សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​សវនាការ​ស្ដាប់​សក្សី យន់ គីម

មុន​នឹង​បញ្ចប់​សវនាការ​ស្ដាប់​សាក្សី យន់ គីម នៅ​ថ្ងៃ​ទី​២០ មិថុនា ជន​ជាប់​ចោទ នួន ជា បាន​និយាយ​ថា សក្ខីកម្ម​របស់​សាក្សី​រូប​នេះ មាន​ការ​ពិត​ខ្លះ​ទាក់​ទង​ទៅ​នឹង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ទី​ក្រុង ដែល​ថា ដើម្បី​គេច​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក ការ​អត់​ឃ្លាន និង​សង្គ្រាម​ដណ្ដើម​គ្នា​ទៅ​វិញ​ទៅ​មក។
ដោយ ឡេង ម៉ាលី
2012-06-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប៉ុន្តែ​ចំណុច​ខ្លះ គាត់​ថា សាក្សី​រូប​នេះ​មិន​ដឹង​ហេតុផល​ច្រើន​ទេ ហើយ​បង្ហាញ​ថា ការ​ជម្លៀស​នោះ​មាន​ចេតនា​អាក្រក់​ទៅ​វិញ។

ជន​ជាប់​ចោទ នួន ជា បន្ត​ថា ការ​ជម្លៀស​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ មាន​ភាព​មិន​សមរម្យ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ជម្លៀស​ប្រជាពលរដ្ឋ នៅ​ឆ្នាំ​១៩៧៥៖ «យើង​ខ្ញុំ​ជា​អ្នក​ចាញ់​សង្គ្រាម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ។ ប៉ុន្តែ​សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​មិន​សមរម្យ បើ​ប្រៀប​ទៅ​នឹង​ការ​ជម្លៀស​នៅ​បន្ទាប់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទៅ​ទៀត។ ខ្ញុំ​សុំ​និយាយ​ដើម្បី​ប្រជាជន​ក្រីក្រ ដែល​ត្រូវ​បាន​ជិះជាន់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អាយុ​ជីវិត ដោយ​ពួក​អ្នក​មាន​លុយ មាន​បុណ្យ​សក្ដិ ដែល​កំពុង​ប្លន់​ដី​ធ្លី​ស្រែ​ចម្ការ»

ជន​ជាប់​ចោទ នួន ជា មាន​ចេតនា​ថ្លែង​បញ្ជាក់​បញ្ហា​ជម្លៀស​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត ក៏​ប៉ុន្តែ គាត់​ត្រូវ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ គឺ​លោក និល ណុន មិន​អនុញ្ញាត​ឱ្យ​បន្ត​ទេ ព្រោះ​អង្គហេតុ​ដែល​អង្គ​ជំនុំ​ជម្រះ​លើក​យក​មក​ពិភាក្សា​នៅ​ពេល​នេះ គឺ​ទាក់​ទង​នឹង​រចនា​សម្ព័ន្ធ​រដ្ឋបាល ដូច​ជា​សហករណ៍ និង​មន្ទីរ​ឃុំឃាំង​មួយ ឈ្មោះ គោក​ក្ដួច។

លោក និល ណុន៖ «យើង​មិន​ឱ្យ​និយាយ​អ្វី​ទៀត​ទេ​លោក នួន ជា។ ចប់​ត្រឹម​ហ្នឹង​ហើយ ករណី​បរិបទ​នេះ គឺ​មិន​ឱ្យ​លោក​បន្ត​ធ្វើ​សេចក្ដី​ថ្លែងការណ៍​អ្វី​ទៀត​ទេ។ វា​ខុស​នឹង​គោល​បំណង​នៃ​ការ​ស្ដាប់​សក្ខីកម្ម​ពាក់ព័ន្ធ​នឹង​សាក្សី​រូប​នេះ»

សាក្សី យន់ គីម ដែល​ជា​អតីត​គណៈ​សហករណ៍​ឃុំ​សំបូរ និង​ឃុំ​វឌ្ឍនៈ ខេត្ត​ក្រចេះ ក្នុង​របប​ខ្មែរ​ក្រហម បាន​បញ្ជាក់​ប្រាប់​តុលាការ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ពលរដ្ឋ​រស់នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់ នៅ​ក្នុង​សហករណ៍​វឌ្ឍនៈ និង​សហករណ៍​សំបូរ មិន​មាន​បញ្ហា​អ្វី​ទេ ទាំង​ម្ហូប​អាហារ ការ​ធ្វើ​ការងារ និង​ទាំង​ផ្នែក​សន្តិសុខ។

ទាក់​ទង​នឹង​ការ​អះអាង​របស់​សាក្សី យន់ គីម សហ​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង បាន​លើក​យក​សម្ដី​សាក្សី​មួយ​រូប​ផ្សេង​ទៀត មក​សួរ​បញ្ជាក់។ សាក្សី​នោះ​បាន​និយាយ​ថា ការ​រស់​នៅ​ក្នុង​សហករណ៍ ដែល​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក យន់ គីម គឺ​មាន​ការ​លំបាក។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា ដែល​លើក​ឡើង​ដោយ​សាក្សី​នោះ លោក យន់ គីម ថ្លែង​ថា អ្នក​ដែល​និយាយ​ដូច្នេះ គឺ​មាន​ភាព​មិន​ច្បាស់​លាស់៖ «ចម្លើយ​របស់​គាត់​នេះ គាត់​និយាយ​មិន​សូវ​ជា​ច្បាស់​លាស់​ប៉ុន្មាន​ទេ។ បើ​តាម​សម្ដី​របស់​គាត់ ទទួល​អត់​បាន​ទេ​ខ្ញុំ ហើយ​តា ខាំ នៅ​សហករណ៍​កែង​ប្រាសាទ សហករណ៍​ស្រែ​ខឿន​នេះ ដែល​គ្រប់​គ្រង​នៅ​កែង​ប្រាសាទ​នេះ គឺ​រូប​ខ្ញុំ​ហ្នឹង​តែ​ម្ដង»

សាក្សី យន់ គីម ត្រូវ​បាន​ខ្មែរ​ក្រហម​តែង​តាំង​ជា​គណៈ​ឃុំ និង​ជា​គណៈ​សហករណ៍ ចាប់​តាំង​ពី​ឆ្នាំ​១៩៧១ រហូត​ឆ្នាំ​១៩៧៩។

ក្រោយ​ការ​បញ្ចប់​សក្ខីកម្ម​របស់​សាក្សី យន់ គីម នៅ​ថ្ងៃ​ទី​២០ មិថុនា អង្គ​ជំនុំ​ជម្រះ បន្ត​ស្ដាប់​សាក្សី​មួយ​រូប​ទៀត ឈ្មោះ ខៀវ នៅ ដែល​ជា​ជន​បដិវត្ត​ខ្មែរ​ក្រហម​ម្នាក់ ក្រោម​ការ​គ្រប់​គ្រង​របស់​តា ម៉ុក នៅ​ខេត្ត​តាកែវ។ សក្ខីកម្ម​សាក្សី ខៀវ នៅ នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ទី​២១ មិថុនា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល