សាក្សីឈ្មោះ នឹម សែម ក្នុងវ័យ ៥៩ឆ្នាំ ជម្រាបអង្គជំនុំជម្រះថា គាត់ចូលធ្វើបដិវត្តជាមួយបក្សកុម្មុយនិស្តកម្ពុជា នៅឆ្នាំ១៩៦៨ ហើយត្រូវបានគេជ្រើសរើសឱ្យចូលក្នុងក្រុមសិល្បៈថ្នាក់មជ្ឈិម។
សាក្សីជាប្រពន្ធរបស់លោក ខឹម លីន ហៅ កែន ជាប្រធានមន្ទីរនីរសារ និងជាកងការពារ ប៉ុល ពត ដែលក្រោយមក ត្រូវបក្សកុម្មុយនិស្តកម្ទេច ដូចកម្មាភិបាលដទៃទៀតដែរ។
ក្នុងសវនាការនៅថ្ងៃទី២៥ កញ្ញា នេះ សាក្សីត្រូវបានអង្គជំនុំជម្រះសួរដេញដោលអំពីរចនាសម្ព័ន្ធរដ្ឋបាល និងទំនាក់ទំនងការងាររបស់ក្រុមមេដឹកនាំខ្មែរក្រហម។
សាក្សីជម្រាបអង្គសវនាការថា លោកស្រីធ្លាប់អមដំណើរជាមួយមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដូចជា អៀង សារី និងខៀវ សំផន ទៅសម្ដែងសិល្បៈចំនួន ១៣ប្រទេស នៅក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក និងរបប លន់ នល់។ បន្ទាប់ពីនោះ ក្នុងឆ្នាំ១៩៧៤ លោកស្រី នឹម សែម ត្រូវបានជនជាប់ចោទ អៀង សារី បញ្ជូនឱ្យទៅច្រៀងប្រចាំវិទ្យុអ្នកតស៊ូ ដើម្បីឃោសនាបម្រើចលនាបដិវត្តខ្មែរក្រហម ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅទីនោះ មានជនជាប់ចោទ អៀង ធីរិទ្ធ ជាអ្នកគ្រប់គ្រង។
បើទោះជាសាក្សីរូបនេះ ពាក់ព័ន្ធនឹងជនជាប់ចោទ អៀង សារី ក្ដីក៏ជនជាប់ចោទរូបនេះ មិនបានចូលរួមស្ដាប់សក្ខីកម្មរូបនេះទេ ដោយសារតែគាត់មានបញ្ហាសុខភាព។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់កាលពីសប្ដាហ៍មុនថា ជនជាប់ចោទ អៀង សារី ត្រូវសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងអាចស៊ីរយៈពេល ១ខែ។
ជនជាប់ចោទ អៀង សារី បានសុំលះបង់សិទ្ធិស្ដាប់សាក្សីចំនួន ៧រូប និងដើមបណ្ដឹងរដ្ឋប្បវេណី ១រូប។ ក្នុងនោះក៏មានសាក្សី នឹម សែម ម្នាក់ដែរ។
ប្រធានចៅក្រមសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា សវនាការស្ដាប់សាក្សី លើកទៅធ្វើបន្តទៀត នៅថ្ងៃចន្ទ ទី១ ខែតុលាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។