ក្នុងវ័យ ៦៩ឆ្នាំ សាក្សី អឿន តាន ដែលជាជនជាតិភាគតិចកាចក់ នៅខេត្តរតនគីរី ជាអតីតជានីរសារ ឬជាអ្នករត់សំបុត្រផង និងជាកងការពារផ្ទាល់ឱ្យមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម គឺ ប៉ុល ពត ផង ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។
នៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់១៩៧៩ សាក្សី អឿន តាន ធ្វើការជាអ្នករត់សំបុត្រ ឬហៅថា នីរសារ និងជាកងការពារនៅក្នុងបរិវេណមន្ទីរ ក១ ដែលជាមន្ទីរធ្វើការងាររបស់ ប៉ុល ពត។ ក៏ប៉ុន្តែ ក្នុងសវនាការលោកថ្លែងថា ក្នុងនាមជាអ្នករត់សំបុត្រ លោកមិនដឹងការងារច្រើនពីអ្នកដឹកនាំទាំងនោះទេ ព្រោះលោកមិនសូវចេះអក្សរ៖ «ខ្ញុំរៀបរាប់ជាបន្តបន្ទាប់ហើយថា ខ្ញុំមិនសូវទេការដឹកនាំ។ មិនដឹងគេដឹកនាំរឿងអី? មិនដឹងគេធ្វើ? ការងារគេដឹកនាំមិនសូវដឹងទេ។ ប៉ុន្តែចំណុចលោក អៀង សារី គាត់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គាត់នៅខាងក្រសួងការបរទេស។ ឯផ្នែក ខៀវ សំផន ខ្ញុំអត់ដឹងតួនាទីខាងអីទេ»។
សាក្សី អឿន តាន ថ្លែងថា មានមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមួយចំនួន ប្រជុំជាមួយ ប៉ុល ពត នៅមន្ទីរ ក១ ដែលក្នុងនោះមានជនជាប់ចោទ អៀង សារី នួន ជា សុន សេន និងមេភូមិភាគមួយចំនួនទៀត លោកមិនស្គាល់ឈ្មោះ។
សក្ខីកម្មសាក្សីរូបនេះ នៅមិនទាន់បញ្ចប់ទេ ហើយភាគីមេធាវីការពារក្ដីជនជាប់ចោទ នឹងសួរបន្ត នៅថ្ងៃទី១៤ មិថុនានេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។