គ ២ ហើយ នៅ​ថ្ងៃ​ទី​២៣ មិថុនា។ ថ្ងៃ​ចុង​ក្រោយ​នេះ ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ការ​ចោទ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា មិន​ដាក់​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​ទាសភាព​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ មុន​នឹង​បិទ​បញ្ចប់​ការ​ជំនុំជម្រះ​សំណុំរឿង ០០២ វគ្គ ២ នៅ​សាលាក្ដី​ខ្មែរក្រហម លោក ខៀវ សំផន ឆ្លើយ​តប​ថា ការ​ជម្លៀស​ពលរដ្ឋ​ឲ្យ​ទៅ​នៅ​ធ្វើ​ការ​តាម​សហករណ៍ មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ចង់​ដាក់​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​ទាសភាព​ទេ ប៉ុន្តែ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាម ហើយ​ក៏​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​ដែរ«មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា សង្ឃឹម​ថា​នឹង​កែប្រែ​ប្រទេស​យើង​ឲ្យ​ទៅ​ជា​ប្រទេស​កសិកម្ម​ទំនើប និង​មាន​ឧស្សាហកម្ម​ជា​បណ្ដើរៗ ដើម្បី​យើង​ទាំងអស់​គ្នា​មាន​ហូប​ចុក​គ្រប់គ្រាន់ និង​ឈាន​ទៅ​សម្បូរ​សប្បាយ​ជា​ជំហានៗ នេះ​ដែល​ជា​ការពិត»

សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​របស់​ជនជាប់ចោទ ខៀវ សំផន ក៏​ទាក់ទង​នឹង​សេចក្ដី​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​អ្នកស្រី ជា លាង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ដែល​អះអាង​ថា មាន​ភស្តុតាង​ហួស​ពី​មតិ​សង្ស័យ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាសភាព​នេះ«ទាំង នួន ជា និង ខៀវ សំផន ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ព្រហ្មទណ្ឌ​ចំពោះ​ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​នៅ​ក្នុង​សហករណ៍ និង​នៅ​តាម​ការដ្ឋាន​នានា​ដែល​ប្រជាជន​កម្ពុជា បាន​ទទួល​រង​នៅ​ក្នុង​របប​នោះ»

ជនជាប់ចោទ ខៀវ សំផន អះអាង​ថា ហេតុផល​ដោយសារ​ភាព​ចាំបាច់​ដោះស្រាយ​បញ្ហា​អត់​ឃ្លាន​​ដែល​ចោទ​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៥ ហើយ​លោក​ក៏​មិន​បាន​ដឹង​ពី​ទុក្ខសោក​ទាំង​ឡាយ​របស់​ពលរដ្ឋ​នៅ​តាម​សហករណ៍​ដែរ។ លោក​ដាក់​បន្ទុក​ឧក្រិដ្ឋកម្ម​ទាំង​នោះ​លើ​វៀតណាម ដែល​មាន​មហិច្ឆតា​វាតទី​លេប​ទឹក​ដី​កម្ពុជា។

ការ​បដិសេធ​របស់​ជនជាប់ចោទ ខៀវ សំផន រឿង​បង្ខំ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ធ្វើការ​តាម​សហករណ៍ ត្រូវ​បាន​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តែ​មិន​កែ​គំនិត និង​ទទួល​ស្គាល់​អំពើ​អសមត្ថភាព និង​ការ​ដឹកនាំ​បរាជ័យ​របស់​ខ្លួន«មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា មិន​បាន​សម្លាប់​ប្រជាជន​ឯង​ទេ! តើ​គេ​មាន​ផល​ប្រយោជន៍​អី​ទៅ​ធ្វើ​អ៊ីចឹង? នេះ​ជា​ការ​មួលបង្កាច់​របស់​វៀតណាម ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ឯង»

ទោះ​ជា​លោក​យល់​ស្រប​ថា ការ​បិទ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​វគ្គ​២ នៅ​ថ្ងៃ​ទី​២៣ មិថុនា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សំណុំរឿង ០០២ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា ពលរដ្ឋ​ស្ទើរ​គ្រប់រូប​បាន​គិត​ថា ការ​ជម្រះ​ក្ដី​ខ្មែរ​ក្រហម​បាន​ចប់​កាល​ពី​ឆ្នាំ​២០១៤ ហើយ គឺ​នៅ​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​ពីរ​ដាក់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​វគ្គ​ទី​១ ពី​បទ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក​ចាត់​ថា ជា​ភាព​វិជ្ជមាន​ដែល​ពលរដ្ឋ​បាន​ឃើញ និង​ចូលរួម​រក​យុត្តិធម៌​ផ្ដល់​មតិ​ទាំង​គាំទ្រ និង​រិះគន់។ ទាក់ទង​ការ​បដិសេធ​របស់​ជនជាប់ចោទ ខៀវ សំផន ថា​មិន​បាន​ដឹង​ពី​បញ្ហា​នៅ​សហករណ៍ លោក ឆាំង យុ ចាត់​ថា មេដឹកនាំ​ខ្មែរ​ក្រហម​ល្ងង់«ខ្ញុំ​យល់​ថា​គាត់​នៅ​តែ​មិន​យល់​ថា​ខ្លួន​ឯង​ជា​មេ​ដឹកនាំ​ម្នាក់​ដែល​អសមត្ថភាព ដែល​មិន​ចេះ​ដោះស្រាយ​បញ្ហា ដូចជា​ការ​ដាក់​បង្ខំ​គំនាប​ទៅ​លើ​ប្រជាជន​ខ្លួន​ឯង ដើម្បី​គាំទ្រ​គោល​នយោបាយ​របស់​ខ្លួន​ឯង ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្លួន​ឯង​ស្លាប់​បាត់បង់​ជីវិត។ បើ​សិន​គាត់​ជា​អ្នក​ដឹកនាំ​ដែល​មាន​សមត្ថភាព ដែល​យល់​ពី​សភាពការណ៍ គាត់​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​វិធី​ផ្សេង។ នៅ​ពេល​ដែល​កាត់​ស្រាយ​បញ្ហា​នៅ​ក្នុង​វិធី​នេះ បង្ក​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស គាត់​បែរ​ជា​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ ហើយ​មិន​ទទួល​ការ​ខុស​ត្រូវ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន​ឯង»

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រោយ​ការ​បិទ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៃ​សំណុំរឿង ០០២ វគ្គ​២ នេះ ក្រុម​ចៅក្រម​ជំនុំជម្រះ ដក​ថយ​ទៅ​ពិភាក្សា​គ្នា ហើយ​នឹង​សាលក្រម​នៅ​ពេល​សមស្រប​ណា​មួយ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ក្នុងនាមខ្ញុំក៍ជាជនរងគ្រោះដែលមានម្ដាយនិងប្អូនស្រីពៅអាយុទើបបីខែត្រូវខ្អែរក្រហមយកទៅសម្លាប់ ខ្ញុំនៅតែទទួលស្គាល់ថាតុលាការនេះអយុត្តិធម៍និងមិនមានប្រយោជន៍អ្វីប៉ុន្មានទេសំរាប់ពលរដ្ឋខ្មែរទូទៅ ជាពិសេសគ្រួសារខ្ញុំ ប៉ុន្តែតុលាការនេះបានផ្ដល់ផលប្រយោជន៍ច្រើនណាស់ដល់ក្រុមការងាររបស់តុលាការនេះ ក៏ដូចជាបណ្ដាប្រទេសដែលជាប់ពាក់ពាន់ ដែលនៅទីបញ្ចប់ខ្មែរហាក់ខំបញ្ចេញសមត្ថភាពថាខ្លួនចេះធ្វើការបានយ៉ាងល្អ។ ខ្ញុំធ្លាប់បានប្រាស្រ័យជាមួយជនបរទេសមួយចំនួនដែលពួកគេសួរថា តើតុលាការនេះបាននាំមកនូវអ្វីខ្លះដល់ខ្មែរ? ចុះបើទុកធនធានទាំងអស់នោះយកមកស្ថាបនាជាសមិទ្ធិផលផ្សេងៗដូចជា ស្ថាន ថ្នល់ ជាអនុស្សាវរីយ៍នៃរបបខ្មែរក្រហម ម៉្លេះសមខ្មែរទូទៅបានទទួលអត្ថប្រយោជន៍ខ្លះជាមិនខាន។ ផ្ទុយទៅវិញពួកចៅក្រម មេធាវី ក្រុមហ៊ុនបច្ចេកវិទ្យា ខ្លាយជាអ្នកមានបានដោយសារដំណើរការដ៍វែងអន្លាយដែលគេបានរៀបចំយ៉ាងល្អឥតខ្ចោះនេះ។ សូមនាំគ្នាបន្តអោយបានជក់ចិត្តដូចរឿងប៉ាវជិនតទៅទៀតចុះ!!!

Jun 24, 2017 12:45 PM

អ្នក​អាន​អនាមិក

ខ្ញំុបាទជាជនរងគ្រោះនិង ជាដើមបណ្តឹងម្នាក់ក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់នៅសាលាក្តីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ។ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញំុបានស្តាប់វិទ្យុដែលពួកខ្មែរក្រហមមិនទាន់ដកហូត បានឮផ្ទាល់ត្រចៀកនូវសេចក្តីប្រកាសរបស់លោកខៀវ សំផនថា ជាជ័យជំនះថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥គឺ៖ បានដោយការប្រយុទ្ធ...គ្រាន់តែឮពាក្យនេះ ខ្ញំុស្រឡាំងកាំងមិនដឹងទៅសួរអ្នកណាថា លោកខៀវ សំផន សម្តេចនរោត្តម សីហនុកាលនៅជាព្រះប្រមុខរដ្ឋបាប្រកាសតាមវិទ្យុជាតិថា លោកខៀវ សំផនបានស្លាប់បាត់ទៅហើយ បន្ថែមលើសពីនោះសម្តេចសីហនុបានដឹងថ្នូខ្នោចលោកខៀវ សំផនទៀតផង។
ដោយបានដឹងច្បាស់ថា មានសាលាក្តីកាត់ទោស មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ខ្ញំុខំកាត់ស្វែងដាក់ពាក្យប្តឹងកាត់ព្យុះភ្លៀង,ទិកកក ដើម្បីសួរថា តើលោកខៀវ សំផន ដែលរាជរដ្ឋាភិបាលចាប់មកសួរចំឡើយនៅសាលាក្តីនេះ ជាលោកខៀវ សំផនពិតឫ ជាខៀវ សំផនក្លែងកាយ? ។ ព្រោះនៅប្រទេសអាលីម៉ង់កាលនៅសង្គ្រាមលោក គេចាប់មេអីុត្លែបានហើយ ស្រាប់តែមានអីុត្លែម្នាក់ទៀតមកជំនួស ។ ខ្ញំសូមបញ្ជាក់ថា ខ្ញំុបាទក៏បានឮអ្នកទីក្រុងភ្នំពេញនិយាយតៗគ្នាថា៖ ពួកខ្មែរក្រហមគេសំុជម្លៀងប្រជាជនឲ្យចេញពីទីក្រុងភ្នំពេញត្រឹ៣ថ្ងៃទេ...តែនៅពេលនេះលោកខៀវ សំផនបដិសេធន៍ការចោទ...តើរឿងពិតនៅឯណា?៕

Jun 23, 2017 09:17 AM

គេហទំព័រ​ទាំងមូល