ការថ្លែងរបស់លោក រចឹម ទន់ បែបនេះ គឺជាការបញ្ជាក់ផង និងជាការឆ្លើយតបវិញផង ចំពោះសក្ខីកម្ម ដែលផ្ដល់ដោយសាក្សីមុនៗ ឈ្មោះ សូ ហុង ដែលជាអគ្គលេខាធិការ នៃក្រសួងការបរទេស (ប១) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា បានលើកយកសេចក្ដីថ្លែងរបស់លោក សូ ហុង ដែលប្រាប់តុលាការថា សាក្សី រចឹម ទន់ ជាអ្នកទទួលខុសត្រូវផ្នែកសន្តិសុខ និងទទួលបញ្ជាផ្ទាល់ពីមនុស្សរបស់ ប៉ុល ពត ម្នាក់ឈ្មោះ ប៉ង់៖ «ចាប់តាំងពីខ្ញុំមកនៅក្រសួងការបរទេស មេទី១ របស់ខ្ញុំ គឺអ៊ំ អៀង សារី មេទី២ របស់ខ្ញុំ គឺបង សូ ហុង។ កិច្ចការអ្វីៗ ទាំងអស់ ទាល់តែគាត់ពីរនាក់នេះប្រាប់ខ្ញុំ ទើបខ្ញុំធ្វើ។ ខ្ញុំមិនដឹងយ៉ាងម៉េចទេ ប៉ុន្តែតាមគាត់អានអម្បាញ់មិញនេះ យោបល់របស់បង ហុង ហ្នឹង គាត់ដាក់មកលើខ្ញុំទាំងអស់ថា ខ្ញុំក្រោមបញ្ជារបស់ ប៉ង់។ ការពិត មិនមែនអ៊ីចឹងទេ។ ចំណុចនេះមិនមែនអ៊ីចឹងទេ។ គឺខ្ញុំទទួលពីខ្សែរបស់ខ្ញុំ ពីព្រោះអ៊ំ អៀង សារី គាត់ប្រាប់ខ្ញុំហើយថា ក្រសួងរបស់យើង កំពូលលើក្រសួងលើគាត់។ បន្ទាប់ពីគាត់ គឺ ហុង។ បន្ទាប់ពី ហុង គឺ ចៀម ឯង គឺអ៊ីចឹង»។
បញ្ហានេះ គឺទាក់ទងទៅនឹងការដែលសាក្សី រចឹម ទន់ យកមនុស្សចេញពីក្រសួងការបរទេស ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យនោះ៖ «អ្នកដែលទៅយកមនុស្សពី ប១ គឺអ្នកដែលដឹកជញ្ជូននោះ គឺខាងមន្ទីរ ៨៧០ គេដឹកជញ្ជូនមនុស្សពី ប១ ទៅណាខ្ញុំមិនដឹងទេ។ ដូចបង សូ ហុង ថាយកទៅ ស២១ ហ្នឹង គោលដៅដែលខ្ញុំមិនបានទៅ ស២១ នោះ ជាកន្លែងដែលខ្ញុំមិនបានដឹង បានជាខ្ញុំបដិសេធថា មិនបានដឹងទេ។ ឯរឿងយកទៅ កន្លែងយកទៅខ្ញុំឯកភាពហើយតើ»។
នៅក្នុងការទទួលខុសត្រូវផ្នែកសន្តិសុខរបស់សាក្សី រចឹម ទន់ មានកម្មាភិបាល និងបញ្ញាជនជាច្រើនរូប ត្រូវគេយកចេញពីក្រសួងការបរទេស ហើយបាត់រហូត។ នៅចុងឆ្នាំ១៩៧៨ អ្នកកាសែតបរទេសម្នាក់ ក៏ត្រូវគេសម្លាប់ដោយអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។
សាក្សី រចឹម ទន់ ក៏ជាមនុស្សដែល ប៉ុល ពត ទុកចិត្តឱ្យការពារសម្ដេចព្រះនរោត្ដម សីហនុ ពេលជម្លៀសនៅចុងឆ្នាំ១៩៧៨ ដែរ។
សវនាការស្ដាប់សក្ខីកម្មរបស់សាក្សី រចឹម ទន់ នឹងត្រូវធ្វើជាបន្ត នៅថ្ងៃទី២ សីហាទៀត។ ចៅក្រមប្រកាសឱ្យដឹងដែរថា ប្រសិនបើការស្ដាប់សាក្សីរូបនេះឆាប់ចប់នៅពេលព្រឹក អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មរបស់សាក្សីបម្រុងមួយរូបទៀត ដែលមានរហស្សនាមសម្ងាត់ថា TCW 694។ សាក្សី រចឹម ទន់ បញ្ជាក់ឱ្យដឹងថា សាក្សីបម្រុង TCW 694 ក៏ជាអ្នកធ្លាប់ធ្វើការនៅក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។