សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​សំអាង​ហេតុ​អំពី​ការ​លើកលែង​ការ​ចោទ​ក្នុង​សំណុំរឿង​០០៤​វគ្គ​១

ដោយ សេក បណ្ឌិត
2017-07-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ អ្នកស្រី អ៊ឹម ចែម។
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ អ្នកស្រី អ៊ឹម ចែម។
Photo courtesy of ECCC

សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម ចេញ​សេចក្ដី​សំអាង​ហេតុ​អំពី​ការ​លើកលែង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង ០០៤ វគ្គ ១។

សំណុំរឿង ០០៤ វគ្គ ១ នេះ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ឹម ចែម ឬ​ហៅ​ថា យាយ ចែម ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា បាន​បង្ហាញ​នូវ​សេចក្ដី​សំអាង​ហេតុ​សម្រាប់​ដីកា​ដំណោះស្រាយ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ អំពី​ការ​លើកលែង​ការ​ចោទ​ប្រកាន់ អ៊ឹម ចែម ដោយសារ​មិន​មាន​យុត្តាធិការ​បុគ្គល​គ្រប់គ្រាន់។

​ត្រង់​ចំណុច​នេះ មាន​ន័យ​ថា លោកស្រី អ៊ឹម ចែម មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ក៏​ជា​ជន​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​នោះ​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​មិន​មាន​យុត្តាធិការ​បុគ្គល​គ្រប់គ្រាន់​នេះ លោកស្រី​នៅ​តែ​​បន្ត​មាន​សិទ្ធិ​ទទួល​បាន​ការ​សន្មត​ថា គ្មាន​ទោស និង​មាន​សិទ្ធិ​ឯកជន​របស់​គាត់។

​ទោះ​យ៉ាង​ណា នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បញ្ជាក់​ថា ការ​លើកលែង​ការ​ចោទ​ប្រកាន់​ដោយ​ហេតុផល​មិន​មាន​យុត្តាធិការ​បុគ្គល​គ្រប់គ្រាន់​នេះ គឺ​មិន​មែន​មាន​ន័យ​ថា ជន​ត្រូវ​ចោទ​ពុំ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ណា​មួយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នោះ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ បង្ហាញ​ថា សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ បាន​មាន​យោបល់​ខ្វែង​គ្នា​លើ​ករណី​យាយ ចែម នេះ។ យោបល់​សហ​ព្រះរាជអាជ្ញា​ជាតិ​យល់​ថា អ៊ឹម ចែម មិន​មែន​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់ និង​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​ត្រូវ​កាត់​ទោស​នៅ​សាលាក្ដី​ខ្មែរក្រហម​ទេ។ ចំណែក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​យល់​ថា ទោះ​ជា​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា អ៊ឹម ចែម មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ក៏ដោយ តែ​គាត់​មាន​តួនាទី​នៅ​ភូមិភាគ​និរតី និង​មាន​តួនាទី​ជា​គណៈ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ធ្លាប់​សន្និដ្ឋាន​ថា អ៊ឹម ចែម ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​នោះ។ អ៊ឹម ចែម ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​កំបាំង​មុខ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥ និង​ស៊ើបសួរ​ដោយ​តុលាការ​ខ្មែរ​ក្រហម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យើងខ្មែរជនរងគ្រោះពី របបកម្ពូជាប្រជាធិបតេយ្យកុម្មុយនិស្ត+គំសំឡាប់មនុស្សដឹងតាំងពីដើមទីថា ករណីបន្តជំនុំជំរះលេខ០៣និង ០៤នេះមានការខ្វែងគំនិតគ្នាជាច្រើនលើកច្រើនសារវាងមន្ត្រីតុលាការខ្មែរនិង បរទេសអន្តរជាតិ, តែដោយមានការទទួលចង់បានពីមន្ត្រីអន្តរជាតិទាមទារខ្លាំងគឺ មន្ត្រីរាជរដ្ឋាភិបាលក៏បន្ធូសំរបតាមទៅ...ហើយជាលទ្ធផលប្រធានចៅក្រមខ្មែរត្រូវតែសំរេចអោយសម ទៅតាមការចង់បានរបស់រដ្ឋាភិបាលតែម្តងទៅ ។ ដូច្នេះ ត្រង់ថាយុត្តិធម៍ឫ អយុត្តិធម៍ប្រធានចៅក្រមតុលាការលោកមិនខ្វល់ទេ ព្រោះអំណាចនិងប្រាក់ខែរបស់លោកល្មមឆ្ងាញ់សើមបបូមាត់ដោយគ្មានអួលអាក់...ហើយបើយើងពិនិត្យពីប្រវត្តរូបលោកប្រធាចៅក្រមខ្មែរ ( និល ណុន ) លោកមានសញ៉ាប័ត្តពីស្រុកយួនហាណូយ, ប្រទេសយួនខាងជើង។ ដូច្នេះ លោកមិនហ៊ានថា ការកាប់សំឡាប់ដ៏ប្រល័យពូជសាសន៍ខ្មែរនេះ បណ្តាលមានខ្សែញ៉ាក់របស់យួនទេ ៕

Jul 11, 2017 10:15 PM

គេហទំព័រ​ទាំងមូល