សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​សាក្សី ឈ្មោះ នង សុផង់

នៅ​ថ្ងៃ​ទី ៤ សីហា នេះ អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរ​ក្រហម បន្ត​ស្ដាប់​សាក្សី ឈ្មោះ នង សុផង់ អតីត​ប្រធាន​ក្រុម​អ្នក​បកប្រែ​សារ​ទូរលេខ​សម្ងាត់ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ដោយ ឡេង ម៉ាលី
2012-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សវនាការ​រយៈ​ពេល ៥ ថ្ងៃ​កន្លង​មក​នេះ មាន​ឯកសារ​ជា​សារទូរលេខ​មួយ​ចំនួន ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​លើក​យក​មក​សួរ​សាក្សី នង សូផង់ ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន និង​ការ​ចាប់​ខ្លួន​ជា​ដើម។ ក៏​ប៉ុន្តែ​សាក្សី​បដិសេធ​ថា ឯកសារ​សារទូរលេខ​ដែល​លើក​យក​មក​សួរ​នេះ មិន​មែន​ជា​ឯកសារ​អង្គភាព​លោក​ទេ។

សាក្សី នង សូផង់៖ «បាទ! ចំពោះ​អង្គភាព​ខ្ញុំ គឺ​នៅ​ដើម​ខែ​មករា ឆ្នាំ ១៩៧៩ មុន​នឹង​ចេញ​មក គឺ​ខ្ញុំ​មិន​បាន​រក្សា​ទុក សូម្បី​តែ​ឯកសារ​មួយ​សន្លឹក​ក៏​គ្មាន​នៅ​ក្នុង​ហោប៉ៅ​ខ្ញុំ​ដែរ គឺ​ខ្ញុំ​ដុត​ចោល​ខ្ទេច​អស់​ហើយ។ អ៊ីចឹង​អ្វី​ដែល​អស់​លោក​យក​បាន​ការណ៍​សម្ងាត់​ទាំង​អស់​នេះ គឺ​ពុំ​មែន​ជា​អ្វី​ដែល​ខ្ញុំ និង​អង្គភាព​ខ្ញុំ ត្រូវ​ទទួល​ខុសត្រូវ​ទេ»។

សាក្សី នង សុផង់ ត្រូវ​បាន​ភាគី​សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សួរ​ដេញដោល​បញ្ចប់​អំពី​សារ​ទូរលេខ ដែល​ទាក់ទង​នឹង​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នៃ​មន្ទីរ ៨៧០ ដែល​មាន ប៉ុល ពត នួន ជា និង ខៀវ សំផន ជា​ដើម។

សាក្សី​ នង សុផង់ បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​ប្រធាន​អ្នក​បកប្រែ​សារ​ទូរលេខ លោក​ស្ថិត​នៅ​តែ​មួយ​កន្លែង​ទេ ហើយ​លោក​មិន​ដែល​ដឹង​ច្រើន​អំពី​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ ឬ​ការងារ​របស់​អ្នក​ទាំង​នោះ​ដែរ។ លោក​ក៏​មិន​ធ្លាប់​ឃើញ​ជន​ជាប់​ចោទ នួន ជា ខៀវ សំផន និង អៀង សារី ផ្ញើ​សារទូរលេខ​ទាក់ទង​គ្នា​ទេ ព្រោះ​អ្នក​ទាំង​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្រាប់។ លោក​ក៏​មិន​ធ្លាប់​បកប្រែ​សារ​ទូរលេខ​ក្រៅ​ប្រទេស​ដែរ។ លោក​ធ្លាប់​ទទួល​បាន​សារ​ទូរលេខ​របស់​ជន​ជាប់​ចោទ នួន ជា តែ​ម្ដង​គត់ គឺ​រឿង​ប្រជុំ​សភា។

សវនាការ​ស្ដាប់ និង​សួរ​ដេញដោល​សាក្សី នង សុផង់ ទើប​តែ​បាន​បញ្ចប់​ដោយ​ភាគី​សហ​ព្រះរាជអាជ្ញា និង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

សវនាការ​នៅ​ថ្ងៃ​ពុធ ទី ៥ សីហា អង្គ​ជំនុំជម្រះ នឹង​ផ្ដល់​វេទិកា​ឱ្យ​ទៅ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ទាំង ៣ ក្រុម​សួរ​ដេញដោល​សាក្សី​រូប​នេះ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល