ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ការ​ចោទ​ថា​ការ​ជម្លៀស​ប្រជាជន​ជា​អំពើ​ទាសភាព

ដោយ​ ឡេង ម៉ាលី
2017.06.23
ខៀវ សំផន ២០១៦ ៨៥៥ ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​ពេល​តុលាការ​កំពូល នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ចប់​សវនាការ​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២ វគ្គ ២ ហើយ នៅ​ថ្ងៃ​ទី​២៣ មិថុនា។ ថ្ងៃ​ចុង​ក្រោយ​នេះ ជន​ជាប់​ចោទ ខៀវ សំផន បដិសេធ​ការ​ចោទ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា មិន​ដាក់​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​ទាសភាព​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ មុន​នឹង​បិទ​បញ្ចប់​ការ​ជំនុំជម្រះ​សំណុំរឿង ០០២ វគ្គ ២ នៅ​សាលាក្ដី​ខ្មែរក្រហម លោក ខៀវ សំផន ឆ្លើយ​តប​ថា ការ​ជម្លៀស​ពលរដ្ឋ​ឲ្យ​ទៅ​នៅ​ធ្វើ​ការ​តាម​សហករណ៍ មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ចង់​ដាក់​ពលរដ្ឋ​ឲ្យ​នៅ​ក្នុង​ទាសភាព​ទេ ប៉ុន្តែ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាម ហើយ​ក៏​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​ដែរ«មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា សង្ឃឹម​ថា​នឹង​កែប្រែ​ប្រទេស​យើង​ឲ្យ​ទៅ​ជា​ប្រទេស​កសិកម្ម​ទំនើប និង​មាន​ឧស្សាហកម្ម​ជា​បណ្ដើរៗ ដើម្បី​យើង​ទាំងអស់​គ្នា​មាន​ហូប​ចុក​គ្រប់គ្រាន់ និង​ឈាន​ទៅ​សម្បូរ​សប្បាយ​ជា​ជំហានៗ នេះ​ដែល​ជា​ការពិត»

សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​របស់​ជនជាប់ចោទ ខៀវ សំផន ក៏​ទាក់ទង​នឹង​សេចក្ដី​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​អ្នកស្រី ជា លាង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ដែល​អះអាង​ថា មាន​ភស្តុតាង​ហួស​ពី​មតិ​សង្ស័យ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាសភាព​នេះ«ទាំង នួន ជា និង ខៀវ សំផន ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ព្រហ្មទណ្ឌ​ចំពោះ​ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​នៅ​ក្នុង​សហករណ៍ និង​នៅ​តាម​ការដ្ឋាន​នានា​ដែល​ប្រជាជន​កម្ពុជា បាន​ទទួល​រង​នៅ​ក្នុង​របប​នោះ»

ជនជាប់ចោទ ខៀវ សំផន អះអាង​ថា ហេតុផល​ដោយសារ​ភាព​ចាំបាច់​ដោះស្រាយ​បញ្ហា​អត់​ឃ្លាន​​ដែល​ចោទ​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៥ ហើយ​លោក​ក៏​មិន​បាន​ដឹង​ពី​ទុក្ខសោក​ទាំង​ឡាយ​របស់​ពលរដ្ឋ​នៅ​តាម​សហករណ៍​ដែរ។ លោក​ដាក់​បន្ទុក​ឧក្រិដ្ឋកម្ម​ទាំង​នោះ​លើ​វៀតណាម ដែល​មាន​មហិច្ឆតា​វាតទី​លេប​ទឹក​ដី​កម្ពុជា។

ការ​បដិសេធ​របស់​ជនជាប់ចោទ ខៀវ សំផន រឿង​បង្ខំ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ធ្វើការ​តាម​សហករណ៍ ត្រូវ​បាន​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​តែ​មិន​កែ​គំនិត និង​ទទួល​ស្គាល់​អំពើ​អសមត្ថភាព និង​ការ​ដឹកនាំ​បរាជ័យ​របស់​ខ្លួន«មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា មិន​បាន​សម្លាប់​ប្រជាជន​ឯង​ទេ! តើ​គេ​មាន​ផល​ប្រយោជន៍​អី​ទៅ​ធ្វើ​អ៊ីចឹង? នេះ​ជា​ការ​មួលបង្កាច់​របស់​វៀតណាម ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ឯង»

ទោះ​ជា​លោក​យល់​ស្រប​ថា ការ​បិទ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​វគ្គ​២ នៅ​ថ្ងៃ​ទី​២៣ មិថុនា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សំណុំរឿង ០០២ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា ពលរដ្ឋ​ស្ទើរ​គ្រប់រូប​បាន​គិត​ថា ការ​ជម្រះ​ក្ដី​ខ្មែរ​ក្រហម​បាន​ចប់​កាល​ពី​ឆ្នាំ​២០១៤ ហើយ គឺ​នៅ​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​ពីរ​ដាក់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​វគ្គ​ទី​១ ពី​បទ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

លោក​ចាត់​ថា ជា​ភាព​វិជ្ជមាន​ដែល​ពលរដ្ឋ​បាន​ឃើញ និង​ចូលរួម​រក​យុត្តិធម៌​ផ្ដល់​មតិ​ទាំង​គាំទ្រ និង​រិះគន់។ ទាក់ទង​ការ​បដិសេធ​របស់​ជនជាប់ចោទ ខៀវ សំផន ថា​មិន​បាន​ដឹង​ពី​បញ្ហា​នៅ​សហករណ៍ លោក ឆាំង យុ ចាត់​ថា មេដឹកនាំ​ខ្មែរ​ក្រហម​ល្ងង់«ខ្ញុំ​យល់​ថា​គាត់​នៅ​តែ​មិន​យល់​ថា​ខ្លួន​ឯង​ជា​មេ​ដឹកនាំ​ម្នាក់​ដែល​អសមត្ថភាព ដែល​មិន​ចេះ​ដោះស្រាយ​បញ្ហា ដូចជា​ការ​ដាក់​បង្ខំ​គំនាប​ទៅ​លើ​ប្រជាជន​ខ្លួន​ឯង ដើម្បី​គាំទ្រ​គោល​នយោបាយ​របស់​ខ្លួន​ឯង ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្លួន​ឯង​ស្លាប់​បាត់បង់​ជីវិត។ បើ​សិន​គាត់​ជា​អ្នក​ដឹកនាំ​ដែល​មាន​សមត្ថភាព ដែល​យល់​ពី​សភាពការណ៍ គាត់​គួរ​តែ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​វិធី​ផ្សេង។ នៅ​ពេល​ដែល​កាត់​ស្រាយ​បញ្ហា​នៅ​ក្នុង​វិធី​នេះ បង្ក​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស គាត់​បែរ​ជា​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ ហើយ​មិន​ទទួល​ការ​ខុស​ត្រូវ​ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន​ឯង»

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រោយ​ការ​បិទ​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៃ​សំណុំរឿង ០០២ វគ្គ​២ នេះ ក្រុម​ចៅក្រម​ជំនុំជម្រះ ដក​ថយ​ទៅ​ពិភាក្សា​គ្នា ហើយ​នឹង​សាលក្រម​នៅ​ពេល​សមស្រប​ណា​មួយ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។