ស្ថានទូត​​អង់គ្លេស​នៅ​កម្ពុជា​ផ្សព្វផ្សាយ​វីដេអូ​ឯកសារ​ស្ដីពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ក្នុង​របប​ខ្មែរ​ក្រហម

ដោយ​ សុ ជីវី
2016.11.08
ដើម​បណ្ដឹង​រដ្ឋប្បវេណី ៦២០ អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម រៀបចំ​កិច្ច​ប្រជុំ​រវាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាង ២០០នាក់ និង​មេធាវី​សំណុំ​រឿង ០០២ នៅ​ថ្ងៃ​ទី៦ តុលា នៅ​រាជធានី​ភ្នំពេញ។
RFA/Leng Maly

ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា និង​ផលិតកម្ម​ខ្មែរ​មេគង្គ ​រំពឹង​ថា ខ្សែ​វីដេអូ​ឯកសារ​ថ្មី​មួយ​ជា​ប្រភេទ​កម្មវិធី​ទូរទស្សន៍​ឈ្មោះ​​ថា "ដល់​ពេល​ត្រូវ​និយាយ" នឹង​ជួយ​អោយ​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​យល់​ដឹង​ពី​ទោសទណ្ឌ​នៃ​ការ​បង្ខំ​រៀបការ និង​អំពើ​ហិង្សា​ផ្លូវភេទ​ក្នុង​របប​ខ្មែរ​ក្រហម។

ថ្លែង​នៅ​ក្នុង​ពិធី​ចាក់​បញ្ចាំង​កម្មវិធី​ទូរទស្សន៍នេះ​ ឯកអគ្គរាជទូត​​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ប៊ីល ឡងហ៊ើស (Bill Longhurst) អោយ​ដឹង​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ថា កម្មវិធី​នេះ​នឹង​បង្កើន​ចំណេះ​ដឹង​ដល់​សាធារណជន​ពី​ទំនាក់​ទំនង​រវាង​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​អ្វី​ដែល​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន៖ «យើង​ចង់​ជួយ​សាលាក្ដី​ខ្មែរ​ក្រហម​ ដើម្បី​ប្រាប់​ពី​រឿង​រ៉ាវ​​ដែលកំពុង​​កើត​មាន អ្វី​ដែល​កើត​ឡើង​ក្នុង​អតីតកាល។ ផ្ដល់​ឱកាស​អោយ​ជន​រងគ្រោះ​​​បាន​និយាយ​ពី​រឿង​រ៉ាវ​របស់​គេ និង​ជាពិសេស​​​កម្មវិធី​នេះ​ពិនិត្យ​ទៅ​លើ​បញ្ហា​​អំពើ​ហិង្សា​ផ្លូវ​ភេទ​​ដែល​ជា​កំពុង​កើត​មាន​នៅ​ជុំវិញ​ពិភពលោក​ក្នុង​បច្ចុប្បន្ន។ ខ្ញុំ​សង្ឃឹម​ថា បទពិសោធន៍​ដែល​បាន​ជួប​ប្រទះ​ក្នុង​ដំណើរការ​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​ជា​គំរូ​ដែល​អាច​យក​ទៅ​អនុវត្ត​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​អនាគត»

កម្មវិធី​ទូរទស្សន៍​រយៈពេល ២៥​នាទី ដែល​ផលិត​ដោយ​ផលិតកម្ម​ខ្មែរ​មេគង្គ​ បាន​រៀបរាប់​ពី​ការ​បំបែក​ភាព​ស្ងៀមស្ងាត់​ក្នុង​ចំណោម​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​​ដែល​ត្រូវ​បង្ខំ​រៀបការ និង​រង​អំពើ​ហិង្សា​ផ្លូវ​ភេទ។ ពួក​គេ​ភាគ​ច្រើន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០២។ លើស​ពី​នេះ​ខ្សែ​វីដេអូ​ក៏​បាន​បង្ហាញ​​ថា ការ​បង្ខំ​រៀបការ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​គឺ​ជា​បទឧក្រិដ្ឋ។

ផលិតករ លោក អូលីវីយេ វ៉ាន់ បុកស្ទែល (Olivier Van Bockstael) អោយ​ដឹង​ថា កម្មវិធី​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​នៅ​ចុង​ខែ​ធ្នូ។ ស្របគ្នា​នេះ​ក៏​មាន​កម្មវិធី​ផ្សព្វផ្សាយ​ទៅ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ជា​មួយ​អង្គការ​ដៃគូ​មួយ​ចំនួន។ លោក​រំពឹង​ថា ពលរដ្ឋ​​នឹង​បាន​ដឹង​ពី​ការ​លើក​យក​បញ្ហា​នៃ​ការ​បង្ខំ​រៀបការ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​មក​បញ្ចូល​ក្នុង​ដំណើរការ​ក្ដី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។