លោក ហ៊ុន សែន រិះគន់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​វិញ

ដោយ ឡេង ម៉ាលី
2015.02.26
សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០ ទិដ្ឋភាព​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។
Photo courtesy of ECCC

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​កំពុង​កាត់​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ថា ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​ទៀត ព្រោះ​ចេះ​តែ​ពង្រីក​វិសាលភាព​សំណុំ​រឿង។

ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​សាលា​ក្ដី​ខ្មែរ​ក្រហម​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​មនុស្ស​ជាតិ ដើម្បី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​កាលានុវត្ត​ភាព​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក៖ «ដល់​ពេល​ចាប់​ផ្ដើម​កាត់​ទោស ចង់​ជ្រុល។ ពង្រីក​វិសាលភាព​ទៅ​ដល់​ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​វិញ។ វិសាលភាព​ចេះ​តែ​ពង្រីក។ រឿង​នេះ ត្រូវ​គិត​អំពី​សន្តិភាព អំពី​ជីវិត​មនុស្ស។ បើ​សង្គ្រាម​កើត​ឡើង​វិញ តើ​ប៉ុន្មាន​នាក់​ទៅ​ត្រូវ​ស្លាប់? ជីវិត​មនុស្ស​យើង​ដក​ពិសោធ​ហើយ។ ឥឡូវ​មនុស្ស​កំពុង​ស្លាប់​លើ​ពិភពលោក ដោយសារ​ទង្វើ​ខ្លះ​របស់​មនុស្ស​បង្កើត​ឡើង ហើយ​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​កើត​ឡើង។ តើ​រឿង​វា​ទៅ​យ៉ាង​ម៉េច?»

សន្និសីទ​អន្តរជាតិ​នេះ ឋិត​ក្រោម​ប្រធានបទ​ថា កម្ពុជា អាច​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​បង្ការ​អំពើ​ឃោរឃៅ​ក្នុង​តំបន់​អាស៊ាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​អំពើ​ឃោរឃៅ​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​ប្រល័យ​ពូជ​សាសន៍ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ហើយ​ក៏​រិះគន់​ដល់​អង្គការ​សហប្រជាជាតិ ដែល​នៅ​តែ​ទទួល​ស្គាល់​ក្រុម​ខ្មែរ​ក្រហម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា លោក​មាន​មោទនភាព​ដែល​លោក​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម ទប់ស្កាត់​ការ​វិល​ត្រឡប់ និង​នាំ​អតីត​មេ​ខ្មែរ​ក្រហម​មក​កាត់​ទោស។

ទាក់ទង​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​លើក​ឡើង​ដែរ​អំពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សាលា​ក្ដី​នេះ ព្រោះ​ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ចេះ​តែ​អស់ ហើយ​រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ចេញ​ថវិកា​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៖ «អង្គការ​សហប្រជាជាតិ​ពី​មុន​នេះ ជួយ​រក​លុយ​ឲ្យ​កម្ពុជា។ ឥឡូវ​ឆ្នាំ​កន្លង​ទៅ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ មក​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ចេញ​លុយ ក៏​បាន​ចេញ​អស់​មួយ​លាន ប្រាំ​បី​សែន។ បន្ទាប់​ទៅ​ឲ្យ​ចេញ​ឆ្នាំ​២០១៤។ ចេញ​អា​២០១៤ អស់​បី​ត្រី​មាស ដោយ​ថា​ខ្វះ​មួយ​ត្រី​មាស​ទៀត ជួប​គ្នា​នៅ ណៃពិដោ (ប្រទេស​មីយ៉ាន់ម៉ា) ថែម​ទៀត។ ឥឡូវ​ចប់​ហើយ ប៉ុន្តែ​អំពាវនាវ ព្រោះ​នីតិវិធី​តុលាការ​រឿង​វា​អ៊ីចឹង។ ឥឡូវ​កាន់​តែ​អស់​លុយ​ទៅៗ ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទេ ព្រោះ​ឲ្យ​កម្ពុជា ចេញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​ចេះ​តែ​កើន​ឡើងៗ»

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​រារាំង​កិច្ចការ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម។ អង្គការ​នេះ​លើក​ឡើង​អំពី​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ថា​គ្មាន​មេ​ដឹក​នាំ​ណា​ម្នាក់​ផ្សេង​ទៀត ត្រូវ​យក​មក​កាត់​ទោស​នោះ​ទេ ក្រៅ​ពី​ចំនួន​ដែល​បាន​កំណត់​សព្វថ្ងៃ​នេះ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ថា ការ​នាំ​សមាជិក​ខ្មែរ​ក្រហម​ណា​ម្នាក់​ទៅ​កាត់​ទោស​បាន លុះត្រា​តែ​មាន​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មុន​សិន។

អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បន្ត​ថា ព្រះរាជ​អាជ្ញា​អន្តរជាតិ​ព្យាយាម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ចំនួន ៥​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​ភាគី​កម្ពុជា ច្រាន​ចោល។ សហ​ព្រះរាជ​អាជ្ញា​បរទេស​លា​ឈប់​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ការងារ​របស់​ពួក​គាត់​ត្រូវ​បាន​រារាំង​ដោយ​ហេតុផល​នយោបាយ។

សព្វថ្ងៃ​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​កំពុង​កាត់​ក្ដី​លើ​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​នៅ​រស់​ពីរ​រូប​ក្នុង​សំណុំ​រឿង​លេខ ០០២ គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។